ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកស្រី យឹម សុធី​៖ ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅក្រៅ​ប្រទេស​បាន​ប្រាក់ខែ​សមរម្យ តែ​ជួប​បញ្ហា​ច្រើនជាង​ស្ត្រី​បម្រើ​ការងារ​នៅក្នុង​ស្រុក
09, Mar 2019 , 10:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅក្រៅ​ប្រទេស​អាច​រកចំណូលបាន​សមរម្យ តែ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាង​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅក្នុង​ស្រុក​ដែរ​។ នេះ​បើតាម​ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​។


 
​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅក្រៅ​ប្រទេស តែងតែ​ជួប​បញ្ហា​ផ្សេងៗ​ដូចជា ប៉ះទង្គិច​បញ្ហា​ផ្លូវចិត្ត និង​រង​អំពើហិង្សា​ពី​ម្ចាស់ផ្ទះ តាមរយៈ​ការបង្ខំ​ឲ្យ​ធ្វើការ​លើសពី​កម្លាំងកាយ និង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ជាង​ស្ត្រី​បម្រើ​ការងារ​នៅក្នុង​ស្រុក ។ អ្នកស្រី យឹម សុធី ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​បញ្ហា​នេះ បាន​និយាយថា មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​បម្រើ​ការងារ​ទាំងនោះ​ប្រឈម​នឹង​បញ្ហា ដោយសារតែ​ពួកគេ​មិនទាន់​ទទួលបាន​សេវា​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ ដែល​ផ្ទុយ​ពី​ស្ត្រី​បម្រើ​ការងារ​នៅក្នុង​ស្រុក ដែល​អាច​ទទួលបាន​សេវា​ណែនាំ និង​ការពារ​ពី​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ ។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បញ្ហា​ដែល​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅក្រៅ​ប្រទេស​ជួបប្រទះ​ជា​ញឹកញាប់​នោះ គឺ​ការចាញ់បោក​មេខ្យល់ និង​តែងតែ​ត្រូវបាន​ម្ចាស់ផ្ទះ​ដកហូត​លិខិតឆ្លងដែន​របស់​ពួកគេ ដោយ​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ត្រឡប់មក​ប្រទេស​ខ្លួនឯង​វិញ​បានឡើយ​។ ចំណែកឯ​ស្ត្រី​ដែល​បម្រើ​ការងារ​ក្នុងស្រុក ទោះបី​ពួកគេ​ជួប​បញ្ហា​ផ្សេងៗ​នោះ​ក៏ ពួកគាត់​អាច​ទៅ​ប្តី​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។​
 
​ត្រង់ចំណុច​នេះ​អ្នកស្រី យឹម សុធី ចង់​ឲ្យ​ស្ត្រី​គួរតែ​គិត​ឲ្យ​បាន​ម៉ត់ចត់ មុននឹង​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដ្បិត​វាទ​ទួលបាន​ប្រាក់ខែ​សមរម្យ​ជាង​ក្នុងស្រុក​ក្តី​។ «​ដើម្បី​ធានាបាន​សុវត្ថិភាព ស្ត្រី​គួរ​ណាស់​តែ​បម្រើ​ការងារ​នៅក្នុង​ស្រុក​។ ប្រសិនបើ​ពួកគេ​ខិតខំ​ធ្វើការ ស្មោះត្រង់​ទៀត​ណាស់ ច្បាស់​ណាស់​ម្ចាស់ផ្ទះ​នឹង​អាច​ដំឡើង​ប្រាក់​ឲ្យ​កាន់តែ​ខ្ពស់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគេ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សុធី​។​
 
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​៨៤៨៩​នាក់ ដែល​ក្នុងនោះ​ក៏មាន​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ ជាពិសេស​ពលករ​-​ពល​ការិនី ដែល​រងគ្រោះ​ពី​ការរំលោភបំពាន​នៅ​បរទេស ឲ្យ​បានធ្វើ​មាតុភូមិ​និវត្ត​វិញ​។ នេះ​បើតាម​របាយការណ៍​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​។​
 
​កន្លងមក​រដ្ឋាភិបាល ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដោយ​ស្នើ​ឲ្យ​ម្ចាស់​ប្រទេស​សាមី អនុវត្ត​ច្បាប់​ការពារ និង​គោរព​សិទ្ធិ​ពលករ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​ការរំលោភបំពាន​សិទ្ធិ​ការងារ​លើ​ពលករ​នេះ នៅតែ​កើតមាន​។​
 
​ទាក់ទង​នឹង​បញ្ហា​ស្ត្រី​បម្រើ​ការងារ​នៅតាម​ផ្ទះ​នេះ រដ្ឋាភិបាល​ក៏​កំពុង​រក​ដំណោះស្រាយ​សម្រាប់​ពួកគេ​ផងដែរ​។ ដ្បិត​មិនទាន់​ចែងច្បាប់​កំណត់​ក្តី តែ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ម្ចាស់ផ្ទះ​ទាំងអស់ គោរព​សិទ្ធិ​ការងារ​និង​មានការ​យោគយល់​ដល់​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ ដើម្បី​លុ​បំបាត់​វប្បធម៌​រើសអើង និង​ការរំលោភ​សិទ្ធិ​ការងារ​នៅក្នុង​សង្គម​។ ជាពិសេស​ម្ចាស់ផ្ទះ ត្រូវ​ផ្ដល់​ប្រាក់បៀវត្ស​ឲ្យ​បាន​ខ្ពស់​ដល់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់ ហើយ​អាច​រស់នៅក្នុង​ជីវភាព​សមរម្យ ។​
 
​ស្ត្រី​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​ទូទាំង​រាជធានី​-​ខេត្ត មាន​ជាង​២៥​ម៉ឺន​នាក់ ស្ត្រី​ទាំងនោះ​ធ្វើការ​ជា ស្ត្រី​មើលថែ​កូន បោសសំអាត​ផ្ទះ បោក​សំលៀកបំពាក់ ធ្វើ​ម្ហូប លាងចាន​ជាដើម​។ ខេត្ត​ដែលមាន​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​ច្រើនជាងគេ គឺ​ខេត្តពោធិ៍សាត់ កំពង់ធំ និង​ក្រចេះ ហើយ​ពួកគេ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​៥០​ឆ្នាំ​។ ស្ត្រី​មួយចំនួនទៀត ក៏បាន​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ធ្វើការ​ជា​អ្នកបម្រើ​តាម​ផ្ទះ​ផងដែរ​។ នេះ​បើតាម​របាយការណ៍​៕
 

Tag:
 យឹម សុធី​
 ​ការងារ​តាម​ផ្ទះ​
 ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com