ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ ជា​ដួងព្រលឹង​ជាតិ​ដ៏​មានតម្លៃ ដែល​ស្ថាបត្យករ និង​ពលរដ្ឋ​ខ្លះ​មើលរំលង​
06, Apr 2019 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ខ្មែរ​មួយចំនួន​បាន​មើលរំលង​គុណ​តម្លៃ​វត្ថុ​ជា​ដួងព្រលឹង​ជាតិ ដែលមាន​តម្លៃ​កាត់ថ្លៃ​មិនបាន​។ ការមិន​ស្គាល់ ឬ​មិន​សិក្សា​ស្វែងយល់​ពី​សម្បត្តិ​វប្បធម៌​ដែល​ឆ្លុះបញ្ចាំង​នូវ​អត្តសញ្ញាណ​ជាតិ ធ្វើឱ្យ​ជន​នោះ​បាត់​ជំនឿ​លើ​ជាតិ​សាសន៍​ឯង​។ នេះ​ជាការ​លើកឡើង​របស់​យុវជន​ដែល​បាន​ចូលរួម​បាឋកថា​ស្ដីពី​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ នៅឯ​ពុទ្ធសាសនបណ្ឌិត្យ​កាលពីពេល​កន្លងទៅ​។​


 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​ការយល់ឃើញ​របស់​យុវជន សូម​ស្ដាប់​បទ​យកការណ៍​រប​ស់ក​ញ្ញា ប៉ូ សា​គុន ដូចតទៅ ៖



 
​សិក្ខាកាម​ប្រមាណ​៤០​អង្គ និង​នាក់​បាន​ទៅ​ចូលរួម​ស្ដាប់​បាឋកថា ពី​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ ក្នុង​កាលពីពេល​កន្លង​ទៅ​។ យុវជន​បាន​មើលឃើញថា ប្រជាជន​ខ្មែរ ក៏ដូចជា​ស្ថាបត្យករ​មួយចំនួន មិនបាន​យកចិត្តទុកដាក់​ស្រាវជ្រាវ​ក្បាច់រចនា លើ​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ​ពី​បុរាណ ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​ក្នុងការ​សាងសង់​ឡើយ​។ 
 
​លោក ទ្រី សេង​ហៀ​ង ជា​ស្ថាបត្យករ​មួយរូប​ដែល​បាន​ចូលរួម​ក្នុង​បាឋកថា​នេះ ឱ្យ​តម្លៃ​ស្ថាបត្យកម្ម​ខ្មែរ ជា​ផ្នែក​មួយ​តំណាងឱ្យ​ព្រលឹង​ជាតិ​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​មើលឃើញថា ខ្មែរ​មួយចំនួន បាន​មើលរំលង​គុណ​តម្លៃ​នេះ ៖«​ស្ថាបត្យកម្ម​តំណាងឱ្យ​ជាតិ​មួយ​ដែរ​។ បានន័យថា​គេ​គ្រាន់​មកដល់​ទឹកដី​យើង គេ​មើលឃើញ​ស្ថាបត្យកម្ម​បែបនេះ ឬក៏​ផ្ទះ​នេះ ប្រាសាទ​នេះ វត្ត​នេះ គេ​ដឹងថា​គេ​កំពុងតែ​ចូលដល់​ទឹកដី​ខ្មែរ​ហើយ​។ នេះ​ជា​អត្តសញ្ញាណ​មួយ​សំខាន់​ណាស់ ប៉ុន្ដែ​គេ​តែងតែ​មើលរំលង​។ បើ​ជាងសំណង់​វិញ គាត់​ធ្វើ​ឱ្យតែបានៗ ដូច​កំពូល​ម៉ែត្រ​មិន​វាស់​ទេ គ្រាន់តែ​ទៅ​ទិញ​ពី​គេ​មក​ដាក់​។ ជួនកាល​តួ​ផ្ទះ​ធំ តែ​កំពូល​ម៉ែត្រ​ខ្លី ជួន​កម្ពស់​ដំបូល​ធំ តែ​ដល់​ជហ្វា​ខុស​ខ្នាតតូច​ពេក​»​។  


