អត្ថបទពាណិជ្ជកម្ម
ឡៅ ចន្ទ្រា លេចមុខក្នុងវីដេអូប្រដាល់គុនខ្មែរបុរាណ«ម្ចាស់កេរ»របស់គ្រូតា ម្ចាស់សាលាគុនតាឡីដំរីមានឫទ្ធិ ឡៅ ចន្ទ្រា នៅខាងឆ្វេងដៃ
× ម្ចាស់កេរ ជាវីដេអូចងក្រងរបស់គ្រូព្រឹទ្ធាចារ្យ និងជាម្ចាស់សាលាប្រដាល់គុនខ្មែរបុរាណឈ្មោះ តាឡីដំរីមានឫទ្ធិ។ វីដេអូនេះ ធ្វើឡើងដើម្បីជាឯកសារលម្អិត អំពីប្រដាល់គុនខ្មែរបុរាណ ដែលឈរលើចំណុចគោល ៣ ដូចជា ប្រវត្តិប្រដាល់គុនខ្មែរបុរាណ ឆន្ទៈ និងនិរន្តរភាពឈ្មោះជាម្ចាស់កេរ។
ប្រជាពលរដ្ឋមួយចំនួន បានស្គាល់ពីទម្រង់នៃក្បាច់គុនបុរាណខ្មែរ តែមិនប្រាកដថាពួកគាត់ បានដឹងប្រវត្តិក្បាច់គុនដ៏ចំណាស់នេះទេ។ ក្បាច់គុនបុរាណខ្មែរ កើតឡើងនៅចន្លោះឆ្នាំ១១៧៧ និង១១៨១ ។ ក្បាច់គុននេះមានឈ្មោះថា អាត្មាយុទ្ធ គឺមានន័យថាជាក្បាច់គុនប្រយុទ្ធតទល់ម្នាក់ទល់នឹងម្នាក់ ហើយក្បាច់គុននេះ បង្កើតឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដែលមានភស្តុតាងជាក់ស្តែង តាមរយៈចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត។
ដោយឡែកខ្លឹមសារក្នុងវីដេអូ«ម្ចាស់កេរ» ចងក្រងឡើងក្នុងគោលបំណង បង្ហាញដល់អ្នកជំនាន់ក្រោយ ឲ្យស្គាល់ច្បាស់ពីភាពអស្ចារ្យ នៃក្បាច់ប្រដាល់គុនខ្មែរ ដែលពិសេសជាងក្បាច់គុនដទៃ ដោយសំណុំបែបបទសិល្បៈក្បាច់គុននេះ ប្រែគ្រប់ផ្នែកទាំងអស់នៃរាងកាយ ឲ្យក្លាយអាវុធ និងអាចយកជីវិតគូសត្រូវត្រឹម ២-៣ក្បាច់។ នៅពេលជាតិសាសន៍ដទៃ ស្ងើចសរសើរពីអ្វីដែលយើងមាន នោះហើយជាមោទកភាពរបស់ប្រទេស និងប្រជាជនខ្មែរគ្រប់រូបក្នុងនាមជាម្ចាស់។ មោទកភាពជារឿងមួយ តែអ្វីដែលយើងត្រូវប្រកាន់ខ្ជាប់នោះ គឺឆន្ទៈក្នុងនាមជាម្ចាស់កេរដំណែល ដែលយើងមានតួនាទីបង្ហាញតាមក្បួនក្រិតក្រមជាក់លាក់ ហើយអ្វីដែលចាំបាច់នោះ គឺត្រូវរក្សាឲ្យបានគង់វង្សទៅជំនាន់បន្ត។
សូមរីករាយទស្សនាសេចក្តីលម្អិតតាមរយៈវីដេអូខាងក្រោម៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com