កីឡាជាតិ
ជាតិ
AFF U22៖ កម្ពុជាឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្រោយឈ្នះមីយ៉ាន់ម៉ា ២-០ ខ្សែការពារ យ៉ើ សាហ្វី អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់កម្ពុជា បានយកឈ្នះមីយ៉ាន់ម៉ា ២-០ នាការប្រកួតលើកទីពីរនៅក្នុងពូល B នៃពានរង្វាន់ AFF U22 Championship នាល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ នេះ។ ជ័យជម្នះពីរលើកជាប់គ្នារបស់កម្ពុជា នាំឲ្យពួកគេឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វ័យប្រវត្តិក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខមួយក្នុងពូល បន្ទាប់ពីឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ២-២ ។
នៅនាទី១៥ ខ្សែការពារ Soe Moe Kyaw បានធ្វើឲ្យ ស៊ិន កក្កដា ដួលនៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែឱកាសនាំមុខរបស់កម្ពុជា បានខកខាន ដោយសារអ្នកចាំទី Phone Thitsar Min របស់ក្រុមភ្ញៀវ រារាំងការទាត់ប៉េណាល់ទីរបស់ អ៊ុក សុវណ្ណ បានយ៉ាងល្អ។
ប៉ុន្តែឈានដល់នាទី២៦ កម្ពុជានៅតែសម្រេចឱកាសនាំមុខលើមីយ៉ាន់ម៉ា ដែលសម្រេចបានដោយខ្សែការពារ យ៉ើ សាហ្វី។ ដល់នាទី៥០ សាហ្វី ទម្លាក់បាល់យ៉ាងល្អទៅឲ្យ ស៊ិន សុផាណាត់ ដើម្បីស៊ុតបញ្ចូលទីនាំមុខមីយ៉ាន់ម៉ា ២-០ និងជាលទ្ធផលនៃជ័យជម្នះ។
ជ័យជម្នះនេះ នាំឲ្យកម្ពុជាទទួលបាន៦ពិន្ទុពេញ ហើយធានាបានចំណាត់ថ្នាក់លេខមួយពូល B ដែលអាចជួប ថៃ ឬ វៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ម៉ាឡេស៊ី ដែលបានចាញ់កម្ពុជា ១-០ នៅថ្ងៃបើកឆាក បានតាមយកស្មើឥណ្ឌូណេស៊ី ២-២ សម្រាប់ការប្រកួតដំបូងនៅថ្ងៃនេះ។ ឥណ្ឌូណេស៊ីឈរលេខពីរបណ្តោះអាសន្ននៅក្នុងពូល ដោយមាន២ពិន្ទុ ខណៈម៉ាឡេស៊ី និងមីយ៉ាន់ម៉ា មាន១ពិន្ទុ។
ជម្រើសដំបូងរបស់ U22 កម្ពុជា៖ ហ៊ុល គឹមហ៊ុយ (អ្នកចាំទី), សឿត បារាំង, យ៉ើ សាហ្វី, ស៊ិន សុផាណាត់ (អ៊ន ចាន់ប៉ូលីន), អ៊ុក សុវណ្ណ, ម៉ាត់ សាក់រវី (ប្រាក់ ធីវ៉ា), ទេស សម្បត្តិ, ស៊ិន កក្កដា, ឃៀង ម៉េងហួរ, អ៊ិន សូដាវីដ, សៀង ចន្ធា៕
© រក្សាសិទ្ធិដោយ thmeythmey.com