 
​ស្ត្រី​ម្នាក់ទៀត​ដែល​ចូលរួម​ស្តាប់ បាឋកថា​នោះដែរ គឺ​អ្នកនាង អ៊ួ​ន កនិកា ក៏​លើក​ស្រដៀង​គ្នា​នេះដែរ​។ អ្នកនាង និយាយថា ដោយសារតែ​ការមិន​ឱ្យ​តម្លៃ​អ្វី​ដែលជា​របស់​ខ្មែរ ទើប​មិនមាន​គ្រឿង​ជំរុញ​ទឹកចិត្ត ឱ្យ​សិក្សា​ស្វែងយល់​ពី​វត្ថុ​ទាំងនោះ យូរៗ​ទៅ​ខ្មែរ​មិនដឹងថា​អ្វី​ជា​របស់ខ្លួន ហើយ​អ្វីខ្លះ​បរទេស​ចម្លង​ពី​ខ្មែរ​។ អ្នកនាង អ៊ួ​ន កនិកា ៖«​យើង​មាន​ក្បូរក្បាច់​សម្បូរបែប​ហើយ តែ​ពេល​យើង​បាត់បង់​។  ក្រោយមក​យើង​យក​របស់​ចាស់​មក​ប្រើ តែ​បែរ​ជាមាន​ពាក្យ​មួយ​គេ​ថា យើង​ចម្លង​តាម​ថៃ តែ​តាមពិត​ទាំងអស់នោះ​សុទ្ធតែជា​របស់​ខ្មែរ​។ សំណូមពរ​ទៅ​អ្នក​ទាំងអស់គ្នា ឈប់​គិតថា​សំណង់​ខ្មែរ​យើង​ហ្នឹង ចម្លង​មកពី​ថៃ​។ សិល្បៈ​គឺជា​ការចម្លង​គ្នា តែ​អ្វីដែល​សំខាន់​ចម្លង​ហើយ អភិវឌ្ឍន៍​វា​ឱ្យ​ស្អាត​ជាង​មុន ទើប​សិល្បៈ​យើង​រីកចម្រើន​»​។​


 
​ដោយសារ​សង្គ្រាម​ធ្វើឱ្យ​កម្ពុជា​បាត់បង់​គម្ពី​ក្បួន​ខ្មា​ត និង​ឯកសារ​ដែលជា​មរតក​ដ៏​វិចិត្រ​យ៉ាងណាក្ដី តែ​អ្នក​ខេត្តកំពង់ចាម លោក  សេង​ហៀ​ង ហ៊ាន​អះអាងថា ខ្មែរ​មានគំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​។ លោក សេង ហៀ​ង បន្ថែម​ដូច្នេះ​៖«​យើង​ដឹង​ហើយ ខ្មែរ​យើង​ជា​ម៉ែ ជា​ឪ​ក្នុង​ផ្នែក​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ហ្នឹង​។ តែ​ពេល​យើង​ជួប​សង្គ្រាម​ច្រើន​យើង​បាត់បង់ យើង​ច្រឡំ​គ្នា​។ ពេលនេះ​ជា​ឱកាសល្អ យើង​វែកញែក​ឱ្យដាច់​ថា​មួយណា​ជា​ខ្មែរ មួយណា​ជា​សៀម មួយណា​មិន​កម្ចី​។ ធម្មតា​ប្រទេស​ពីរ​ជិតគ្នា ការចម្លង​វប្បធម៌​តែងតែមាន​លើ​ផ្នែក​មួយចំនួន​។ ពេល​ប្រទេសមួយ​អន់ តែងមាន​ប្រទេស​មួយទៀត​មាន​ឥទ្ធិពល​លើ​។ ពេលនេះ​យើង​កំពុងតែ​រឹងមាំ​ខ្លួន​វិញ​ហើយ យើង​កំពុងតែ​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ច្បាស់លាស់ ថា​នេះ​ជា​ការវិវឌ្ឍ​របស់​ខ្មែរ​»​។​
 
​បុរស​វ័យ​៣០​ឆ្នាំ​រូបនេះ ចង់ឱ្យ​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ក្រោយ ធ្វើ​ស្របតាម​ក្បួនខ្នាត​រួម ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​។ លោក សេង ហៀ​ង បញ្ជាក់​៖«​ចង់ឱ្យ​ស្ថាបត្យកម្ម​ខ្មែរ​ធ្វើ​ទៅតាម​បទដ្ឋាន​ក្បួនខ្នាត​ប្រពៃណី​របស់​យើង ឱ្យបាន​ត្រឹមត្រូវ​។ ទោះជា​យើង​ចង់​យកទៅ​បំបែក​ក៏​នៅក្នុង​ក្បួនខ្នាត​ខ្មែរ​»​។ 


