ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវ​សិស្សស្រី ចាប់ផ្តើម​រៀន​ជំនាញ​សរសេរ​កូដ ដើម្បី​ជាដើម​ទុន​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​នៅ​ថ្ងៃ​អនាគត
09, Mar 2019 , 9:19 pm        
រូបភាព
រូបភាពពីក្រសួង​អប់់រំ យុវជន និង​កី​ឡា​
រូបភាពពីក្រសួង​អប់់រំ យុវជន និង​កី​ឡា​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​មុនគេ​បង្អស់​នៅ​កម្ពុជា​គឺ «Sister of Code»​សម្រាប់​ផ្តល់ឱកាស​ឲ្យ​សិស្សស្រី ដែល​រៀន​នៅតាម​វិទ្យាល័យ រៀន​ពី​របៀប​សរសេរ​កូដ ដែលជា​បច្ចេកវិជ្ជា​ទំនើប សម្រាប់​ជាដើម​ទុន​នៅ​ថ្ងៃ​អនាគត និង​ដើម្បី​ជំរុញ​ឲ្យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់តែ​ទំនើប​។

 
​ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​សាលារៀន​ជំនាន់​ថ្មី នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ យុវតី អិន អេ​ម​ពិសី​សុជាតា កំពុង​រៀន​ជំនាញ​សរសេរ​កូដ ដែលជា​ចំណង​ចំណូលចិត្ត​របស់​នាង​ផង​។ មុននឹង​ចុះឈ្មោះ​រៀន​ជំនាញ​នេះ សុជាត បាន​ចាប់អារម្មណ៍​ផ្នែក​បច្ចេកវិទ្យា​ទំនើបៗ​របស់​អ្នកវិទ្យាសាស្ត្រ​ជាច្រើន ដែលជា​ការជំរុញ​ទឹកចិត្ត​នាង​ចង់​ក្លាយជា​អ្នក​ដែល​បង្កើត​អ្វីដែល​ថ្មី​។ សុជាតា ជឿជាក់ថា កម្មវិធី​«Sister of Code» ដែលជា​កម្មវិធី​ថ្មីស្រឡាង​នេះ នឹង​អាច​នាំ​ផ្លូវ​ឲ្យ​នាង​សម្រេច​គោលបំណង ដែល​ចង់​ក្លាយជា​អ្នកបង្កើត Program ដើម្បី​ការពារ Website និង Application បាន​នៅ​ថ្ងៃ​អនាគត​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ យុវ​សិស្ស​ថ្នាក់​ទី​៨​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ខ្ញុំ​បាន​មើលឃើញ​ពី​បច្ចេកវិទ្យា​ទំនើបៗ​មក ខ្ញុំ​ចាប់ផ្តើម​ចង់​ក្លាយជា​អ្នកបង្កើត​អ្វីដែល​ថ្មី រួចមក​ខ្ញុំ​ក៏​ចាប់ផ្តើម​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ចៃដន្យ​សាលា​ក៏មាន​បើក​ជំនាញ​នេះ ខ្ញុំ​ក៏​ចាប់ផ្តើម​រៀន​សរសេរ​កូដ​នេះ​តែម្តង​»​។​
 
​ស្ថិតនៅក្នុង​បណ្ណាល័យ​សាលា​ជំនាន់​ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ យុវតី ញ៉ូ តូ​ម៉ា​នាថ ដែល​សិក្សា​ជំនាញ​សរសេរ​កូដ​នេះ បាន​និយាយថា ជំនាញ​មួយ​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​សិស្ស​ជំនាន់​ក្រោយ អាច​ចាប់យក​ផ្នែក​សរសេរ​កូដ​កាន់​តែមាន​សន្ទុះ​ខ្លាំង​ឡើង​។ យុវតី តូ​ម៉ា​នាថ ដែល​ធ្លាប់​បង្កើត​កម្មវិធី Game មួយ​ជោគជ័យ​កន្លងមកនេះ យល់ឃើញថា កម្មវិធី​របស់​ក្រសួង​អប់រំ​នេះ នឹង​ជួយ​ឲ្យ​ខ្លួន​មានការ​អភិវឌ្ឍ​កាន់​ខ្ពស់​បន្ថែមទៀត​។ «​លើកទឹកចិត្ត​ឲ្យ​យុវតី​ដទៃ​ដែលមាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នកសរសេរ​កូដ​ដ៏​ពូកែ គឺ​កុំ​ត្រូវ​បោះបង់​ក្តី​ស្រមៃ​របស់ខ្លួន ដោយ​ពុំ​ត្រូវ​គិតថា​ខ្លួន​ជាម​នុស្ស​ស្រី​មិនអាច​រៀន​ជំនាញ​នេះ​បាន គឺ​ត្រូវ​គិតថា​ជំនាញ​នេះ អ្នកណាៗ​ក៏​អាច​រៀន​បាន​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​យុវតី ញ៉ូ តូ​ម៉ា​នាថ​។​
 
​លោក ស​ម្យ កំសាន្ត នាយករង​នៃ​សាលា​ជំនាន់​ថ្មី បាន​និយាយថា ក្រោយពី​យុវ​សិស្សស្រី បាន​រៀន​ពី​របៀប​សរសេរ​កូដ​អស់​រយៈពេល​៣​អាទិត្យ​មកនេះ ពួកគេ​មាន​ភាពស្វាហាប់ និង​ខិតខំ​រៀនសូត្រ ដោយ​គ្មាន​នរណាម្នាក់​រួញរា​ក្នុង​ការរៀន​ជំនាញ​នេះឡើយ​។ លោក ស​ម្យ កំសាន្ត មាន​ក្តី​រំពឹងទុក​យ៉ាង​ម៉ុ​ត​មាំ​ថា ពួកគេ​ទាំងអស់នោះ​នឹង​អាចធ្វើ​ការងារ ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត​។ បើតាម​លោក ស​ម្យ កំសាន្ត កម្មវិធីសិក្សា​នេះ​បង្កើតឡើង​សម្រាប់តែ​សិស្សស្រី​អាច​ទទួលបាន​ចំណេះដឹង និង បញ្ចេញ​សមត្ថភាព​លើ​ជំនាញ​សរសេរ​កូដ​ប៉ុណ្ណោះ​។​
 
