ជាតិ
Quotes ពេល​ដាច់​ភ្លើង​៖ រិះគន់ ត្អូញត្អែរ ចំអក ការពារ និង Troll!
26, Apr 2019 , 12:52 pm        
រូបភាព
ដោយ: ថ្មីៗ
ការរអាក់រអួល​ចរន្តអគ្គិសនី​នារ​យៈ​ប្រមាណ​១​ខែ​ចុងក្រោយ បន្ត​ក្លាយជា​ប្រធានបទ​ពិភាក្សា​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ពលរដ្ឋ មន្ត្រីរាជការ មន្ត្រី​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន ក៏ដូចជា​អ្នកនយោបាយ បាន​បញ្ចេញមតិ​រៀងៗ​ខ្លួន ដោយ​អ្នកខ្លះ​ត្អូញត្អែរ អ្នកខ្លះ​ចំអក អ្នកខ្លះ​ការពារ ហើយ​អ្នក​ខ្លះទៀត​សរសេរ​លេងសើច​សប្បាយ​ជាមួយ​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម​របស់ខ្លួន​។​



អត្ថបទទាក់ទង


លោក ទិ​ត្យ សុធា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែមេសា ថា​៖ «​សម័យ​ប៉ុល ពត នៅពេល​គេ​បង្ខំ​ឱ្យធ្វើ​ការ​ទាំង​ថ្ងៃ​ក្តៅហែង យប់​គ្មាន​ពេល​សម្រាក រស់នៅ​មិនបាន​ជុំ​គ្រួសារ គ្មាន​ម៉ាស៊ីនត្រជាក់ គ្មាន​កង្ហា គ្មាន​ភ្លើង​ប្រើប្រាស់ គ្មាន​ចំណីអាហារ​គ្រប់គ្រាន់ ម៉េច​ក៏​ចេះ​តស៊ូរ​ស់បាន ចុះ​ពេលនេះ គ្រាន់តែ​ខកខាន​ប្រើប្រាស់​ភ្លើង​មួយរយៈ ហេតុអ្វី​ក៏​ស្រែកថ្ងូរ​យ៉ាងនេះ​? អាចមកពី​ធ្លាប់បាន​រស់នៅ​សុខ​ស្រួល ទើប​ពិបាក​ទ្រាំ​នឹង​ការលំបាក​»​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​កំពុង​ប្រឹង​ដោះស្រាយ​បញ្ហា​នេះ ហើយ​លោក​អះអាងថា ផ្ទះ​របស់លោក​ក៏​ដាច់​ភ្លើង​ផងដែរ មិនថាតែ​ប្រជាពលរដ្ឋ រដ្ឋមន្ត្រី ឬ​ថ្នាក់ដឹកនាំ​រូប​ណា​នោះទេ​។ តែ​រំលង​បាន​មួយថ្ងៃ សារ​នេះ មិនឃើញ​មាននៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ទៀតឡើយ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​សម្តេច ហ៊ុន សែន មាន​សំណេរ​បែប​ចំអក​ថា​៖ «​ភ្លើង​ដាច់​ម្លឹ​ងៗ ចុះ​ផ្ទះ​មេភ្លើង មាន​ដាច់​ដែរ​ទេ នុង​?»​។ ប៉ុន្តែ​ក្រោយមក លោក​បានបញ្ជាក់​ក្នុង Live Facebook ថា នោះ​មិនមែនជា​សំណេរ​របស់លោក​ឡើយ  តែ​ជា​សំណេរ​របស់​អ្នកគ្រប់គ្រង​ហ្វេ​ស​ប៊ុ​ក (Admin) របស់លោក​ប៉ុណ្ណោះ ព្រោះ​លោក​យល់ច្បាស់​ពី​បញ្ហា​អគ្គិសនី ដូច្នេះ​គ្មាន​រឿង​អ្វីដែល​លោក​ត្រូវ​វាយប្រហារ​នោះឡើយ​។​

​ចំណែកឯ​លោក កែវ រ៉េមី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្ហោះ​រូប​សំណើច​មួយ​របស់ខ្លួន ដោយ​សរសេរ​នៅលើ​នោះ​ថា​៖ «​ឃើញ​គ្នា​យើង​ស្រែក​លំបាក​រឿង​ដាច់​ភ្លើង ខ្ញុំ​ក៏មាន​អារម្មណ៍​ក្តុកក្តួល​អាណិត​ខ្លាំង​ណាស់ដែរ​តែ ខ្លួន​ខ្ញុំ​រដ្ឋមន្ត្រី​ប្រតិភូ​ក៏​ដាច់​ភ្លើង​ដែរ រឿង​ដែល​គេង​មិន​លក់​គឺ​រឿង​ដាច់​ភ្លើង​នេះឯង​»​។



