ជាតិ
សង្គមជាតិ
ឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបជនបរទេសជំរិតទារប្រាក់តាមអុីនធឺណិត បានជិត៥០០នាក់
× ភ្នំពេញ៖ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ក្រាបជនបរទេសដែលជំរិតទារប្រាក់តាម Internet (VOIP) និងហ្គេមអនឡាញខុសច្បាប់១៤លើក ដែលចាប់មនុស្សបាន៤៨១នាក់។ ក្នុងនោះ មានភាគច្រើនជាជនជាតិចិន ដែលមានរហូតទៅដល់៤០៣នាក់ និងម៉ាឡេស៊ី៤៨នាក់។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
បើតាមរបាយការណ៍ដដែល ក្រៅពីការបង្ក្រាបជនបរទេសជំរិតទារប្រាក់តាមប្រព័ន្ធ VOIP ក៏បង្ក្រាបបានរកណីជួញដូរគ្រឿងញៀនចំនួន៣១លើកផងដែរ ជាមួយនឹងការចាប់ខ្លួនមនុស្សបាន៥២នាក់។ ក្នុងនោះជនជាតិឡាវមាន១៥នាក់ វៀតណាម១៤នាក់ ថៃ១០នាក់ ចិន៥នាក់ និងកូរ៉េ៣នាក់។
កាលខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចជាង១០០នាក់ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ រួមទាំងកម្លាំងពាក់ព័ន្ធផ្សេងទៀត បានចុះទៅបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន២៣៥នាក់ (ស្រី៣៦នាក់) ដែលបានប្រព្រឹត្តអំពើចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត នៅទីតាំង៤ផ្សេងគ្នា ក្នុងខេត្តតាកែវ៕
© រក្សាសិទ្ធិដោយ thmeythmey.com