 
​ឆ្លើយតប​នឹង​បញ្ហា​ខាងលើ​អ្នកនាង កនិកា ថា​ទាល់តែ​មានការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែច្រើន និង​ទូលំទូលាយ លើ​ការសិក្សា​ស្វែងយល់​ពី​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ​។ «​ទាល់តែ​មានការ​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​អំពី​រចនាបទ​អស់ហ្នឹង គឺ​ផ្សព្វផ្សាយ​ជា​សកល​តាម​ហ្វេ​ស​ប៊ុ​ក និង​អ្វី​ផ្សេងទៀត​។ កូន​ខ្មែរ​យើង​គាត់​បាន​ស្គាល់​កាន់តែច្រើន ហើយ​បរទេស​ក៏បាន​ដឹងថា​អ្វី​ជា​រចនាបទ​របស់​ខ្មែរ​ដែល​យើង​មាន​តាំងពីដើម​មក ហើយ​មាន​ការច្នៃ​ឱ្យមាន​ការល្អប្រសើរ​យ៉ាង​ណាខ្លះ​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាង កនិកា​។ 
 
​បន្ថែម​លើ​នោះ​លោក លី រស្មី អគ្គលេខាធិការ​ង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា នៃ​គណៈ​ស្ថាបត្យករ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ថា​ការសិក្សា​ហើយ យកទៅអនុវត្ត ទើប​ជា​រឿង​ប្រសើរ​។ លោក លី រស្មី​៖«​សិក្សា​ហើយ​យើង​ធ្វើ​របស់បុរាណ​ឡើងវិញ​ទើប​យើង​អាច​ថែរក្សា​របស់បុរាណ​បាន ហើយ​ឱ្យ​តម្លៃ​ថា​របស់បុរាណ​ហ្នឹង​ជាម​រតក​ជាតិ​។ ការ​សំយោគ​ចូលគ្នា​រវាង​ស្ថាបត្យកម្ម​បុរាណ​និង​ទំនើប​ជា​រចនាបទ​មួយ​ដែរ ដែល​យើង​គួរតែ​យកចិត្តទុកដាក់​។ ពិសេស​ស្នាដៃ​របស់​លោកតា វណ្ណ មូលី វណ្ណ លោក​បាន​យក​របស់បុរាណ​មក​បញ្ចូល​ក្នុង​សិល្បៈ​ទំនើប​។ យើង​អាច​មើល​ដឹងថា​នេះ​ជា​អត្តសញ្ញាណ​ខ្មែរ រឿងនេះ​យើង​គួរតែ​ធ្វើ ព្រោះ​មាន​សារសំខាន់​»​។​


 
​លោក ទ្រី សេង​ហៀ​ង ផ្ដោត​សំខាន់​ទៅលើ​ស្ថាបត្យករ​ក្នុង​ទឹក​សំដី​ម៉ឺងម៉ាត់ ថា​ពួកគេ​គួរតែ​ចូលរួម​សិក្សា​ស្វែងយល់​ឱ្យបាន​ច្រើន​។ លោក ទ្រី សេង​ហៀ​ង ៖«​ជាពិសេស​ខាង​ផ្នែក​សំណង់​និង​ស្ថាបត្យកម្ម ព្រោះ​ពីរ​នេះ​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​បញ្ចេញ​ជា​រូបរាង​សំណង់​ស្ថាបត្យកម្ម​ឱ្យគេ​មើល​។ វិស្វករ​មធ្យម​ទេ គាត់​គ្រាន់តែ​ធ្វើតាម​ស្ថាបត្យករ ដូច្នេះ​ស្ថាបត្យករ​គឺ​ត្រូវឱ្យ​ច្បាស់​មែនទែន​ពី​រឿង ខ្នាត ទំហំ ការច្នៃ​បំបែក ឱ្យបាន​ត្រឹមត្រូវ​តាមបែប​ខ្មែរ ព្រោះ​វា​ជា​ព្រលឹង​ជាតិ​យើង​»​។​
 
​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​លោក លី រស្មី ថាបើ​ស្ថាបត្យកម្ម​នៅលើ​ពិភពលោក​ដូចគ្នា​ទាំងអស់ នោះ​មិនមាន​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ឡើយ​។ លោក លី រស្មី ៖«​នៅលើ​ពិភពលោក បើ​ស្ថាបត្យកម្ម​ដូចគ្នា​ទាំងអស់ មិនមាន​កន្លែង​ណាមួយ​គួរឱ្យ​ចាប់អារម្មណ៍​ទេ​។ ដ្បិតតែ​សព្វ​ថ្ងៃជា​សម័យ​សកលភាវូបនីយកម្ម ហើយ​សិល្បៈ​ស្ថាបត្យកម្ម​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​គ្រប់​ជាតិ​សាសន៍​ទាំងអស់ តែបើ​យើង​ចេះ​ច្នៃ​យក​បុរាណ​មក​បញ្ចូល​ក្នុង​ទំនើប គឺ​កាន់តែ​ពិសេស​ឡើង​។ យើង​មាន​លក្ខណៈ​មួយ​ប្លែក​ពី​គេ នោះគេ​ចូលចិត្ត​មកលេង​ស្រុក​យើង គេ​ចូលចិត្ត​មក​មើល​លក្ខណៈ​ស្ថាបត្យកម្ម​ស្រុក​យើង​ហើយ​។ បើ​ដូច​ស្រុក​គេ​ដែរ គេ​មិន​មក​មើល​ទេ​»​។​


