ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
គម្រោង​អប់រំ​បេតិកភណ្ឌ បង្រៀន​ឱ្យ​អ្នកស្រុក​អង្គរ​ស្គាល់​តម្លៃ​បេតិកភណ្ឌ​ដែល​នៅ​ជុំវិញ​ពួកគេ​
10, Mar 2019 , 5:59 pm        
រូបភាព
​សៀមរាប​៖ គម្រោង​អប់រំ​បេតិកភណ្ឌ​នៅ​តំបន់​អង្គរ ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​គាំពារ​កេរ​មរតក សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ គម្រោង​នេះ បាន​អប់រំ និង​បណ្ដុះបណ្តាល​សិស្សានុសិស្ស នៅតាម​សាលាបឋមសិក្សា និង​ថ្នាក់​វិទ្យាល័យ តាម​សាលា​គោលដៅ​មួយចំនួន​ក្នុង​តំបន់​អង្គរ​។ គម្រោង​នេះ បាន​អប់រំ​សិស្សានុសិស្ស​ដែលមាន​កំណើត​ជា​អ្នកស្រុក​អង្គរ ស្គាល់​ពី​តម្លៃ​បេតិកភណ្ឌ និង​ថែរក្សា​តម្លៃ​នេះ​ឱ្យ​ស្ថិតស្ថេរ គង់វង្ស​តទៅ​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​គម្រោង​អប់រំ​បេតិកភណ្ឌ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១៨ តាមរយៈ​កិច្ចសហការ​រវាង​អង្គការ​គាំពារ​កេរ​មរតក និង​អាជ្ញាធរ​ជាតិ​អប្សរា​។ បច្ចុប្បន្ន​គម្រោង​នេះ កំពុង​អនុវត្តន៍​នៅតាម​សាលា​គោលដៅ​មួយចំនួន​ក្នុង​តំបន់​អង្គរ  រួមមាន​សាលាបឋមសិក្សា​ស្រះស្រង់ វិទ្យាល័យ​នគរធំ សាលាបឋមសិក្សា​រលួស និង​វិទ្យាល័យ​បាគង​។ គម្រោង​នេះ បង្រៀន​សិស្ស​បឋម នៅ​ថ្នាក់​ទី​៥ និង​ទី​៦ រីឯ​ថ្នាក់​វិទ្យាល័យ បង្រៀន​សិស្ស នៅ​ថ្នាក់​ទី​១០ និង​ទី​១១​។ 
 
​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ សិស្សានុសិស្ស​ក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ បាន​ចុះ​កម្មសិក្សា​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដើម្បី​ស្វែងយល់​ពីស​ម្ចុ​ច័យ​នានា​ក្នុង​សារមន្ទីរ​។ សិស្ស​ប្រមាណ ៥០​នាក់ បាន​ទស្សនា និង​ស្ដាប់​ការពន្យល់​យ៉ាង​យកចិត្តទុកដាក់ ដែល​មគ្គុទ្ទេសក៍​ក្នុង​សារមន្ទីរ​បាន​ពន្យល់​ពី​ប្រវត្តិ​ស​ម្ចុ​ច័យ​នីមួយៗ​។​
 
​លោក ខៀវ ច័ន្ទ គ្រូ​បណ្ដុះបណ្ដាល​គម្រោង​អប់រំ​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ដឹកនាំ​សិស្ស​ទស្សនកិច្ច​នៅពេលនោះ បានឱ្យដឹងថា ទស្សនកិច្ច​នៅពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការអប់រំ​បេតិកភណ្ឌ ដែល​ចង់បង្ហាញ​សិស្សានុសិស្ស​ពីស​ម្ចុ​ច័យ ឬ​បុរាណវត្ថុ​នានា ដែល​អ្នកស្រាវជ្រាវ​ជាតិ និង​អន្ដរជាតិ បាន​រកឃើញ​កន្លងមក និង​បាន​យកមក​រក្សាទុក​ក្នុង​សារមន្ទីរ​នេះ​។ សម្រាប់​លោក ខៀវ ច័ន្ទ វា​ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​សិស្ស​នុ​សិស្ស ស្គាល់​ពី​តម្លៃ​បេតិកភណ្ឌ​ទាំង​នៅក្នុង​ដី និង​ក្នុង​ទឹក តួយ៉ាង​ស​ម្ចុ​ច័យ​ដែល​អ្នកស្រាវជ្រាវ​រកឃើញ​កន្លងមក ភាគច្រើន​នៅក្នុង​ដី​។ ការណ៍​នេះ​បាន​បំផុសស្មារតី​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់ កុំឱ្យ​មានការ​ជីក​កកាយ​ដី​នៅ​តំបន់​អង្គរ​ផ្តេសផ្ដាស ដ្បិត​អាច​នឹង​ប៉ះពាល់​បុរាណវត្ថុ​ដោយ​អ​ចេតនា​។​
 