ក្រោយមក លោក កែវ រ៉េមី បាន​បង្ហោះ Status មួយទៀត ដោយ​លើកឡើងថា​៖ «​មាន​មន្ត្រី​ខិលខូច​ខ្លះ​ឆ្លៀត​យក​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ដែលមាន​ចេតនា​បង្ហាញ​ភាពស្មើគ្នា​រវាង​ប្រជាជន​និង រដ្ឋមន្ត្រី​ក្នុងការ​ដាច់​ភ្លើង​អគ្គីសនី​ដូច​គា្ន​ដោយ​យក​បញ្ហា​នេះ​ទៅ​បង្កើតជា​រឿង​ផ្សេង​»​។​

​ការបញ្ចេញមតិ​ដែល​កាន់តែ​ផុសផុល​នោះ គឺ​ភ្ជាប់​ទៅនឹង​ការលើកឡើង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សរសេរ​នៅក្នុង Group Telegram ហើយ​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ដោយ​បណ្តាសារ​ព័ត៌មាន​។ លោក​បាន​លើកឡើងថា​៖ «​គ្រាន់តែ​ដាច់​ភ្លើង បន្តិចបន្តួច អតីត​បក្សប្រឆាំង នាំគ្នា​ស្រែក​រិះគន់​»​។​


​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​បង្ហោះ​រូបថត​មួយ​ដែលមាន​ឡូហ្គោ «​គណបក្ស​ម៉ាស៊ីនភ្លើង​» ជាមួយនឹង​បាវចនា «​អគ្គិសនី​២៤​ម៉ោង​លើ​២៤​ម៉ោង​-៧​ថ្ងៃ​»​។ តែ​នេះ គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ ព្រោះ​លោក​មិន​ចង់​ធ្វើ​នយោបាយ​ដើម្បី​ដោះស្រាយ​ត្រឹមតែ​បញ្ហា​នេះ​ទេ​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​គ្មាន​យោបល់​អ្វី​ទេ​...​គ្រាន់តែ​ចង់​បញ្ជាក់ថា ខ្ញុំ​គ្មាន​ចំណាប់អារម្មណ៍​ក្នុងការ​ឆ្លៀតឱកាស​បង្កើត គណបក្ស​ម៉ាស៊ីនភ្លើង ក្នុង​ពេលនេះ​ទេ​។ សូមអ្នក​ស្នើ​មក​ខ្ញុំ មេត្តា​អធ្យាស្រ័យ និង​សូមមេត្តា​កុំ​អាក់អន់ចិត្ត​ចំពោះ​ខ្ញុំ​»​។​



រីឯ​លោក ថៃ សុធា អ្នកសារព័ត៌មាន​ដ៏​ល្បីឈ្មោះ​មួយរូប បាន​ចោទ​ជា​សំណួរ​ថា​៖ «​តើ​មាន​អ្នកស្រាវជ្រាវ​ទេ ថា​តើ​បញ្ហា​ដាច់​ភ្លើង (​អគ្គិសនី​) ប៉ះពាល់​សេដ្ឋកិច្ច​ប្រជាជន អ្នករក​ស៊ីតូច​មធ្យម ដូចម្ដេចខ្លះ​? បើ​មាន​ផលប៉ះពាល់ តើ​មាន​វិធានការ​អ្វីដែល​នឹងធ្វើ ដើម្បី​ជួយ​សម្រាល​ផលប៉ះពាល់​សេដ្ឋកិច្ច​នេះ ដែរឬទេ​? តើ​គេ​នឹងមាន​វិធានការ​អ្វី​ដើម្បី​បង្ការ​វិបត្តិ​នេះ​នៅ​ឆ្នាំ​បន្ទាប់ៗ​?»​។​

​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន មាន​ចម្ងល់​ទាក់ទង​នឹង​ប្លុក​ដែល​ខ្លួន​រស់នៅ ដោយ​ផ្ទះ​គាត់​តែងតែ​ដាច់​ភ្លើង ហើយ​ផ្ទះ​ដែល​នៅ​គម្លា​ត​មិន​ឆ្ងាយ​ពីនេះ បែរជា​មិន​ជួប​បញ្ហា​ទៅវិញ​។ អ្នកខ្លះ​ថា ខ្លួន​មានសំណាង​ដោយបាន​នៅក្បែរ​ស្ថាប័ន​ធំៗ ដែលជា​តំបន់​មិនមាន​បញ្ហា​ដាច់​ភ្លើង​។​

​ក្រៅពីនេះ មាន​សំណេរ ការដាក់​រូបថត ការ​រចនា​រូបភាព និង​កាត់ត​វីដេអូ​បែប​លេងសើច និង​ចំអក (Troll) ទាក់ទង​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​នា​រយៈពេល​ចុងក្រោយ​នេះ​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com