ជាតិ
សង្គមជាតិ
ជប៉ុនផ្តល់ថវិកាជិត១លានដុល្លារ សម្រាប់ជួយដល់ សល្យសាស្ត្រកុមារ និងការបោសសម្អាតមីន រូបភាពពីស្ថានទូតជប៉ុនប្រចាំកម្ពុជា
× ភ្នំពេញ៖ ថវិកាជិត១លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់ជប៉ុន នឹងផ្តល់ជូនដល់អង្គការពីរ ដើម្បីអនុវត្តលើគម្រោង សល្យសាស្ត្រកុមារនៅខេត្តក្រចេះ និងគម្រោង បោសសម្អាតមីន នៅខេត្តកំពង់ធំ។
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាចំនួន ៩២៥,៦៣០ ដុល្លារអាមេរិក នឹងត្រូវបែងចែកជាពីរចំណែក។ ថវិកាចំនួន២៣៧,៦៦៦ដុល្លារអាមេរិក ត្រូវផ្ដល់ឲ្យអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា(FIDR) សម្រាប់អនុវត្តគម្រោងសល្យសាស្ត្រកុមារ នៅខេត្តក្រចេះ និងមួយផ្នែកទៀត ផ្ដល់ឲ្យអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS) នូវទំហំទឹកប្រាក់៦៨៧,៩៦៤ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង ផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីននៅក្នុងខេត្តកំពង់ធំ។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា យល់ឃើញថា គម្រោងសល្យសាស្ត្រកុមារនៅខេត្តក្រចេះ គឺជាការលើកកម្ពស់ទៅលើប្រព័ន្ធសល្យសាស្ត្រកុមារ តាមរយៈការបណ្តុះបណ្តាលបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ លើសពីនេះ អង្គការនឹងទាក់ទង ណែនាំដល់សហគមន៍ អ្នកជំងឺ និងគ្រួសារ ដើម្បីទទួលបានផ្នែកអប់រំសុខភាព។ ចំណែក គម្រោងបោសសម្អាតមីន គឺជាការរួមចំណែកមួយ ក្នុងការពង្រឹងសមត្ថភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ក្នុងការធ្វើឲ្យប្រទេសជាតិមានសុវត្ថិភាព។
ចាប់តាំងពីឆ្នាំ២០០២ ជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាជាង៣៦លានដុល្លារអាមេរិក លើគម្រោងចំនួន១១៧ ដែលគម្រោងនីមួយៗផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា៕
Tag:
ថវិកា
កុមារ
មីន
ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com