ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្ត​ញុាំ “​បង្គា​” ឬ​អត់​? គ្រឿង​សមុទ្រ​នេះ​ប្រសើរ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន​
05, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បង្គា គឺជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ដឹង ទោះបីជា​ឧស្សាហ៍​ទទួលទាន​យ៉ាងណាក៏ដោយ​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​នោះ បង្គា​ក៏​ជា​ប្រភេទ​នៃ​អាហារ​គ្រឿង​សមុទ្រ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ក៏ដូចជា​ជាតិ​រ៉ែ និង​អាស៊ីត​ខ្លាញ់​ចាំបាច់​សម្រាប់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ផងដែរ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការទទួល​ទាន​បង្គា ៖

១. បញ្ឈប់​បញ្ហា​សក់​ជ្រុះ​

​នោះ​ក៏​ព្រោះតែ​បង្គា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី ហើយ​កង្វះ​នៃ​ជាតិ​ស័ង្កសី​ជា​កត្តា​ចម្បង​បំផុត​មួយ​ដែរ​នៃ​បញ្ហា​ជ្រុះ​សក់​។ ដូច្នេះ​ចូរ​បន្ថែម​បង្គា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ឬ​បង្កើន​ការទទួល​ទាន​បង្គា ដើម្បី​ទទួលបាន​នូវ​ជាតិ​ស័ង្កសី​គ្រប់គ្រាន់​។​

២. បង្កើន​បរិមាណ​កោសិកា​ឈាមក្រហម​

​បង្គា គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ និង​សារធាតុចិញ្ចឹម​សំខាន់ៗ ក៏ដូចជា​ប្រូតេអ៊ីន​, វីតាមីន​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ រួមទាំង​ជាតិ​ដែក​ដែល​ធ្វើ​ឲ្យ​ការទទួល​ទាន​គ្រឿង​សមុទ្រ​នេះ អាចជួយ​រាងកាយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ហើយ​កោសិកា​ឈាមក្រហម​ដើរតួនាទី​ចាំបាច់​ណាស់​ក្នុង​រាងកាយ​មនុស្ស​ដោយ​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​គ្រប់​សរីរាង្គ​។​

៣. បង្កើន​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​

​បង្គា ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ iodine ដែល​ជួយ​រក្សា និង​បង្កើន​មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ហើយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ទាំងមូល​ក្នុង​រាងកាយ​។​

៤. រក្សា​សុខភាព​ឆ្អឹង​ល្អ​រឹងមាំ​

​បង្គា មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់ រួមបញ្ចូល​ទាំង​កាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, ស័ង្កសី​, ផូស្វ័រ និង​វីតាមីន D ដែល​ឆ្អឹង​ត្រូវការ​ដើម្បី​រក្សាបាន​នូវ​ភាពរឹងមាំ ជៀស​ផុតពី​ជំងឺ​ពុក​ឆ្អឹង ក៏ដូចជា​ទប់ស្កាត់​ការបាត់បង់​ម៉ាស​នៃ​ឆ្អឹង​ផងដែរ​។​

៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​

​បង្គា មាន​ផ្ទុក​នូវ​អង់ស៊ីម​ដ៏​កម្រ​មួយ​ហៅថា fibrinolytic ដែល​ជួយ​ទប់ស្កាត់​ការ​កកឈាម ឬ​ស្ទះ​សរសៃឈាម​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ការទទួល​ទាន​បង្គា​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​គួរឱ្យកត់សម្គាល់​។ លើសពីនេះទៅទៀត បង្គា ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធិភាព​បង្កើន​សុខភាព​បេះដូង​, រក្សា​អត្រា​នៃ​ចង្វាក់បេះដូង និង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ផងដែរ​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​បង្គា ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​រ៉ែ​ជាច្រើន​ប្រភេទ​ដែល​ជួយ​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី ក៏ដូចជា​កាត់បន្ថយ​ការលូតលាស់​នៃ​ដុំ​សាច់​មហារីក​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com