ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៩ នឹងចាក់បញ្ចាំងភាពយន្តចំនួន១៣០ចំណងជើង មកពី៣៧ប្រទេស នៅទូទាំងពិភពលោក រួមមានភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតធំ ភាពយន្តឯកសារ ស្ដីពីបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងស្ដីពីរបបខ្មែរក្រហម ព្រមទាំងគំនូរជីវចល។ ក្នុងភាពយន្តទាំងនោះ ក៏មានភាពយន្តដែលទទួលបានពានរង្វាន់ទៀតផង។
លោក ជាប សុវិជ្ជា នាយកនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា(CFC) បានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលរៀបចំកម្មវិធីនេះឡើង ដើម្បីជំរុញវិស័យភាពយន្តនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន។ លោកសង្កត់ធ្ងន់ថា ភាពយន្តដែលទទួលបានពានរង្វាន់ទាំងភាពយន្តខ្មែរនិងបរទេស នឹងផ្ដល់ឱកាសឱ្យផលិតករវ័យក្មេង ដែលនៅស្ទើរបទពិសោធន៍ បានស្វែងយល់បន្ថែម។
នាយកនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញរូបនេះ បញ្ជាក់បន្ថែមថា ៖« មហោស្រពភាពយន្តនេះ បានអញ្ជើញផលិតករដែលមានស្នាដៃ មកចែករំលែកបទពិសោធន៍។ ដូច្នេះផលិតករកម្ពុជាដែលគាត់នៅក្មេងខ្ចីបទពិសោធន៍ គាត់អាចសិក្សាបន្ថែមពីផលិតករ និងពីភាពយន្តដែលបានជាប់ពានទាំងនោះ»។
ចំណែកលោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានផ្ដោតសំខាន់ទៅលើកម្មវិធី “ប្រឈមមុខនឹងការប្រល័យពូជសាសន៍" ៤ទសវត្សរ៍ក្រោយការដួលរលំ នៃរបបខ្មែរក្រហម ដែលជាប្រភេទភាពយន្តខ្នាតធំ ក៏ដូចជាភាពយន្តឯកសារស្ដីពីរបបប្រល័យពូជសាសន៍នៅកម្ពុជា។ ដ្បិតលោក មិនអាចកំណត់បានថាភាពយន្តដែលបញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ អាចផ្ដល់គំនិតអប់រំ ឬជាប្រយោជន៍បានកម្រិតណាក្តី តែលោកជឿជាក់ថា ភាពយន្តទាំងនោះ អាចជាគិតគំនិតពិចារណាសម្រាប់អ្នកទស្សនាចូលរួម។
«ការបញ្ចាំងភាពយន្តស្ដីពីរបបខ្មែរក្រហម ព្រោះយើងមិនចង់ឱ្យរបបនេះ ឬបញ្ហាស្រដៀងនេះកើតឡើងម្ដងទៀ។ ខ្ញុំមិនអាចនិយាយបានថា ភាពយន្តដែលយើងដាក់បញ្ចាំង នឹងផ្ដល់គុណប្រយោជន៍យ៉ាងណាដល់អ្នកទស្សនាទេ។ ខ្ញុំគ្រាន់តែដឹងថា ភាពយន្តស្ដីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងអាចឱ្យអ្នកមើលបានគិតពិចារណា និងរួមគ្នាដោះស្រាយបញ្ហានេះ»។ នេះជាការរំពឹងរបស់លោក ជា សុភាព។
ភាពយន្តកម្ពុជាដែលត្រូវចាក់បញ្ចាំងរួមមានរឿង «ហ្វ៊ូណន» ដែលជាប់ពានរង្វាន់ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី ឆ្នាំ២០១៨។ រឿង «ផ្នូរគ្មានឈ្មោះ» ក៏ជាភាពយន្តបេក្ខភាពពានរង្វាន់អូស្ការ ឆ្នាំ២០១៩ តំណាងកម្ពុជា នៅមហោស្រពភាពយន្តទីក្រុងវេនីស។ រឿង «តន្ត្រីជីវិត» (មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ) និងរឿង « The Prey» (មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន) ឆ្នាំ២០១៨។ ភាពយន្តពិសេសក្នុងមហោស្រពនេះ ទាក់ទងការ ប្រឈមមុខនឹងការប្រល័យពូជសាសន៍ ៤ទសវត្សរ៍ក្រោយការដួលរលំនៃរបបខ្មែរក្រហម ដែលនឹងបង្ហាញភាពយន្តខ្នាតធំ និងភាពយន្តឯកសារល្បីៗ ស្ដីអំពីរបបប្រល័យពូជសាសន៍នៅកម្ពុជា។
រីឯភាពយន្តបរទេសជាច្រើនត្រូវបានជ្រើសរើស និងសម្រិតសម្រាំងល្អឥតខ្ចោះ ដើម្បីបញ្ចាំងក្នុងមហោស្រពនេះ។ ភាពយន្តទាំងនោះមានមកពីប្រទេស ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ឥណ្ដូណេស៊ី ថៃ ឡាវ ឥណ្ឌា ជាដើម។ ហើយភាពយន្តគំនូរជីវចល ខ្នាតធំ ខ្នាតខ្លី សម្រាប់កុមារ និងវ័យជំទង់ មកពីជំវិញពិភពលោក។បន្ថែមពីនោះផលិតករភាពយន្តវ័យក្មេងកម្ពុជា ក៏នឹងបង្ហាញស្នាដៃថ្មីៗរបស់ខ្លួន តាមរយៈកម្មវិធី «ភាពយន្តខ្នាតខ្លីកម្ពុជា» ផងដែរ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តនៅថ្ងៃទី៩-១៤ ខែមីនា ចំនួន១៥០លើក នៅតាមរោងភាពយន្តមួយចំនួននៅរាជធានីភ្នំពេញ ដូចជារោងភាពយន្តលេជេន រោងភាពយន្តម៉េជ័រស៊ីណេផ្លិច រោងភាពយន្តប្រែមស៊ីណេផ្លិច មជ្ឈមណ្ឌលបុប្ផាណា សាលមហោស្រពចតុមុខ និងសណ្ឋាគាររ៉ូសវូដ៕