ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា ការទទួល​ទាន “​ពោត​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​
06, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពោត ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ទទួលបាន​ការពេញនិយម និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ជា​អាហារសម្រន់​ដ៏​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពោត​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ល្អប្រសើរ និង​ជួយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​ផងដែរ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការទទួល​ទាន​ពោត ៖

១. លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​

​ពោត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ប្រយុទ្ធប្រឆាំង​ជាមួយ​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក​។ លើសពីនេះទៅទៀត ពោត ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ phenolic ដែលជា​ភ្នាក់ងារ​ប្រឆាំងនឹង​ជំងឺមហារីក ជាពិសេស​ជំងឺមហារីក​ថ្លើម និង​មហារីក​សុដន់ ដោយ​ទប់ស្កាត់​ការរីកលូតលាស់​នៃ​ដុំ​សាច់​។​

២. គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម​

​ពោត មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ phenolic phytochemicals ដែល​ជួយ​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំ​ងឹ​ទឹកនោមផ្អែម​បាន​យ៉ាង​ប្រសើរ​ដោយ​គ្រប់គ្រង​លើ​ការ​ស្រូបយក និង​បញ្ចេញ​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត ពោត ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ផងដែរ​។ ប៉ូ​តា​ស្យូ​ម​ជា​សារធាតុ​រ៉ែ​ដែល​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយចុះ និង​មាន​តុល្យភាព​។

ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម ហើយ​ចង់​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​នោះ ចូរ​បន្ថែម​ពោត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ឲ្យ​បាន​ទៀងទាត់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

៣. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​

​ពោត ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ និង​សម្រួល​ដល់​ដំណើរការ​នៃ​មុខងារ​ពោះវៀន ទប់ស្កាត់​អាកា​រៈ​ទល់លាមក ក៏ដូចជា​បញ្ហា​ពិបាក​រំលាយ​អាហារ​ផងដែរ​។​

៤. សុខភាព​បេះដូង​

​ពោត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate និង​ជាតិ​សរសៃ មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​កាត់បន្ថយ​សមាសធាតុ homocysteine និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​បង្កបញ្ហា​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។​

៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​

​ការទទួល​ទាន​ជាតិ​សរសៃ​ដែលមាន​ផ្ទុក​ក្នុង​ពោត​ជា​រៀងរាល់ថ្ងៃ ក៏​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។ លើសពីនេះទៅទៀត ការទទួល​ទាន​ពោត ឬ​អាហារ​ផ្សេងទៀត​ដែលជា​ប្រភព​នៃ​ជាតិ​សរសៃ ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ឫសដូងបាត​គួរឱ្យកត់សម្គាល់​។​

៦. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​

​ពោត មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​ចាំបាច់​ជួយ​ក្នុងការ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដែល​បណ្ដាលមកពី​កង្វះ​ជាតិ​ដែក​ក្នុង​រាងកាយ​ដោយ​បង្កើន​ការបង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​ថ្មី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com