ជាតិ
អន្តរជាតិ
បោះឆ្នោត​មូលដ្ឋាន​នៅ​ជប៉ុន​៖ បោះ​ដល់​ម៉ោង​៨​យប់ មនុស្ស និង​ម៉ាស៊ីន​រាប់​ផ្ទៀងផ្ទាត់​ទៅវិញទៅមក​...
08, Apr 2019 , 8:56 pm        
រូបភាព
ក្រុង Chigasaki ខេត្ត Kanagawa មាន​ពលរដ្ឋ​ជាង​២៤​ម៉ឺន​នាក់ (​ជាង​១០​ម៉ឺន​គ្រួសារ​)​។ នា​ការបោះឆ្នោត​ថ្នាក់​តំបន់​ដែល​បាន​ដំណើរការ​កាលពី​ថ្ងៃទី​៧ ខែមេសា ពលរដ្ឋ​នៅ​ក្រុង​តំបន់​សមុទ្រ​មួយ​នេះ បាន​បោះឆ្នោត​ជ្រើសរើស​អភិបាលខេត្ត និង​តំណាង​ថ្នាក់ស្រុក​សម្រាប់​អាសនៈ​សភា (​ឬ​ក្រុមប្រឹក្សា​) ខេត្ត​។ ក្នុង​ដំណើរ​សង្កេតការណ៍​រយៈ​ពេល​១​សប្តាហ៍​នៅ​ជប៉ុន មន្ត្រី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​ក្រសួងការបរទេស​ជប៉ុន  បាន​នាំ​ប្រតិភូ​កម្ពុជា ទៅពិនិត្យ​មើល​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត នៅ​ក្រុង Chigasaki ដែលជា​ទីកន្លែង​បោះឆ្នោត​របស់លោក Taro Kono សមាជិកសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​។​



អត្ថបទទាក់ទង




ក្នុង​ដំណើរ​តាម​រថយន្ត​រយៈពេល​ជាង​១​ម៉ោង​ពី​ក្រុង​តូ​ក្យូ ប្រតិភូ​កម្ពុជា​ដែលមាន​តំណាង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អង្គការ​ខុមហ្វ្រែល និក​ហ្វិ​ច និង​សារព័ត៌មាន ThmeyThmey បាន​ទៅដល់​សាលាក្រុង Chigasaki ដោយមាន​ការរង់ចាំ​ស្វាគមន៍​ពី​សំណាក់​លោក Hikaru Sato អភិបាលក្រុង និង​ជា​អតីត​ជំនួយការ​របស់​រដ្ឋមន្ត្រី​ការបរទេស​ផងដែរ​។​

​តំណាង​សាលាក្រុង និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​មូលដ្ឋាន បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុង Chigasaki មាន​ទីតាំង​បោះឆ្នោត​ចំនួន​៤៨​មណ្ឌល ក្នុងនោះ ៥​មណ្ឌល​រៀបចំ​នៅក្នុង​សាលារៀន​។ មណ្ឌលបោះឆ្នោត​នីមួយៗ មាន​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន​៤៣០០​នាក់​។

​ជាមួយគ្នានេះ​ផងដែរ ក្រុង Chigasaki មាន​មណ្ឌលបោះឆ្នោត​ចំនួន​៤​កន្លែង​សម្រាប់​អ្នក​ដែល​ជ្រើសរើស​ការបោះឆ្នោត​មុនពេល​កំណត់ ពោលគឺ​អ្នក​ដែល​រវល់​នៅ​ថ្ងៃ​បោះឆ្នោត​។ ក្រៅពីនេះ មន្ត្រី​រៀបចំ​ការបោះឆ្នោត ត្រូវ​មមាញឹក​រៀបចំ​សន្លឹក​សម្រាប់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន ហើយ​ផ្ញើ​សន្លឹកឆ្នោត​របស់ខ្លួន​តា​ម​ប្រៃសណីយ៍ និង​អ្នកជំងឺ​ដែល​បោះ​ពី​មណ្ឌល​ដែល​ត្រូវ​បានរៀបចំ​ជាពិសេស​នៅតាម​មន្ទីរពេទ្យ​។​



ចំពោះ​​ការ​បោះឆ្នោតនៅ​ក្រុង Chigasaki អ្នក​បោះ​ឆ្នោត​ត្រូវ​បោះពីរសន្លឹក ដោយមួយសន្លឹក​សម្រាប់តំណែងអភិបាលខេត្ត​​ដែលមាន​បេក្ខជន​២រូប និងមួយសន្លឹកទៀត​សម្រាប់អាសនៈសភា​ថ្នាក់ខេត្ត ដែលនឹងត្រូវជ្រើសរើស​បីរូបក្នុងចំណោម​៦រូប តំណាងក្រុង Chigasaki។



