ភ្នំពេញ៖ អ្នកសារព័ត៌មានចំនួន១៨រូបដែលមកពី១២ស្ថាប័នផ្សេងៗគ្នា បានចូលរួមវគ្គបណ្តុះបណ្តាលដែលស្តីពី«បរិស្ថាន និងការប្រែប្រួលអាកាសធាតុ» ដែលរៀបចំឡើងដោយទូរទស្សន៍បារាំង CFI នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមីនា កន្លងមក។ ក្រោមការបង្រៀនពីសំណាក់លោក Florent Signifred ប្រធានគម្រោងនៃ CFI និងលោក Harry Surjadi អ្នកកាសែតឯករាជ្យជនជាតិឥណ្ឌូណេស៊ី សិក្ខាកាមយល់ដឹងកាន់តែច្បាស់ពីបញ្ហា «បរិស្ថាន និងការប្រែប្រួលអាកាសធាតុ» ដែលសាកលលោកកំពុងប្រឈម និងត្រូវរួមគ្នាដោះស្រាយ។
វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ បានធ្វើឲ្យអ្នកកាសែតខ្មែរ១៨នាក់ពីមកពីជាង១០ស្ថាប័នផ្សេងៗគ្នា កាន់តែចាប់អារម្មណ៍ខ្លាំងលើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ទឹកស្អាត ជាដើម។ បន្ថែមពីលើនេះ សិក្ខាកាម ក៏បានចុះស្វែងយល់ពីស្ថានភាពជាក់ស្តែងដែលពលរដ្ឋកំពុងជួបប្រទះ ផងដែរ។
រូប អ្នកសារព័ត៌មានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន និងការប្រែប្រួលបរិស្ថាន
លោក Florent Signifred ប្រធានគម្រោងរបស់ CFI បានគូសបញ្ជាក់ថា បន្ទាប់ពីអ្នកសារព័ត៌មានទាំងអស់បានរៀនវគ្គបណ្តុះបណ្តាលនេះរួច ពួកគេយល់ដឹងបន្ថែមអំពីការសរសេរព៏ត៌មានផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ អ្នកជំនាញបារាំងរូបនេះ ជឿជាក់ថា សិក្ខាកាមទាំង១៨រូប នឹងក្លាយជាអ្នកសារព័ត៌មានដែលអាចផ្សព្វផ្សាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ឲ្យកាន់តែទូលំទូលាយ។
រូប អ្នកសារព័ត៌មានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន និងការប្រែប្រួលបរិស្ថាន
សម្រាប់លោក Harry Surjadi អ្នកកាសែតឯករាជ្យជនជាតិឥណ្ឌូណេស៊ី និងជាគ្រូបង្រៀនវគ្គបណ្តុះបណ្តាលអ្នកកាសែតនេះផ្ទាល់ វគ្គបណ្តុះបណ្តាលនេះ ជាឱកាសឲ្យក្រុមអ្នកសារព័ត៌មានអាចជជែកវែកញែកពីបញ្ហាដែលកើតឡើងចំពោះបរិស្ថាន និងអាចជួបផ្ទាល់ជាមួយពលរដ្ឋដែលរស់នៅតាមដងទន្លេផងដែរ។ លោកក៏បានចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មានពីរបៀបរសរសេរព័ត៌មានបែបបរិស្ថាន និងបង្រៀនពីមូលដ្ឋានគ្រឹះក្នុងការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយជុំវិញបញ្ហាដែលទាក់ទងនឹងបរិស្ថាន។
រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ
កញ្ញា ជាវ សៀវហុង ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានធ្វើឲ្យនាងយល់ដឹងកាន់តែខ្លាំងពីកិច្ចការការងារជាអ្នកសារព័ត៌មាន។ ជាពិសេសនាងយល់ពីការចុះទៅយកព័ត៌មាន ជាមួយពលរដ្ឋ ដោយសារនាងជាអ្នកកាសែតដែលទើបតែប្រឡូកក្នុងវិស័យជាអ្នកសារព័ត៌មាន ភ្លាមៗនាងមិនអាចប្រមូលបានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ នាងទទួលបានបទពិសោធន៍ជាច្រើនពីរបៀបការសែ្វងរកមុំនៃរឿង ដើម្បីជាទុនមួយក្នុងការអភិវឌ្ឃជំនាញរបស់នាងឲ្យបានល្អប្រសើរនាថ្ងៃអនាគតផងដែរ។
