ភ្នំពេញ៖ រដ្ឋាភិបាល ចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបលើការអនុគ្រោះពន្ធកម្ពុជា ជាការចាប់បង្ខំឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងសមរភូមិ នៃភូមសាស្ត្រនយោបាយ។ ការប្រតិកម្មរបស់រដ្ឋាភិបាលនេះ ធ្វើឡើងក្រោយគណៈកម្មការអឺរ៉ុប បើកកិច្ចពិភាក្សាពីដំណើការព្យួរប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា (Everything But Arms) កាលពីថ្ងៃទី១១ កុម្ភៈ។
ផ្ដើមឃ្លាដំបូងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយពីចំណុចវិជ្ជមានរបស់សហគមន៍អឺរ៉ុប ដែលបានសហប្រតិបត្តិការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជា អស់រយៈពេល២ទសវត្សកន្លងមក ដែលប្រកបដោយផ្លែផ្កា។ ប៉ុន្តែផលវិជ្ជមានទាំងនេះ ស្រាប់តែធ្វើឲ្យរដ្ឋាភិបាលកម្ពុជាខកចិត្តទៅវិញនៅពេលនេះ ដោយសារគណៈកម្មការអឺរ៉ុប ចាប់ដំណើរការព្យួរជាបណ្ដោះអាសន្ននៃការអនុគ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុប។ សម្រាប់លោក ផៃ ស៊ីផាន ទង្វើរបស់សហភាពអឺរ៉ុប ហាក់ដូចជារុញកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងសមរភូមិសាស្ត្រនយោបាយពិភពលោក។
តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ កុម្ភៈ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«យើងជឿជាក់ថា ការសម្រេចចិត្តនេះ គឺមានទិដ្ឋភាពនៃហេតុផលនយោបាយនៅពីក្រោយ ដែលចាប់បង្ខំឲ្យកម្ពុជាបង្ខំឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងសមរភូមិ នៃភូមសាស្ត្រនយោបាយ។ កម្ពុជាការពារខ្លួនជាដាច់ខាតក្នុងជម្រើសជាតួអង្គបម្រើភូមិសាស្ត្រនយោបាយនេះ ទោះបីជាស្ថិតនៅក្នុងសម្ពាធជាយថាហេតុ នៃរូបភាពណាមួយក៏ដោយ»។
អមជាមួយឃ្លាខាងលើនេះ លោក ផៃ ស៊ីផាន ក៏មិនភ្លេចលើកពីភាពជូរចត់របស់កម្ពុជាក្នុងប្រវត្តិសាស្ត្រមុននឹងបន្តនិយាយពីគុណតម្លៃរបស់ប្រមុខរដ្ឋាភិបាល ដែលស្ដារសន្តិភាព និងឯករាជ្យភាពសម្រាប់ប្រទេសកម្ពុជាឡើងវិញ។ បើតាមលោក ផៃ ស៊ីផាន រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តកសាងរដ្ឋប្រជាធិបតេយ្យមួយ ដោយគោរពសិទ្ធិប្រជាពលរដ្ឋស្របតាមគុណតម្លៃ ប៉ុន្តែនីតិរដ្ឋ ដែលគ្មាននរណាម្នាក់នៅលើច្បាប់បានឡើយ ទោះបីជាសកម្មជននយោបាយ ឬជាសមាជិកនៃសង្គមស៊ីវិលក្តី។
«អាស្រ័យដូចនេះ ដំណើរការនៃបរិបទ EBA គ្រាន់តែស្ថិតនៅក្នុងភាពអន្តរកាលនៃការអភិវឌ្ឍប៉ុណ្ណោះ។ យើងជឿជាក់ថា ផលចំណេញប្រកបដោយភាពវិជ្ជមាន និងចីរភាពខ្ពស់ ដែលជាទំព័រប្រវត្តិសាស្ត្រខ្មែរថ្មីមួយទៀតរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានឱកាសការពារឯករាជ្យ អធិបតេយ្យភាព និងសេរីភាពពិតប្រាកដពីការជ្រៀតជ្រែក និងរំខានពីក្រុមអមិត្តជិតឆ្ងាយ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល។
កាលពីថ្ងៃទី១១ កុម្ភៈ គណៈកម្មការអឺរ៉ុប បានបើកកិច្ចប្រជុំពិភាក្សាពីដំណើរការនៃព្យួរប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោជិតកម្មករ»។
ចំណែកអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា ក៏បានអះអាងថា រដ្ឋាភិបាលខ្លួនក៏មានកង្វល់ដូចគ្នានឹងសហភាពអឺរ៉ុបដែរ ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ។
ដ្បិតបញ្ហាកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះក្តី ប៉ុន្តែសម្ដេច ហ៊ុន សែន បានសរសេរនៅហ្វេសប៊ុកខ្លួន ឆ្លើយតបដោយប្រយោលវិញថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ៕