 
​ដើម្បីឱ្យ​រចនាបទ​ខ្មែរ​មាន​ភាព​ប្លែក​ពី​គេ លោក សេង​ហៀ​ង ព្យាយាម​សិក្សា​ពី​គំរូ​ក្បាច់បុរាណ​ខ្មែរ​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​ចាប់អារម្មណ៍​បំផុត គឺ​ការបំពាក់​ជហ្វា ខ្នាត​ជហ្វា សម័យកាល​នៃ​ការកើត ហើយនឹង​កម្ពស់​ម៉ែត្រ​គេ​ប្រើប្រាស់​យ៉ាងណាខ្លះ ហើយនឹង​ពាក្យ​កម្ចី​។ នេះ​ជា​ឱកាសល្អ​សម្រាប់​ខ្ញុំ​ក្នុងការ​ស្វែងយល់ និង​យកទៅ​គូ​ប្លង់​តាម​ក្បួនខ្នាត​ខ្មែរ​ត្រឹមត្រូវ​»​។ 


 
​ដូចគ្នា​ដែរ​អ្នកនាង កនិកា ចង់ឱ្យមាន​ការដាក់​ឈ្មោះ​គ្រឿង​សម្គាល់​ស្ថាបត្យកម្ម​ខ្មែរ​ឱ្យមាន​អត្ថន័យ​ច្បាស់​។ អ្នកនាង កនិកា​៖«​ថ្វីដ្បិតតែ​គាត់​ថា​កុំ​ខ្វល់​ពី​ឈ្មោះ​ហ្នឹង​ក៏ដោយ តែ​អ្វីដែល​ខ្ញុំ​ចង់បាន គឺ​ឱ្យ​ពាក្យ​ទាំងនោះ​មាន​រូបរាង​ច្បាស់លាស់​។ ស្លឹក​ឈូក​ស្គាល់ ជួង​ស្គាល់ ត្រយូងចេក​ក៏​ស្គាល់​។ តែ​ពាក្យ​ខ្លះ​យើង​ស្ដាប់​មិនដឹងថា​ជា​អ្វី​ទេ​។ ខ្ញុំ​ចង់ឱ្យ​បង្កើត​ពាក្យ​ដាក់​ហើយ អ្នក​ដែល​មិន​រៀន​ខាង​ហ្នឹង​ក៏​គេ​ស្ដាប់ទៅ​ដឹង​ហើយ​យល់​»​។​


 
​ផ្ដោតទៅលើ​ការសង្កេត​ទិដ្ឋភាព​រួម នៃ​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ពេលបច្ចុប្បន្ន ក៏បាន​ធ្វើ​ឲ្យ លោក លី រស្មី ព្រួយបារម្ភ​យ៉ាងខ្លាំង​ដែរ​។ លោក លី រស្មី លើកឡើង​ដូច្នេះ​៖«​សព្វថ្ងៃ​ស្ថាបត្យកម្ម​បុរាណ​គួរឱ្យ​ព្រួយបារម្ភ ដោយសារ​ការ​រចនា​ផ្ដោត​សំខាន់​ទៅលើ​សំណង់​ទំនើប​។ បើ​ធ្វើ​សំណង់​បុរាណ ក៏​មិន​ធ្វើទៅ​តាន​ក្បួនខ្នាត​បច្ចេកទេស​។ ដូច្នេះ​ធ្វើឱ្យ​ខ្វះ​សោ​ភណ្ឌ​ភាព​ផ្នែក​វិចិត្រ​រចនា​ហ្នឹង​ច្រើន របស់​ដែលមាន​ស្រាប់​ជា​ទន់ ដ៏​មាន​សារៈសំខាន់​សម្រាប់​យើង ក្នុងការ​ច្នៃប្រឌិត​។ ដូច្នេះ​យើង​ត្រូវធ្វើ​វា​ទាំង​២​។ បើ​យើង​គ្រាន់តែ​សិក្សា ហើយ​មិន​ធ្វើ​វា​ក៏​មិនបាន​ផល​ដែរ​»៕
 

Tag:
 យុវជន​
  ស្ថាបត្យកម្ម​ខ្មែរ​
  វប្បធម៌​
  មរតក​
  លី រស្មី​
© រក្សាសិទ្ធិដោយ thmeythmey.com