​ក្រៅពី​ការអប់រំ​ហើយ​នោះ គម្រោង​អប់រំ​បេតិកភណ្ឌ ក៏បាន​បង្រៀន​សិស្ស​ឱ្យ​ចេះ​ចូលរួម​ថែរក្សា ការពារ និង​អភិ​រក្សា​បេតិកភណ្ឌ​ផងដែរ ទាំង​បេតិកភណ្ឌ​រូបី និ​អរូបី​។ ក្នុង​គម្រោង​នេះ បាន​នាំ​សិស្ស​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រាសាទ កន្លែង​ជួសជុល ឬ​កន្លែង​ស្រាវជ្រាវ​មួយចំនួន​ក្នុង​តំបន់​អង្គរ ក៏ដូចជា​នាំមក​សារមន្ទីរ ដើម្បីឱ្យ​ពួកគេ​ស្វែងយល់​ពី​តម្លៃ​បុរាណវត្ថុ​ទាំងនោះ​។ បុរាណវត្ថុ ដែល​ត្រូវបាន​ថែរក្សា​យ៉ាង​យកចិត្តទុកដាក់ សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ទៅ​ថ្ងៃ​ខាងមុខ ក៏ដូចជា​តាំង​ជូន​ទេសចរ​បាន​ទស្សនា​ផងដែរ​។​
 
​ក្រោយពី​សិក្សា​បាន​ជាង​មួយឆ្នាំ​មកនេះ លោក ខៀវ ច័ន្ទ កត់សម្គាល់​ឃើញថា សិស្សានុសិស្ស​បាន​យល់ដឹង​ច្រើន​ទាក់ទង​នឹង​តម្លៃ​បេតិកភណ្ឌ ពិសេស​ពួកគេ​ចាប់ផ្តើម​បង្ហាញ​ពី​គោលបំណង​រៀងៗ​ខ្លួន​។ តាម​លោក ខៀវ ច័ន្ទ ក្រៅពី​ចង់ដឹង​កាន់តែច្រើន​ពី​តម្លៃ​បេតិកភណ្ឌ​ហើយ សិស្ស​មួយចំនួន​ចង់​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​តំបន់​អង្គរ ហើយ​អ្នក​ខ្លះទៀត ចង់​បន្ត​រៀន​ផ្នែក​បុរាណវិទ្យា ឬ​ស្ថាបត្យកម្ម នៅ​ថ្នាក់​មហាវិទ្យាល័យ​ជាដើម​។​


 
​សិស្ស​វិទ្យាល័យ​នគរធំ ដែល​បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ យុវ​សិស្ស គឹម​នី រៀន​នៅ​ថ្នាក់​ទី​១០ បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង ទៅនឹង​ដំណើរ​ទស្សនកិច្ច​នៅ​សារមន្ទីរ​។ យុវ​សិស្ស​រូបនេះ បានឃើញ​វាល​កប់ខ្មោច​នៅ​បារាយណ៍ទឹកថ្លា រូបចម្លាក់ រួម​និង​បុរាណវត្ថុ​ជាច្រើន​។ នេះ​ជា​លើក​ទី​១​ហើយ ដែល គឹម​នី បានមក​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ហើយ​គេ​បាន​កោតសរសើរ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ជាខ្លាំង ថា​ប៉ិនប្រសព្វ​បង្កើត​វត្ថុ​សិល្បៈ​ទាំងនោះ ដើម្បី​ជា​កេរ​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ មាន​រយៈពេល​២​ខែ​ហើយ ដែល គឹម​នី បាន​ចូលរួម​ជា​គម្រោង​អប់រំ​បេតិកភណ្ឌ ក្នុង​គម្រោង​នេះ​យុវ​សិស្ស​រូបនេះ បានដឹង​ពី​រចនាបថ​តាម​ប្រាសាទ​មួយចំនួន រួម​និង​ពិធីបុណ្យ​ដែលជា​ទំនៀម​អ្នកភូមិ មាន​ឡើង​មាឃ និង​ផ្លុំ​ក្រឡាន​ជាដើម​។​ល​។​
 
​រីឯ​យុវ​សិស្ស ទេព ទូច ក៏មាន​ចំណាប់អារម្មណ៍​មិន​អន់​ប៉ុន្មាន​ទេ ក្រោយ​ទស្សនកិច្ច​នៅ​សារមន្ទីរ​រួច​។ សម្រាប់​យុវ​សិស្ស ទេព ទូច គម្រោង​អប់រំ​បេតិកភណ្ឌ​បាន​បង្រៀន​គេ​ឱ្យ​យល់​ពី​ប្រវត្តិ​ប្រាសាទបុរាណ​ជាច្រើន ពិសេស​ដឹង​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​។ ទូច ថា បេតិកភណ្ឌ ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ខ្លួន ក៏ដូចជា​អ្នកភូមិ​ឯទៀត​។​
 
​គម្រោង​អប់រំ​បេតិកភណ្ឌ ពិត​ជាមាន​សារសំខាន់ និង​បានរួម​ចំណែក​អប់រំ​ពី​មូលដ្ឋានគ្រឹះ​បេតិកភណ្ឌ ដល់​អ្នក​ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់​ទាំងនោះ​។ លោក ខៀវ ច័ន្ទ ថា ប្រសិនបើ ពួកគេ​យល់​ពី​តម្លៃ​នេះ នោះគេ​នឹង​ខិតខំ​ការពារ និង​អភិរក្ស​តម្លៃ​នេះ​ឱ្យបាន​គង់វង្ស​ទៅមុខទៀត​៕






 

Tag:
 បេតិកភណ្ឌ​
 ​អង្គរ​
 ​សៀមរាប​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com