​ប្រធាន និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ក្រុង បាន​នាំ​ប្រតិភូ​កម្ពុជា​ទៅកាន់​កីឡដ្ឋាន Chigasaki Stadium ដែលជា​ទីកន្លែង​រាប់​សន្លឹកឆ្នោត ដោយ​យក​ទីតាំង​កន្លែង​លេង​កីឡា​ប្រភេទ Indoor ដ៏​ធំ​មួយ​។ នីតិវិធី​រាប់​សន្លឹកឆ្នោត មានការ​ផ្ទៀងផ្ទាត់​ទៅវិញ​ទៅមក រវាង​មនុស្ស និង​ម៉ាស៊ីន​។ ទាក់ទង​នឹង​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត អ្នកបច្ចេកទេស​ខាង​ក្រុមហ៊ុន​ម៉ាស៊ីន មាន​វត្តមាន​ចាំ​អន្តរាគមន៍ ក្នុងករណី​មាន​បញ្ហា​។​



​ក្រោយ​បិទ​បញ្ចប់​ការបោះឆ្នោត​នៅ​ម៉ោង​៨​យប់ មន្ត្រី​ទទួលបន្ទុក​រៀបចំ​ការ​បោះឆ្នោត​ពី​៤៨​មណ្ឌល​នៅ​ក្រុង Chigasaki ផ្ទាល់ បាន​នាំ​សន្លឹកឆ្នោត​តាម​រថយន្ត​តាក់ស៊ី ចូលទៅ​កាន់​ទីតាំង​រាប់​ជា​បន្តបន្ទាប់ ដោយមាន​មន្ត្រី​សាលាក្រុង​​ជាង​១​ពាន់​ទទួលបន្ទុក​រាប់​ដោយ​ដៃ​ផ្ទាល់ និង​រៀបចំ​ការរាប់​ដោយ​ម៉ាស៊ីន​។​



​ក្រោយ​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត Chigasaki រៀបរាប់​ពី​នីតិវិធី​នៃ​ការរាប់ ក្រុម​អ្នកសង្កេតការណ៍ និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត ដើរ​ត្រួតពិនិត្យ​ហិប​ឆ្នោត ក្រែង​មាន​ភាពមិនប្រក្រតី​ណាមួយ ដូចជា​ការ​អត់​ចាក់សោរ ឬ​ហិប​មាន​បញ្ហា​ជាដើម​។

​បន្ទាប់ពី​ត្រួតពិនិត្យ​រួច មន្ត្រី​ខាង​រាប់​សន្លឹកឆ្នោត បាននាំគ្នា​បើក​ហិប​ឆ្នោត​ដើម្បី​រាប់​នៅតាម​តុ​រៀងៗខ្លួន​ ដោយនៅ​តុ​នីមួយ​ៗមាន​មនុស្ស​ចំនួន​២២​នាក់​។ ពួកគេ​រាប់​ដោយ​បែងចែក​ទៅតាម​ឈ្មោះ​បេក្ខជន និង​សន្លឹកឆ្នោត​ដែលមាន​មន្ទិល​។ សន្លឹកឆ្នោត​ដែល​គ្មាន​បញ្ហា ត្រូវបាន​បញ្ចូល​ទៅ​រាប់​ដោយ​ម៉ាស៊ីន និង​ប្រមូលផ្តុំ​រៀងរាល់​១០០​សន្លឹក​។​



​មន្ត្រី​សាលាខេត្ត ផ្ទៀងផ្ទាត់​តាមរយៈ​ពេល​ការរាប់​ដោយ​ដៃ​២​ដំណាក់កាល ហើយ​បន្ត​បញ្ចូល​ទៅ​ម៉ាស៊ីន​រាប់​ខ្នាតតូច​​ជា​បន្ត ដោយផ្តុំ​​រៀងរាល់​១០០​សន្លឹក និង​បន្ទាប់មក ៥០០​សន្លឹក​។ ក្រោយ​ការផ្ទៀងផ្ទាត់​សារជាថ្មី ក្រុមការងារ​បញ្ជូន​ស​ន្លឹ​ក​ឆ្នោត​ទៅខាង​ទិន្នន័យ​ដើម្បី​បញ្ចូល​បារ​កូដ (GS1) លើ​សន្លឹកឆ្នោត​។​



ក្រុម​អ្នកសង្កេតការណ៍ និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត ពិនិត្យមើល​ឡើងវិញ​លើ​ដុំ​សន្លឹកឆ្នោត (១​ដុំ​មាន​៥០០​សន្លឹក​) ហើយ​បើ​គ្មាន​បញ្ហា​អ្វី​ទេនោះ ចំនួន​សន្លឹកឆ្នោត​ទាំងនោះ ត្រូវបាន​យកទៅ​បញ្ចូល​ក្នុង​ទិន្នន័យ​កុំព្យូទ័រ និង​ព្រី​ន​ដើម្បី​បង្ហាញ​ពី​លទ្ធផល​បឋម​។​

