អន្តរជាតិ
លោក វ៉ាង យី​៖ ចិន​សង្ឃឹមថា អឺរ៉ុប​នឹងមាន​នយោបាយ​ឯករាជ្យ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​
09, Mar 2019 , 11:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង។ (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង។ (រូបភាព Xinhua)
​ប្រមុខ​ការទូត​ចិន វ៉ាង យី នៅ​ថ្ងៃទី​៨ ខែមីនា បង្ហាញ​ក្ដី​សង្ឃឹមថា អឺរ៉ុប​នឹង​ប្រកាន់​ជំហរ​នយោបាយ​ឯករាជ្យ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក វ៉ាង មិនបាន​បញ្ជាក់ថា​ទេ អឺរ៉ុប​ត្រូវ​ឯករាជ្យ​ពី​ប្រទេស​ណា​ឡើយ តែ​គេ​ដឹង​ច្បាស់​ថា អាមេរិក​ជា​មុខសញ្ញា​តែម្ដង​។ បើតាម​រដ្ឋមន្ត្រី​រូបនេះ ចិន និង​សហភាព​អឺរ៉ុប​មាន​ចំណុច​ដូចគ្នា​ច្រើន ហើយ​ទំនាក់​ទំនងជា​មួយអង្គ​ការ​តំបន់​មួយ​នេះ ក៏​ជា​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​របស់​ចិន​ដែរ​។

 
​ទំនាក់ទំនង​ចិន និង​សហភាព​អឺរ៉ុប ស្ថិតក្នុង​ដំណាក់កាល​វិជ្ជមាន​។ នេះ​ជាការ​លើកឡើង​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី នា​សន្និសីទ​សារព័ត៌មាន​ក្រៅ​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​៨ ខែមីនា​។ ទោះ​ស្ថានភាព​ទូទៅ​នៃ​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាពល្អប្រសើរ​ក្ដី លោក វ៉ាង យី នៅតែ​សង្ឃឹមថា សហភាព​អឺរ៉ុប​នឹង​រក្សា​ផលប្រយោជន៍​វែងឆ្ងាយ​របស់ខ្លួន ហើយ​អនុវត្ត​គោលនយោបាយ​ជាមួយ​ចិន​ដែល​ឯករាជ្យ រឹងប៉ឹង និង​សម្លឹង​ទៅមុខ​។ 
 
​ការលើកឡើង​របស់លោក វ៉ាង យី ធ្វើឡើង ស្រប​ពេលដែល​អឺរ៉ុប​មានបំណង​ដើរ​តាម​អាមេរិក​ដែល​កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​ចិន​ជុំវិញ​ជម្លោះ​ពាណិជ្ជកម្ម​។ ជាមួយគ្នានេះ រដ្ឋ​អឺរ៉ុប​ខ្លះទៀត​ក៏​ប្រុង​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​អ៊ីនធឺណិត​ជំនា​ន់ទី​ប្រាំ (5G) ក្រោម​ហេតុផល​ថា ចិន​អាច​លួច​ព័ត៌មាន​សម្ងាត់​តាមរយៈ​ក្រុមហ៊ុន​នេះ​។ 
 
​លោក វ៉ាង ដែល​កាន់តំណែង​ទីប្រឹក្សា​រដ្ឋ​ផង​នោះ អះអាងថា ទំនាក់ទំនង​ចិន​-​សហភាព​អឺរ៉ុប មានការ​លូកលាន់​ពី​ខាងក្រៅ តែ​ចិន​សង្ឃឹមថា នឹងមាន​ការជជែក​គ្នា​កាន់តែច្រើន​ថែមទៀត​ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​ស្ថានការណ៍​ដែល​លេចឡើង​។ បើតាម​ទី​ភ្នា​ក់​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ប្រមុខ​ការទូត​ចិន​ក៏​និយាយ​ដែរ​ថា ចិន និង​សហភាព​អឺរ៉ុប​មាន​ចំណុច​ដែល​ត្រូវ​យល់ស្រប​គ្នា ច្រើនជាង​ប្រឆាំង​គ្នា ហើយ​ក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​សព្វថ្ងៃ ភាគី​ទាំងពីរ​គួរ​មាន​ជំហរ​រួម​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល លោក វ៉ាង ក៏​ប្រកាស​ពី​គម្រោង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ទៅកាន់​តំបន់​អឺរ៉ុប​។ បារាំង និង​អ៊ីតាលី ជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូង​របស់លោក ស៊ី ។ ប្រមុខ​ការទូត​ចិន​បញ្ជាក់ថា ទស្សនកិច្ច​របស់លោក ស៊ី ជាការ​បង្ហាញ​ពី​ការផ្ដល់​អាទិភាព​របស់​ចិន​លើ​អឺរ៉ុប ការគាំទ្រ​សមាហរណកម្ម​នៅ​ទ្វីបអឺរ៉ុប ហើយ​ចិន​ចង់ឃើញ​អឺរ៉ុប​មួយ​ខ្លាំងក្លា និង​មានការ​រួបរួម​។​
 
​ជុំវិញ​ព័ត៌មាន​ទាក់ទង​នឹង​អ៊ីតាលី​ដែល​ចង់​ចូលរួម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​នោះ លោក វ៉ាង ប្រកាស​ស្វាគមន៍ ហើយ​មិនមែន​តែ​អ៊ីតាលី​ឡើយ ចិន​ទទួល​ប្រទេស​អឺរ៉ុប​ទាំង​អស់ចង់​ចូលរួម​គម្រោង​មាន​ទឹកប្រាក់​មហាសាល​មួយ​នេះ​។ មុននេះ អាមេរិក​ក៏​ប្រាប់​ឲ្យ​អ៊ីតាលី​គិតគូរ​លើ​រឿងនេះ​ដែរ ដោយ​ប្រាប់ថា អ៊ីតាលី​មិន​ប្រាកដ​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​នៅឡើយ​៕
 

Tag:
 ចិន​
  សហភាព​អឺរ៉ុប​
  អាមេរិក​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com