ជាតិ
សិល្បះ
ក្រសួង​វប្បធម៌​នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​«​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​ដល់​ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន​
10, Apr 2019 , 10:53 am        
រូបភាព
រូប​ពី​ហ្វេសប៊ុកអ្នក​ស្រី គាត គឹមលន (អង្គុយកណ្ដាល នៅខាងស្ដាំ) ភរិយាលោក គង្គ ប៊ុនឈឿន
រូប​ពី​ហ្វេសប៊ុកអ្នក​ស្រី គាត គឹមលន (អង្គុយកណ្ដាល នៅខាងស្ដាំ) ភរិយាលោក គង្គ ប៊ុនឈឿន
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​លើ​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ​ចំណងជើង​ខុស «​ភូមិ​ភ្នំ​ធំ​» ជូន​អ្នកស្រី គាត គឹម​លន ភរិយា​កវីនិពន្ធ គ​ង្គ ប៊ុន​ឈឿន តាម​សំណើ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដែល​ក្រសួង​វប្បធម៌​បានប្រកាស​ជា​សាធារណៈ​។​

 
​កន្លងទៅ​ក្រសួង​បានទទួល​សំណើសុំ​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍ លើ​បទ​ដែលជា​ស្នាដៃ​របស់លោក គ​ង្គ ប៊ុន​ឈឿន ពី​អ្នកស្រី គាត គឹម​លន ដែល​ត្រូវជា​ភរិយា​។ ឆ្លង​ការសិក្សា​ស្រាវជ្រាវ ក្រសួង​បាន​ពិនិត្យឃើញថា បទ​ចម្រៀង​មួយ​បទ ដែល​ចំណងជើង​ដើម «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ​ចំណងជើង​ខុស «​ភូមិ​ភ្នំ​ធំ​» ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក គ​ង្គ ប៊ុន​ឈឿន​។ ក្រសួង​នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​ជូន​អ្នកស្រី គាត គឹម​លន ដើម្បី​គ្រប់គ្រង​តាម​សំណើ។​
 
​សេចក្ដីជូនដំណឹង​ក៏បាន​បញ្ជាក់ដែរថា រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន​បំណង​​ប្ដឹងជំ​ទាស់​នឹង​ការស្នើសុំ​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​បទ​ចម្រៀង​ខាងលើ អាចដាក់​ពាក្យបណ្តឹងបានមក​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។ រយៈពេល​នៃ​ការដាក់​ពាក្យ​ប្ដឹង​ជំទាស់​ មាន​សុពលភាព​រយៈពេល​១​ខែ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ ។ 
 
​កន្លងទៅ​ថ្មីៗ​នេះ​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​»​មាន​ភាពចម្រូងចម្រាស​ខ្លាំង​ដោយសារ​ក្រុមហ៊ុន​សាន់​ដេ បាន​យកទៅ​កាឡៃ​ ទៅជា​បទ «​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​»​ ច្រៀង​ដោយ​លោក សុខ មេសា ហៅ​នាយ​ចឺម ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​៕

Tag:
 គ​ង្គ ប៊ុន​ឈឿន​
  គាត គឹម​លន​
  ក្រសួង​វប្បធម៌
 ​ចម្រៀង​
  សិល្បៈ​
  តន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com