ការទទួលទានតែខ្ទឹមសជាប្រចាំអាចផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ដ៏ប្រសើរជាច្រើនគួរឲ្យភ្ញាក់ផ្អើល។ ប៉ុន្តែថាតើធ្វើដូចម្ដេចទៅទើបទទួលបានតែនេះមែនទេ?
កុំបារម្ភ! ខាងក្រោមនេះយើង នឹងបង្ហាញពីរបៀបងាយៗក្នុងការឆុងតែខ្ទឹមស រួមជាមួយផលវិជ្ជមាននៃការទទួលទានតែនេះចំពោះសុខភាព ៖
• របៀបឆុងតែខ្ទឹមស
– ដាក់ទឹកធម្មតា ៣ ពែងក្នុងឆ្នាំង
– បកសំបកខ្ទឹមសចំនួនពី ៣ ទៅ ៤ កំពឹស
– កាត់ខ្ទឹមសដែលបកហើយជាពីរ
– ចាក់ខ្ទឹមសទៅក្នុងទឹក រួចដាក់ដាំឲ្យពុះ
– លើកចេញពីចង្ក្រាននៅពេលពុះ
– ស្រង់ខ្ទឹមសចេញ រួចបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួន កន្លះពែង និងទឹកឃ្មុំ កន្លះពែង ចូល
– កូរឲ្យសព្វ សឹមទទួលទានឲ្យទាន់ក្ដៅឧណ្ហៗ។ តែដែលនៅសល់អាចរក្សាទុកក្នុងទូរទឹកកក ដើម្បីទទួលទាននៅពេលក្រោយដោយដាក់កម្ដៅ។
• អត្ថប្រយោជន៍នៃការទទួលទានតែខ្ទឹមសជាប្រចាំ
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ការទទួលទានតែខ្ទឹមសមួយពែងទៀងទាត់ត្រូវបានណែនាំជាពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយដែលអាចនឹងធ្វើឲ្យអ្នកប្រឈមមុខជាមួយបញ្ហាសុខភាពជាច្រើន។ ការទទួលទានតែខ្ទឹមសនៅពេលព្រឹកអាចជួយអ្នកទប់ទល់នឹងស្ថានភាពទាំងនេះបាន! ខ្ទឹមស ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំមានលក្ខណៈប្រសើរឡើងជាងមុន ហើយរាងកាយអាចប្រយុទ្ធប្រឆាំងជាមួយវីរុស និងបាក់តេរីប្រកបដោយប្រសិទ្ធិភាព។
២. បញ្ចុះកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាម
កម្រិតនៃកូឡេស្តេរ៉ូល និងសម្ពាធឈាមឡើងខ្ពស់អាចបង្កហានិភ័យគួរឲ្យព្រួយបារម្ភចំពោះសុខភាពបេះដូង។ ទោះជាយ៉ាងណា អ្នកអាចទប់ស្កាត់បញ្ហានេះតាមរយៈការទទួលទានតែខ្ទឹមស។ នោះក៏ព្រោះតែខ្ទឹមសជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ដែលជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម និងកូឡេស្តេរ៉ូល។
៣. ទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺស្ទះសរសៃឈាមបេះដូង
ខ្ទឹមសមានប្រសិទ្ធភាពធ្វើឲ្យឈាមស្ដើងទប់ស្កាត់មិនឲ្យខាប់កកស្ទះក្នុងសរសៃឈាមជៀសផុតពីជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាកកស្ទះសរសៃឈាម។ ខ្ទឹមស ក៏ជួយរក្សាសុខភាពសរសៃឈាមបេះដូងល្អប្រសើរ ដោយវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកដែលជួយកាត់បន្ថយបញ្ហារលាកផ្សេងៗក្នុងសរសៃឈាម ព្រមទាំងទប់ស្កាត់ការបំផ្លាញដល់ជញ្ចាំងខាងក្នុងនៃសរសៃឈាមផងដែរ។
៤. ជួយឲ្យស្រកទម្ងន់
សាកល្បងទទួលទានតែខ្ទឹមសឲ្យបានទៀងទាត់ ហើយអ្នកនឹងទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។ ត្រឹមតែ ១ ពែងនៃតែនេះជួយបង្កើនថាមពល ហើយធ្វើអោយស្រកទម្ងន់ដោយពន្លឿនការដុតរំលាយអាហារ។ ខ្ទឹមសក៏ជួយកាត់បន្ថយចំណង់អាហារផងដែរ។
៥. កម្ចាត់ជាតិពុល
ការប្រើប្រាស់ខ្ទឹមសដើម្បីកាត់បន្ថយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ គឺជារូបមន្តដ៏ចំណាស់មួយដែលងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់។ ខ្ទឹមសមានផ្ទុកវីតាមីន C ជួយធ្វើឲ្យមុខងារថ្លើមកាន់តែប្រសើរឡើង។ វាក៏ជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ ដោយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាមផងដែរ។ ការទទួលទានខ្ទឹមសឆៅពេលពោះទទេអាចជះឥទ្ធិពលដល់ការបញ្ចេញទឹកប្រមាត់ និងជម្រុញដល់មុខងារបន្សាបជាតិពុលនៃថ្លើមឲ្យកាន់តែប្រសើរ៕
ត្រួតពិនិត្យដោយ www.health.com.kh