ជាតិ
សិល្បះ
សមាគម​ភាពយន្ត​កម្ពុជា ស្នើ​ក្រសួង​វប្បធម៌​ឲ្យ​រឹតបន្តឹង​វិធាន​ការដែល​ដាក់ចេញ ដើម្បី​ការពារ​វិស័យ​ភាពយន្ត​ខ្មែរ​
23, Mar 2019 , 10:59 pm        
រូបភាព
លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា (រូបភាព៖ហ្វេសប៊ុកសមាគមភាពយន្តកម្ពុជា)
លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា (រូបភាព៖ហ្វេសប៊ុកសមាគមភាពយន្តកម្ពុជា)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមាគម​ភាពយន្ត​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ រឹតបន្តឹង​វិធានការ​នានា​ដែល​បាន​ដាក់ចេញ ទាក់ទង​នឹង​ការណែនាំ​ការចាក់​បញ្ចាំងភាពយន្ត​ខ្មែរ និង​វិធានការ​មួយចំនួនទៀត ដើម្បី​ការពារ​វិស័យ​ភាពយន្ត​ខ្មែរ និង​បញ្ចៀស​ទំនាស់​នៅក្នុង​វិស័យនេះ​។ ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​រោងភាពយន្ត បានអនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំងភាពយន្ត​ខ្មែរ​២​រឿង ក្នុង​សប្តាហ៍​តែមួយ​។​

 
​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២២ ខែមីនា សមាគម​ភាពយន្ត​កម្ពុជា ចាត់ទុក​ការ​បញ្ចាំងភាពយន្ត​ខ្មែរ​ក្នុង​សប្តាហ៍​តែមួយ​នេះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​ស្របតាម​ការណែនាំ​របស់​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ស្រប​ពេលដែល​ផលិតកម្ម​ភាពយន្ត​ខ្មែរ​មាន​ក្រោម​៤០​នៅឡើយ​។ 
 
​សកម្មភាព​នេះ ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ភាពយន្ត​ខ្មែរ ដែល​កំពុង​ជួប​បញ្ហា​ច្រើន​ស្រាប់ និង​ធ្វើ​ឲ្យ​មាន​វិវាទ​ផលប្រយោជន៍​នៅក្នុង​វិស័យ​ភាពយន្ត ទោះ​ជាមាន​កិច្ចព្រមព្រៀង​ពី​ភាគី​ផលិត​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​លិខិត​ដដែល ដោយបាន​បន្ត​ខ្លី​ដូច្នេះ​ថា​៖«​នេះ​ជា​សកម្មភាព​ដែល​គួរ​ចៀសវាង​»​។​
 
​បើទោះជា​សោកស្តាយ​ចំពោះ​សកម្មភាព​នេះ សមាគម​ភាពយន្ត​កម្ពុជា​នៅតែ​អំពាវនាវ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ និង​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រឹតបន្តឹង​វិធាន​ការដែល​បាន​ដាក់ចេញ​ទាក់ទង​នឹង​ការណែនាំ​ការចាក់​បញ្ចាំងភាពយន្ត​ខ្មែរ និង​វិធានការណ៍​មួយចំនួនទៀត​ដើម្បី​ការពារ​វិស័យ​ភាពយន្ត​ខ្មែរ ក៏ដូចជា​លទ្ធភាព​ដល់​ផលិតករ​បន្ត​ផលិតភាព​យន្ត និង​បញ្ចៀស​ទំនាស់​ក្នុង​វិស័យ​ភាពយន្ត​៕
 

Tag:
 ភាពយន្ត​
 ​ក្រសួង​វប្បធម៌​
 ​កុន​
© រក្សាសិទ្ធិដោយ thmeythmey.com