ជាតិ
សម្តេច ហ៊ុន សែន ហៅលោក លឺ ឡាយស្រេង ចូលស្រុកវិញ
× ភ្នំពេញ៖ ពីពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី១ មេសានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសហៅលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ចូលប្រទេសកម្ពុជាវិញ។ ការប្រកាសហៅនេះ ធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន បានឃើញការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ អំពីអតីតមន្ត្រីជាន់ខ្ពស់រូបនេះ ដែលអះអាងថា ខ្លួនចង់ចូលស្រុកវិញ ប៉ុន្តែភ័យខ្លាចអាជ្ញាធរចាប់ខ្លួន។
ថ្លែងចំពោះមុខនិស្សិតជាង៣ពាន់នាក់ និងមន្ត្រីរដ្ឋាភិបាលផងនោះ សម្ដេច ហ៊ុន សែន បានប្រកាសថា អាជ្ញាធរកម្ពុជា មិនមែនគម្រោងចាប់ខ្លួន លោក លឺ ឡាយស្រេង ដូចការលើកឡើងរបស់គាត់ឡើយ។ ហើយសម្តេចមិនមានរារាំងបំណងចូលកាន់កម្ពុជាវិញរបស់លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីកូតា គណបក្សហ៊្វុនស៊ិនប៉ិចនោះដែរ។
ក្រៅពីប្រកាសហៅនេះ សម្ដេច ហ៊ុន សែន បែរជាចាត់ទុកសម្តីលោក លឺ ឡាយស្រេង ជាការចោទប្រកាន់មកលើរដ្ឋាភិបាលទៅវិញ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បាននិយាយថា សម្តីរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ មានគោលបំណងចង់បំភាន់មតិសាធារណជាតិ និងអន្តរជាតិ ឲ្យមើលមករដ្ឋាភិបាលអាក្រក់ប៉ណ្ណោះ។ ជាមួយគ្នានេះសម្តេច រិះគន់វិញថា លោក លឺ ឡាយស្រេង មិនគួរតាំងខ្លួនជាព្រឹទ្ធាចារ្យនយោបាយនោះទេ។
© រក្សាសិទ្ធិដោយ thmeythmey.com