ដោយ៖ Matias Andres
កីឡាករគុនខ្មែរ ឡៅ ចិត្រា បានចាញ់កីឡាករមួយថៃ Superlek Kiatmoo9 ដោយពិន្ទុនាជំនួបក្នុងព្រឹត្តិការណ៍ ONE: Clash of Legends នៅទីក្រុងបាងកក នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
គ្រាន់តែជួងបន្លឺឡើងភ្លាម Superlek ស្ទុះចូលទៅរក ចិត្រា ហើយទាត់ជើងក្រោម ជាមួយនឹងកណ្តាប់ដៃផងដើម្បីដាក់សម្ពាធទៅដៃគូរបស់គេ។ ជំនួបបង្ហាញថា Superlek ពិតជាសាកសមជាម្ចាស់ពានរង្វាន់ពីរដងប្រចាំ Lumpinee Stadium Muay Thai World Champion ប្រាកដមែន។
ភាគីថៃបន្តវាយបណ្តាក់លើចិត្រា ឥតឈប់ឈរជាមួយការប្រើជើងកាប់ធ្ងន់ៗ និងដាល់ចំៗ ទោះយ៉ាងនោះក្តី ខាងភាគីកម្ពុជានៅតែអាចតស៊ូបានលួចចេញដៃ និងកាប់កែងទៅលើគូប្រកួតដែរ។
ក្រោយពីការប្រកួតនោះហើយ អ្នកប្រដាល់កម្ពុជា វ័យ១៩ឆ្នាំទទួលស្គាល់ថា Superlek ពិតជាខ្លាំងគួរឲ្យញរញើតណាស់។ តែក៏គួរឲ្យសរសើរ ចិត្រា ដែរ ដែលរូបគេអាចទ្រាំទប់ទល់បានទៅដល់បីទឹកជាមួយជើងឯកកម្រិតពិភពលោកម្នាក់នេះ។
ចិត្រា រៀបរាប់៖ «មុននឹងការប្រកួតចាប់ផ្តើម ខ្ញុំគិតថាខ្ញុំនឹងធ្វើឲ្យល្អ ហើយកម្លាំងខ្ញុំមាន អីផ្សេងក៏មានអស់ហើយ។ ប៉ុន្តែដូចចាញ់ក្បាច់គេតែម្តង គាត់រហ័សល្អណាស់»។
ចូលដល់ទឹកទី៣ ចិត្រា ចាប់ផ្តើមប្រឹងខ្លាំងអស់ពីខ្លួនរិះរកវិធីចូលវាយ ដើម្បីធ្វើយ៉ាងណាយកជ័យជម្នះមកមាតុភូមិឲ្យបាន ប៉ុន្តែដោយភាពរហ័សរហួនខ្លាំង និងការសម្រុកក៏ល្អពីដៃគូនោះ បានធ្វើឲ្យសភាពខ្លួនប្រាណគាត់ទទួលរងភាពឈឺចាប់ខ្លាំងពេលប្រកួត។
«ដៃខ្ញុំឈឺ និយាយទៅគេទាត់ធ្ងន់ ទាត់ទៅក្រឡកដល់មុខតែហ្មង។ ក្នុងចិត្តគិតថាទ្រាំ ហើយចង់ចូលវាយគេឲ្យសន្លប់ តែធ្វើទៅអត់បាន»
បន្ទាប់ពីការប្រកួតកម្មវិធី ONE Championship Super Series បានបញ្ចប់ ចិត្រា ឃើញថាមានស្មារតីល្អ ដោយសារមានការសរសើរពីសមត្ថភាពគាត់ច្រើន ព្រោះថាគាត់អាចទ្រាំទ្រទប់ទល់ជាមួយ Superlek បានដល់ចប់ទឹក។
ចិត្រា ដែលជាកីឡាករតំណាងក្លិប Cambodian Top Team ទោះត្រូវចាញ់ដោយពិន្ទុក្រោមដៃ Superlek ក្តី ក៏រូបគេនៅតែគោរពស្ញប់ស្ញែងភាគីថៃនេះដដែល។
«លើកទីមួយហើយ ដែលប៉ះគេល្អអីចឹង» ចិត្រា និយាយចប់ ហើយក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រនៅកម្ពុជាទាំងអស់ដែលបានស្រលាញ់ និងលើកទឹកចិត្តក្រោយការការប្រកួតក្នុងស្ថាប័នធំជាងគេលើពិភពលោកនេះ៕