រូប អ្នកសារព័ត៌មានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន និងការប្រែប្រួលបរិស្ថាន
លោក កែវ សុខា អ្នកយកព័ត៌មាននៅវិទ្យុស្ត្រី ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ បាននិយាយថា វាជាចំណេះដឹងថ្មីបន្ថែមទៀតសម្រាប់រូបលោក បានយល់ដឹងពីបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លោក កែវ សុខា ក៏ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តោតសំខាន់លើ កសិកម្ម របស់ទូរទស្សន៍បារាំង ម្តងរួចមកហើយ។ តាមរយៈវគ្គបណ្តុះបណ្តាលជាមួយលោកគ្រូដែលជាជនជាតិឥណ្ឌូនេស៊ីមក លោក សុខា ជឿជាក់ថា ខ្លួននឹងអាចផ្លាស់ប្តូរការគិតឲ្យមកស្រឡាញ់បរិស្ថាន ដើម្បីចូលរួមការពារបរិស្ថាន និងផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពីបរិស្ថាន និងការប្រើប្រាស់ទឹកស្អាតផងដែរ។
រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ
លោក ម៉ៅ សំណាង ក៏ជាអ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ បានប្រាប់ថា ខ្លួនក៏បានធ្លាប់សរសេររឿងដែលទាក់ទងនឹងបរិស្ថានផងដែរ គ្រាន់តែខ្លួនមិនទាន់យល់ច្បាស់ពីបញ្ហាដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានឲ្យទូលំទូលាយនៅឡើយទេ។ ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល និងចុះកម្មវិធីសិក្សាផ្ទាល់ លោក ម៉ៅ សំណាង បានយល់ពីរបៀបសង្កេតពីឥរិយាបថរបស់ប្រជាពលរដ្ឋដែលផ្សារភ្ជាប់ជាមួយបរិស្ថាន និងយល់ពីរបៀបរកមុំនែរឿងដែលទាក់ទងនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
រូប អ្នកសារព័ត៌មានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន និងការប្រែប្រួលបរិស្ថាន
ជាអ្នកសារព័ត៌មាននៅស្ថានីយទូរទស្សន៍ភីអិនអិន លោក ម៉ៅ សំណាង គិតថា បរិស្ថានគឺជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវតែការពារ។ លើសពីនេះ អ្នកសារព័ត៌មានក៏រឹតតែមានតួនាទីសំខាន់ផងដែរ ដើម្បីផ្សព្វផ្សាយបញ្ហាដែលទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្រាប់រូបលោកផ្ទាល់ នឹងចូលរួមចែករំលែកព័ត៌មានទាំងនោះ ដើម្បីឲ្យពួកគេអាចផ្លាស់ប្តូរគំនិតក្នុងការការពារបរិស្ថាន និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ
សូមបញ្ជាក់ថា ទូរទស្សន៍បារាំង CFI បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាចំនួន២ដងរួចមកហើយ លើកទី១ដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មានថ្មីៗនៅតាមបណ្តាខេត្ត កាលពីថ្ងៃទី៧ ដល់១១ ខែកញ្ញា នៅរាជធានីភ្នំពេញ។ លើកទី២ ដល់ក្រុមអ្នកសារព័ត៌មានដែលមកពីបណ្តាស្ថាប័នព័ត៌មានផ្សេងៗគ្នា នៅឯខេត្តសៀមរាប កាលពីថ្ងៃទី៧ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០១៨៕
រូបភាព ក្រុមអ្នកសារព័ត៌មានចុះទៅកម្មវិធីសិក្សាផ្ទាល់ ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ នៅកោះដាច់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