​សន្លឹកឆ្នោត​ត្រូវបាន​ដាក់​លើ​តុ​ដែលមាន​ឈ្មោះ​បេក្ខជន​នីមួយៗ ដោយ​សន្លឹកឆ្នោត​ពណ៌​លឿង​សម្រាប់​បេក្ខជន​ដែល​ប្រជែង​អាសនៈ​សភា​ខេត្ត​ដែល​តំណាង​ពី​ក្រុង Chigasaki រីឯ​ពណ៌​ស​សម្រាប់​បេក្ខជន​ដែល​ប្រជែង​យក​កៅអី​អភិបាលខេត្ត Kanagawa​។​

​ខណៈ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​រៀបចំ​ការរាប់ និង​ប្រកាស​លទ្ធផល​បឋម រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kano ក៏បាន​ទៅសួរសុខទុក្ខ​ប្រតិភូ​កម្ពុជា​ដែល​កំពុង​សង្កេតការណ៍​ផងដែរ​។ ក្នុងជំនួប​ក្រៅផ្លូវការ​នោះ លោក Kano រំពឹងថា តំណាង​កម្ពុជា​នឹង​ទទួលបាន​ចំណេះដឹង​ល្អៗ​មួយចំនួន​ពី​ជប៉ុន​ទាក់ទង​នឹង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។​




លទ្ធផល​ដែល​ផ្សាយ​របស់​ទូរទស្សន៍ NHK បាន​បង្ហាញថា អ្នកបោះឆ្នោត​ជ្រើសរើស​អភិបាលខេត្ត Kanagawa មាន​៣៨,១៧​ភាគរយ ដោយ​ក្នុងចំណោម​នោះ ៧៦,៦​ភាគរយ បោះ​ឲ្យ​លោក Yuji Kuroiwa រីឯ​គូប្រជែង​តែ​ម្នាក់​របស់លោក គឺ​លោកស្រី Kishi Makiko បានតែ​២៣,៤​ភាគរយ​។ លទ្ធផល​ទូទាំង​ខេត្ត លោក Kuroiwa ត្រូវបាន​បន្ត​អណ​ត្តិ​ទី​បី​របស់ខ្លួន​ក្នុងនាម​ជា​អភិបាលខេត្ត Kanagawa ជាមួយនឹង​សំឡេងគាំទ្រ​សរុប​៧៦,៣៣​ភាគរយ​។​



​សម្រាប់​លទ្ធផល​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​សភា​ខេត្ត​ចេញពី​ក្រុង Chigasaki វិញ បេក្ខជន​ពីររូប​ពី​គណបក្ស​កាន់​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ឈ្នះ​លេខ​រៀង​លំដាប់​ទីមួយ និង​ទី​ពីរ ក្នុងនោះ​មាន​លោក Teruji Nagata អាយុ​៥៥​ឆ្នាំ និង​លោក Seitaro Masu អាយុ​២៨​ឆ្នាំ រីឯ​អ្នក​ជាប់ឆ្នោត​ម្នាក់​នោះ គឺ​អ្នកស្រី Keiko Kusaka ដែលជា​បេក្ខជន​ឯករាជ្យ​អាយុ​៦៣​ឆ្នាំ​។ បេក្ខជន​បី​រូប​ទៀត​ដែល​រង​បរាជ័យ​មាន លោកស្រី Tamaki Furukawa អាយុ​៤៩​ឆ្នាំ លោក Akio Toma អាយុ​៦៤​ឆ្នាំ និង លោក Toku Mitsu អាយុ​៣២​ឆ្នាំ​៕




ក្រុម​បច្ចេក​ទេស​រៀបចំ​ម៉ាស៊ីន​រាប់សន្លឹក​ឆ្នោត






ការរាប់សន្លឹក​ឆ្នោត​ដែល​ផ្ញើ​តាមប្រៃសណីយ៍ និងមន្ទីរពេទ្យ














លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន ស្វាគមន៍​ប្រតិភូកម្ពុជាដែលបាន​សង្កេតការណ៍ការបោះឆ្នោតនៅ​ក្រុង Chigasaki


ពីឆ្វេងទៅស្តាំ៖ អភិបាលក្រុង​ Chigasaki លោក Hikaru Sato កញ្ញា សំ រស្មី លោក កែវ វណ្ណា លោក ហួត បូរិន លោក ហម ចាន់សុភ័ក្ត្រ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono លោក អ៊ឹង ចំរើន លោក គឹម ឈន និងអ្នកស្រី យឹម សុធានី



Tag:
 បោះឆ្នោតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com