ជាតិ
អាមេរិក​ផ្តល់ប្រាក់​២​លាន​ដុល្លារ​ដល់​CMAC សម្រាប់​សម្អាត​មីន​នៅ​ខេត្ត​ត្បូងឃ្មុំ​
06, Mar 2019 , 3:55 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុក លោក ហេង រតនា ប្រធាន CMAC
រូបភាពបានពីទំព័រហ្វេសប៊ុក លោក ហេង រតនា ប្រធាន CMAC
​ភ្នំពេញ​៖ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់ជំនួយ​២​លាន​ដុ​លា្ល​រ ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា​(CMAC) ដើម្បី​សម្អាត​មីន  នៅ​តំបន់​គោលដៅ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ថវិកា​ទាំងនេះ ត្រូវ​យកទៅអនុវត្ត​ការងារ​ក្នុង​រយៈពេល​មួយឆ្នាំ គឺ​ចាប់ពី​ថ្ងៃទី​១​មីនា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២៨ កុម្ភ​: ឆ្នាំ​២០២០​។​នេះ​បើតាម លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា​។​



​លោក ហេង រតនា បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​៥​មីនា​ថា វា​ជា​ឆ្នាំ​ទី​២​ហើយ ដែល​អាមេរិក​ផ្ដល់​ថវិកា​គាំទ្រ​សកម្មភាព​ដោះមីន​នៅ​កម្ពុជា តាមរយៈ​អង្គការ​NPA ។​

​កាល​ឆ្នាំ​ទី​១ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់ជំនួយ​១,៦​លាន​ដុល្លារ ដើម្បី​បោសសម្អាត​មីន លើ​ផ្ទៃដី​២,២០០​ហិច​តា នៅ​ខេត្ត​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​។​

​ទាក់ទង​នឹង​សកម្មភាព​បោសសម្អាត​មីន​នេះ សម្តេច ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា កម្ពុជា​ត្រូវការ​ថវិកា​ជាង​៤០០​លាន​ដុល្លារ​ទៀត សម្រាប់​ការ​បោសសម្អាត​មីន សំណល់​ជាតិ​ផ្ទុះ និង​គ្រាប់បែក នៅលើ​ផ្ទៃដី​ប្រមាណ​១៩៧០​គីឡូម៉ែត្រ​ក្រឡា ឱ្យអស់​នៅក្នុង​ឆ្នាំ​២០២៥ ។​
 
​គិត​មកដល់ពេលនេះ កម្ពុជា បាន​រកឃើញ​និង​កម្ទេចចោល​គ្រប់​មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់​, គ្រាប់មីន​ប្រឆាំង​រថ​គ្រោះ​ជាង​២,៤​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ជាង​២,៧​លាន​គ្រាប់​។ ចំនួន​ប្រជាជន​ដែល​រងគ្រោះ បាន​ធា្ល​ក់​ចុះ​ពី​២៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​នៅត្រឹម​៥៨​នាក់ ក្នុង​ឆ្នាំ​២០១៨៕


Tag:
 គ្រាប់បែក​ចង្កោម​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com