កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer៖ ការជឿជាក់​លើ​កូនក្រុម និង​ការណែនាំ​ល្អ​ដល់​ពួកគេ ទើប​Man Utd សម្រេចបាន​លទ្ធផល​នេះ​
07, Mar 2019 , 11:36 am        
រូបភាព
​លោក Ole Gunnar Solskjaer បានបង្ហាញ​ភាព​អស្ចារ្យ​តាមរយៈ​ការដឹកនាំ​ក្រុម Manchester United ក្នុងការ​វាយបក​យកឈ្នះ​ក្រុម​យក្ស​បារាំង Paris St-Germain ដើម្បី​ឈានទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League​។ Solskjaer ថា​នេះ​ជា​លទ្ធផល​ដែល​ស្របតាម​យុទ្ធសាស្ត្រ​របស់លោក និង​ជា​អ្វីដែល​លោក​បាន​ជឿជាក់​ពី​សមត្ថភាព​លេង​ក្រៅ​ដី​របស់​កូនក្រុម​។​



អត្ថបទទាក់ទង


Romelu Lukaku អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង មុនពេល​ខ្សែប្រយុទ្ធ Marcus Rashford សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី ដើម្បី​នាំ Man United យកឈ្នះ​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ៣-១ នា​ជំនួប​ជើង​ទី​២​។ កាលពី​ជើង​ទី​១ ក្រុម​ជើងឯក​បារាំង​បាន​យកឈ្នះ Man Utd ២-០ ដូច្នេះ​សរុប​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង​គឺ ៣-៣ ប៉ុន្តែ Man Utd អាច​ឈានទៅ​វគ្គ​បន្ត ដ្បិត​មានប្រៀប​លើ​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (away goal)​។​



​ក្រោយ​លទ្ធផល​ដ៏​អស្ចារ្យ​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ លោក Solskjaer ដែល​ធ្លាប់​ស៊ុត​១​គ្រាប់​ជួយ Man Utd ឈ្នះ​ពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ​កាលពី​ឆ្នាំ​១៩៩៩ បាន​និយាយ​ទាំង​ក្តីរំភើប​ថា​៖«​នេះ​ជា​ក្លិប​បាល់ទាត់​ដ៏​អស្ចារ្យ នេះ​ជា​អ្វីដែល​យើង​ធ្វើ​នៅ Champions League ហើយ​នេះ​គឺជា Man Utd»​។​

«​វា​ជា​រាត្រី​របស់ Man Utd យើង​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ព្រមទាំង​ជំនឿ​ចិត្ត​លើ​កូនក្រុម ហើយ​នេះ​ជា​អ្វីដែល​យើង​បាន​សង្ឃឹម​តាំង​ពីមុន​ការប្រកួត​។ គ្រប់គ្នា​មាន​មោទកភាព​ដ៏​ធំធេង​។ កីឡាករ​របស់​យើង​ពិតជា​អស្ចារ្យ​ណាស់ ពួកគេ​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការណែនាំ​ទាំងអស់​ដូចជា​ការហ្វឹកហាត់​ហើយ​នៅលើ​ទីលាន​ពួកគេ​ដឹងថា​យើង​ត្រូវតែ​ការពារ​និង​បង្កើត​ឱកាស​ឲ្យ​បានល្អ និង​ដោយ​គុណភាព​ខ្ពស់​»​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស វ័យ​៤៦​ឆ្នាំ​បន្ថែម​ដូច្នេះ​។​



​សម្រាប់​ក្រុម​រហ្សនាម​បិសាច​ក្រហម នេះ​ជា​លើក​ទី​១​ហើយ​ដែល​ពួកគេ​អាច​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ ការចាប់​ឆ្នោត​រើស​គូ​ក្នុង​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែមីនា ពោលគឺ​បន្ទាប់ពី​ការប្រកួត​វគ្គ​១៦​ក្រុម​ចប់សព្វគ្រប់​។​

​ក្រុម​ដែល​ឈានទៅ​ចាំ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​រួចហើយ​រួមមាន Man Utd, FC Porto, Ajax និង Tottenham Hotspur ខណៈ​៤​គូ​ទៀត​នឹងត្រូវ​ប្រជែង​គ្នា​ចុងក្រោយ​នៅ​ថ្ងៃទី​១២-១៣ ខែមីនា​៕


Tag:
 បាល់ទាត់​
  Ole Gunnar Solskjaer
  UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com