អន្តរជាតិ
ប្រមុខ​ការទូត​វៀតណាម ទៅ​កូរ៉េខាងជើង​ដើម្បី​រៀបចំ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក គីម ជុង​អ៊ុន​
12, Feb 2019 , 4:17 pm        
រូបភាព
ប្រមុខការទូតវៀតណាម ផាម ប៊ិញមិញ ស្វាគមន៍សមភាគីកូរ៉េខាងជើង រី យ៉ុងហូ នាជំនួបនៅហាណូយក្នុងឆ្នាំ២០១៨ (រូបភាព VNA)
ប្រមុខការទូតវៀតណាម ផាម ប៊ិញមិញ ស្វាគមន៍សមភាគីកូរ៉េខាងជើង រី យ៉ុងហូ នាជំនួបនៅហាណូយក្នុងឆ្នាំ២០១៨ (រូបភាព VNA)
​ប្រមុខ​ការទូត​វៀតណាម ផាម ប៊ិ​ញ​មិញ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​កូរ៉េខាងជើង បន្ទាប់ពី​វៀតណាម​ត្រូវបាន​ជ្រើសរើស​ជាទី​តាំង​រៀប​ចំនួប​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​។ ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​វៀតណាម​នេះ ទំនងជា​បើកផ្លូវ​ដល់​ការធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​រដ្ឋធានី​ហាណូយ​ផងដែរ​។ លោក ផាម នឹង​ជជែក​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​លើ​រឿងនេះ​។​

 
​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ផាម ប៊ិ​ញ​មិញ និង​ជា​រដ្ឋមន្ត្រីការបរទេស បាន​ចាក​ចេញពី​ព្រលាន​យន្ត​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ព្យុងយ៉ាង​តាម​ជើងហោះហើរ Air Koryo ។ លោក ផាម បាន​ទៅដល់​ទឹកដី​ចិន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ មុននឹង​ចាកចេញ​នៅ​ប៉ុន្មាន​បន្ទាប់មក​។ ប្រតិភូ​វៀតណាម​អមដំណើរ​លោក ផាម មាន​ប្រធាន​ផ្នែក​ពិធីការ​នៃ​ក្រសួងការបរទេស និង​អ្នកសារព័ត៌មាន​វៀតណាម​មួយចំនួនទៀត​។  
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​សរសេរ​បង្ហោះ​លើ Twitter ថា ទស្សនកិច្ច​របស់លោក ផាម ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​កូរ៉េខាងជើង រី យ៉ុង​ហូ ។ មិនមាន​ព័ត៌មាន​ជាក់លាក់​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​វៀតណាម​ឡើយ ប៉ុន្តែ​អាចជា​ចរចា​ទាក់ទង​នឹង​គម្រោង​ជួបគ្នា​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​វៀតណាម ក៏ដូចជា​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក គីម ផង​។​
 
​តាមពិតទៅ មន្ត្រី​វៀតណាម និង​កូរ៉េខាងជើង ត្រូវ​ជួបគ្នា​នៅ​ទីក្រុង​ហាណូយ ដោយ​លោក គីម ឆាង​សុន មន្ត្រី​ជំនិត​លោក គីម ត្រូវ​ជជែក​ជាមួយ​មន្ត្រី​វៀតណាម​ជុំវិញ​ពិធីការ​ដើម្បី​ទទួល​មេដឹកនាំ​កូរ៉េខាងជើង​។ ប៉ុន្តែ​ក្រោម​ហេតុផល​សន្តិសុខ ទើប​មន្ត្រី​វៀតណាម​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ព្យុងយ៉ាង​ដើម្បី​ពិភាក្សាគ្នា​វិញ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​ផ្សាយ​ថា បន្ទាប់ពី​វៀតណាម និង​កូរ៉េខាងជើង​បញ្ចប់​ការជជែក​គ្នា ដល់​វេន​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​ជួបគ្នា​ម្ដង​។​
 
​ជុំវិញ​ការលេចឮ​ពី​គម្រោង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក គីម នៅ​វៀតណាម អ្វីៗ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​។ តែបើ​កើតឡើង​មែន ទស្សនកិច្ច​នេះ​អាច​កើតឡើង​មុន​ឬ​ក្រោយ​ជំនួប​រវាង​លោក គីម និង​លោក ត្រាំ នៅ​ថ្ងៃទី​២៧ ដល់ទី​២៨ ខែកុម្ភៈ​។ 
 
​ជិះ​យន្តហោះ​ចិន ឬ​យន្តហោះ​ខ្លួនឯង​?
 
