អន្តរជាតិ
ចំ​ខួប​ទី​៧០​ថ្ងៃកំណើត​ទ័ពជើងទឹក លោក ស៊ី ជិន​ភីង ថា ចិន​ជា​ប្រទេស​ស្រឡាញ់​សន្តិភាព​
23, Apr 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ត្រួតពលទ័ពជើងទឹក។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ត្រួតពលទ័ពជើងទឹក។ រូបភាព Xinhua
​ប្រទេស​ចិន នៅ​ថ្ងៃទី​២៣ ខែមេសា បានរៀបចំ​ពិធី​អបអរ​យ៉ាង​អធិកអធម​មួយ​ដើម្បី​រំឭក​ខួប​ទី​៧០ ថ្ងៃ​បង្កើត​កងទ័ពជើងទឹក​របស់ខ្លួន​។ ប្រទេស​៦១ បាន​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ដែល​ធ្វើ​នៅ​ទីក្រុង​មាត់សមុទ្រ​ឈី​ង​តៅ ខណៈ​នាវាចម្បាំង​ជាច្រើន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានស្នើ​ឲ្យ​ទ័ពជើងទឹក​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​រក្សា​សន្តិភាព​លើ​លំហ​សមុទ្រ ហើយ​ថា ប្រជាជន​ចិន​ជា​ប្រជ​ន​ស្រឡាញ់​សន្តិភាព​។​

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​ជើង​ទឹក​ដើម្បី​អបអរ​ខួប​ទី​៧០ នៃ​ការបង្កើត​កងទ័ពជើងទឹក​ចិន​នៅ​ថ្ងៃទី​២៣ ខែមេសា​។ ប្រមុខ​កងទ័ពជើងទឹក និង​ប្រតិភូ​ប្រទេស​ចំនួន​៦១ មកពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ស្រប​ពេលដែល​នាវាចម្បាំង​បរទេស​ចំនួន​២១​គ្រឿង បូក​បញ្ចូល​នាវា​ចិន​ចំនួន​៣២​គ្រឿង​ទៀត បាន​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ដែល​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ​ទីមួយ​របស់​ចិន Liaoning ។​
 
​មុន​ពិធី​ដង្ហែ​ក្បួន លោក ស៊ី បាន​ជួប​ជាមួយ​មេ​ទ័ពជើងទឹក​បរទេស និង​តំណាង​យោធា​ជាច្រើន​ទៀត ដោយបាន​អំពាវនាវ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​សន្តិវិធី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ចំពោះមុខ​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន លោក ស៊ី ដែលជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​ដែរនោះ លើកឡើងថា ចិន​ជា​ប្រជាជាតិ​ស្រឡាញ់​សន្តិភាព ចង់បាន​សន្តិភាព និង​បន្ត​ដើរ​ផ្លូវ​អភិវឌ្ឍ​ដោយ​សន្តិភាព​ឥត​ងាករេ​អ្វី​ឡើយ​។​
 
​លើសពីនោះ មេដឹកនាំ​ចិន​រូបនេះ​ប្រកាសថា គោលនយោបាយ​ការពារជាតិ​របស់​ចិន មាន​លក្ខណៈ​ការពារ​ខ្លួន​សុទ្ធសាធ ហើយ​តស៊ូ​ដើម្បី​សន្តិសុខ កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ចីរភាព និង​គ្រប់​ជ្រុងជ្រោយ​។ ក្នុងន័យ​យ​នេះ លោក ស៊ី អះអាងថា យោធា​ចិន​ប្ដេជ្ញាចិត្ត​បង្កើត​បរិយាកាស​សន្តិសុខ​ដែល​ពោរពេញ​ដោយ​សមធម៌ ការទុកចិត្ត​គ្នា​ទៅវិញទៅមក មាន​យុត្តិធម៌ ព្រមទាំង​មាន​រក្សា​ប្រយោជន៍​គ្នា​ទៅមក​ទៀតផង​។ 
 
​នាឱកាស​ខួប​ទី​៧០​នៃ​ការបង្កើត​ទ័ពជើងទឹក​របស់ខ្លួន ចិន​បានបង្ហាញ​អាវុធ​ថ្មីៗ និង​នាវាចម្បាំង​របស់ខ្លួន​ជាច្រើន​មុខជា​លើកដំបូង​។ យ៉ាងណាមិញ គេ​មិនឃើញ​វត្តមាន​នាវាចម្បាំង​ទី​ពីរ​របស់​ចិន Type 001A ឡើយ​។ ជំនួស​មកវិញ នាវា​ពិឃាត​ធុន Type 055 នឹង​ក្លាយ​ជាទី​ចាប់អារម្មណ៍​វិញ​។ នាវា​ពិ​ជ​ឃាត​ប្រភេទ​នេះ​មាន​ទម្ងន់​ជាង​១២​ពាន់​តោន ហើយ​ដើរតួ​សំខាន់​ក្នុងការ​ការពារ​នាវា​ដឹកនាំ​យន្តហោះ​។ គេ​ជឿថា Type 055 ជា​នាវា​ពិឃាត​ខ្លាំងជាងគេ​នៅ​អាស៊ី​។​
 
​សូមបញ្ជាក់ថា យោធា​ជើង​ទឹក​ចិន បាន​ប្រែ​មុខមាត់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ពេលដែល​លោក ស៊ី ចាប់​ផ្ដើមធ្វើ​ទំនើបកម្ម​យោធា​។ ក្រោម​កំណែទម្រង់​នេះ យោធា​ចិន​ដែល​មិនសូវមាន​បទពិសោធ​ប្រយុទ្ធ​ច្រើន បាន​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​តាំងពី​ការបង្កើន​បរិមាណ និង​គុណភាព​យន្តហោះ​ចម្បាំង​រហូតដល់​មាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដល់​ទៅ​ពីរ​ទៀតផង ហើយ​បច្ចុប្បន្នកំពុង​សាងសង់​មួយគ្រឿង​ទៀត​៕  

Tag:
 ចិន​
  ស៊ី​ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com