ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន គ្រោងកែទម្រង់ក្របខណ្ឌក្រសួងការពារជាតិ ឲ្យមានផ្កាយ៤តែ២រូបប៉ុណ្ណោះ
× ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងកំណែទម្រង់ក្របខណ្ឌក្រសួងការពារជាតិ ឲ្យមាននាយឧត្តមសេនីយ៍ផ្កាយ៤ត្រឹមតែ២រូបប៉ុណ្ណោះ។ ព័ត៌មាននេះ បានផ្សព្វផ្សាយនៅលើហ្វេសប៊ុកនាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី២៧ មេសានេះ។
ក្នុងហ្វេសប៊ុកដដែល បានស្រង់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកសរសេរថា សម្ដេចបានស្នើឲ្យនាយឧត្តមសេនីយ៍ផ្កាយ៤ ស្ម័គ្រចិត្តទម្លាក់ពីឋានន្តរសក្តិផ្កាយ៤ មកផ្កាយ៣វិញ ហើយទុកតែនាយឧត្តមសេនីយ៍ផ្កាយ៤ តែ២រូបប៉ុណ្ណោះ នៅក្នុងក្របខណ្ឌក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ផ្កាយ៤ តែ២រូបនោះ គឺមានតែសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ នេះបើតាមរូបភាពដែលបានបង្ហោះនៅលើហ្វេសប៊ុកនាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន។
ទាក់ទងនឹងព័ត៌មាននេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា សម្ដេច ហ៊ុន សែន ពិតជាបានលើកឡើងបែបនេះមែន ប៉ុន្តែមិនទាន់មានការសម្រេចជាផ្លូវការឡើយ ពោលគឺវាគ្រាន់តែជាទិសដៅកំណែទម្រង់របស់រដ្ឋាភិបាលនាពេលអនាគតប៉ុណ្ណោះ។
«គ្រាន់តែជាយោបល់របស់ថ្នាក់លើទេ ប៉ុន្តែមិនទាន់បានអនុវត្តទេ មិនទាន់បានគិតគូរទេ។ វាគ្រាន់តែជាទិសដៅកំណែទម្រង់»។ នេះជាការបញ្ជាក់របស់លោក ឈុំ សុជាតិ ៕
Tag:
ហ៊ុន សែន
ឈុំ សុជាតិ
ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com