​លោកនាយក​រង​នៅ​សាលា​ជំនាន់​ថ្មី បាន​បញ្ជាក់ថា​៖«​យើង​មាន​បច្ចេកវិជ្ជា​ទំនើបៗ​ប្រើប្រាស់​ហើយ ប្រសិនបើ​យើង​ខ្វះ​ធនធាន​អ្នក​ដែល​ចេះ​ប្រើប្រាស់ ក៏​ការប្រើប្រាស់​អត់​មានតម្លៃ​ដែរ​។ ខ្ញុំ​ចង់​ឲ្យ​ក្រសួង​អប់រំ​ពង្រីក​វិសាលភាព​ផ្នែក​មុខវិជ្ជា​នេះ​នៅ​គ្រប់​វិទ្យាល័យ​ទាំងអស់ ដើម្បី​ឲ្យ​ពួកគេ​អាច​រៀនសូត្រ​ពី​បច្ចេកវិទ្យា​ឲ្យ​ទាន់សភាពការណ៍ នៅ​សតវត្ស​ទី​២១ រស់នៅ​ជាមួយ​បច្ចេកវិទ្យា ដែល​មនុស្ស​នឹង​ប្រើប្រាស់​នៅ​ថ្ងៃ​អនាគត​»​។ 
 
​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​និយាយថា មូល​ហេតុដែល​ក្រសួង​អប់រំ​រៀបចំ​កម្មវិធី​«Sister of Code» នេះ ដោយសារ​ឃើញ​វត្តមាន​សិស្សស្រី​នៅ​កម្ពុជា មិនទាន់​មានឱកាស​ក្នុង​ការរៀន​ពី​របៀប​សរសេរ​កូដ​ឲ្យ​វិសាលភាព ឆ្លើយតប​នឹង​កា​រវិ​វដ្ត​សម័យ​បច្ចេកវិទ្យា​នៅឡើយ​។ ដូច្នេះ​តាមរយៈ​កម្មវិធី​នេះ លោក​ជឿជាក់ថា សិស្សស្រី​ទាំងអស់ នឹង​អាច​យល់ដឹង​បន្ថែម​ពី​របៀប​សរសេរ​កូដ ដែលជា​បច្ចេកវិទ្យា​ទំនើប សម្រាប់​ជា​មូលដ្ឋានគ្រឹះ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ផងដែរ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​អប់រំ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់​លើកកម្ពស់​ឲ្យ​សិស្សស្រី​រៀន​ផ្នែក​វិទ្យាសាស្ត្រ​ឲ្យ​កាន់តែច្រើន ដោយសារ​ចំនួន​សិស្សស្រី​ដែល​យល់ដឹង​ពី​ផ្នែក​សរសេរ​កូដ​នេះ មាន​បរិមាណ​តិចជាង​សិស្ស​ប្រុស​។ ដើម្បី​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ទំនើប​នៅក្នុង​សង្គម​បច្ចុប្បន្ន យើង​នឹង​ជំរុញ​ឲ្យ​សិស្សស្រី មាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​រៀន​ពី​ការអភិវឌ្ឍ​Website ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​»​។ 
 
​ជា​ជំហាន​ដំបូង ក្រសួង​អប់រំ​ចង់​សាកល្បង​បើក​បង្រៀន​វគ្គ​នេះ ចំនួន​តែ​៦​ខែ​សិន ដោយ​រៀន​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃអាទិត្យ ហើយ​រៀន​រយៈពេល​២​ម៉ោង​កន្លះ​ក្នុង​មួយថ្ងៃ​។ កម្មវិធី​រៀន​ទើបតែ​អនុវត្ត​នៅ​វិទ្យាល័យ​ចំនួន​២ ដូចជា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​វិទ្យាល័យ ហ៊ុន សែន សេរីភាព​។ ប្រសិនជា​កម្មវិធី​នេះ​ជោគជ័យ ក្រសួង​នឹង​រៀបចំ​ឲ្យ​មានកម្ម​វិធី​នេះ កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀតផង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌី ខាំ​បូ​លី​។​
 
«Sister of Code» គឺជា​កម្មវិធី​ថ្មី​មួយ​បន្ថែម​លើ​មុខវិជ្ជា​សិក្សា​របស់​សិក្សា​នុ​សិស្ស​ដែល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ដែល​ក្រសួង​អប់រំ​នឹង​ផ្តល់ឱកាស​ឲ្យ​សិស្សស្រី​អាច​រៀនសូត្រ​បន្ថែម​ពី​របៀប​សរសេរ​កូដ​។ កម្មវិធី​នេះ អាច​អនុញ្ញាត​ឲ្យ​សិស្សស្រី​ដែលមាន​អាយុ​ចាប់ពី​១០​ឆ្នាំ ទៅ​១៨​ឆ្នាំ ទើប​មាន​សិទ្ធិមក​ចុះឈ្មោះ​ដោយ​រៀន​ឥតគិតថ្លៃ​។ ក្រសួង​អប់រំ បាន​សហការ​រួមគ្នា​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល IT Academy STEP Cambodia និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​(STEM) បង្កើត​កម្មវិធី​នេះ​ឡើង​៕
 

Tag:
 សិស្សស្រី​
  កូដ​
  បច្ចេកវិទ្យា​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com