​កាលពី​ជំនួប​ឆ្នាំ​២០១៨ ជាមួយ​លោក ត្រាំ នៅ​សិង្ហ​បុរី លោក គីម បាន​ជិះ​យន្តហោះ​របស់​ចិន Air China ដែល​មេដឹកនាំ​ចិន​ប្រើប្រាស់​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស មិនមែន​យន្តហោះ​ស៊េរី​ចាស់​របស់ខ្លួន​ឡើយ​។ សម្រាប់​ជំនួប​នៅ​វៀតណាម​ឆ្នាំ​២០១៩ នេះ​វិញ គេ​ក៏​មិនទាន់​ដឹងថា មេដឹកនាំ​កូរ៉េខាងជើង​នឹង​ប្រើប្រាស់​មធ្យោបាយ​អ្វី​ដែរ ហើយ​មានតែ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើដំណើរ ឬ​ពេលទៅដល់​ទឹកដី​វៀតណាម​ប៉ុណ្ណោះ ទើប​គេ​ដឹង​។​
 
​យ៉ាងណា បើ​គិតពី​ចម្ងាយ​វិញ លោក គីម អាច​ជិះ​យន្តហោះ​ពិសេស Chammae-1 បាន ព្រោះ​ចម្ងាយ​ពី​ព្យុងយ៉ាង​ទៅ​ហាណូយ​មាន​ចំនួន​ប្រហែល​២៧៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ប្រហាក់ប្រហែល​នឹង​ពាក់កណ្ដាល​នៃ​ចម្ងាយ​សរុប​រវាង​ព្យុងយ៉ាង​និង​សិង្ហ​បុរី​។ យន្តហោះ​ផ្ទាល់ខ្លួន​របស់លោក គីម ជា​ប្រភេទ Ilyushin-62M ផលិត​នៅ​សូ​វៀត ហើយ​ធ្វើដំណើរ​បាន​ចម្ងាយ​ជាង​មួយ​ម៉ឺន​គីឡូម៉ែត្រ​ដោយ​មិន​ចុះ​ចាក់​សាំង​ម្ដង​ទៀតឡើយ​។​
 
​ក្នុងករណី​គិតគូរ​ពី​សុវត្ថិភាព មេដឹកនាំ​កូរ៉េខាងជើង នឹង​នៅតែ​ជ្រើសរើស​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ដំណើរ​ទៅ​បរទេស​លើក​នេះ​ដដែល ខណៈ​យន្តហោះ Ilyushin-62M មិន​ធ្លាប់​ហោះ​ទៅ​ឆ្ងាយ​ឡើយ​។ លោក គីម ធ្លាប់​ជិះ​យន្តហោះ​ពិសេស​របស់ខ្លួន​ទៅ​ជួប​មេដឹកនាំ​ចិន ស៊ី ជិន​ភីង នៅ​ទីក្រុង​តា​លៀន​កាលពី​ខែឧសភា ឆ្នាំ​២០១៨ ប៉ុន្តែ​ពេល​ទៅកាន់​រដ្ឋធានី​ប៉េកាំង រថភ្លើង​ជា​ជម្រើស​ដំបូង​គេ​ទៅវិញ​។ 
 
​ពាក់ព័ន្ធ​ការធ្វើដំណើរ​នេះ មានមតិ​ខ្លះ​លើកឡើងថា លោក គីម អាច​នឹង​ជិះ​រថភ្លើង​ពី​កូរ៉េខាងជើង​ទៅ​វៀតណាម​ដែរ​។ ថ្វី​ដ្បិត​ត្រូវ​ចំណាយពេល​យូរ ការធ្វើដំណើរ​តាម​រថភ្លើង​មាន​សុវត្ថិភាព​ជាង​មធ្យោបាយ​តាមផ្លូវ​អាកាស ហើយ​ស្តង់ដា​ផ្លូវ​រថភ្លើង​កូរ៉េខាងជើង និង​វៀតណាម​ក៏​ដូចគ្នា​ដែរ​។ លោក គីម អ៊ី​ល​ស៊ុ​ង ជីតា​បង្កើត​លោក គីម ជុង​អ៊ុន បាន​ជិះ​រថភ្លើង​ឆ្លងកាត់​ទឹកដី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរលើក​ទៅ​វៀតណាម​ក្នុង​ទសវត្សរ៍​ទី​៥០ និង​ទី​៦០ ៕ 

Tag:
 ​វៀតណាម​
  អាមេរិក​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com