ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ អ្នកស្រីស្មីត វាយតម្លៃខ្ពស់ពីការខិតខំរបស់កម្ពុជា លើការងារសិទ្ធិមនុស្ស
30, Apr 2019 , 1:12 pm        
រូបភាព
ជំនួបរវាងលោក កែ​វ រ៉េមី និង អ្នកស្រី រ៉ូណា ស្មីត
ជំនួបរវាងលោក កែ​វ រ៉េមី និង អ្នកស្រី រ៉ូណា ស្មីត
ភ្នំពេញ៖ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មើលឃើញចំណុចវិជ្ជមាន និងការប្រឹងប្រែងរបស់មន្រ្តីកម្ពុជា ក្នុងការបំពេញការងារផ្នែកសិទ្ធិមនុស្ស។ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកយកការសរសើរបែបនេះរបស់អ្នកស្រី ទៅប្រាប់ក្រុមអ្នកកាសែត។



អ្នកស្រី រ៉ូណា ស្មីត បានជួបលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។ លោក ជិន ម៉ាលីន អះអាងថា ក្នុងកិច្ចពិភាក្សានោះ អ្នកស្រី ផ្តោតសំខាន់ទៅលើស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា និងអនុសាសន៍របស់អ្នកស្រី ដែលស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអនុវត្ត កាលពីអ្នកស្រី មកបំពេញទស្សនកិច្ចលើកមុន។


លោក ជិន ម៉ាលីន ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយបញ្ចប់ជំនួបរវាងលោក កែវ រ៉េមី និង អ្នកស្រី រ៉ូណា ស្មីត

អ្នកនាំពាក្យរូបនេះ បន្តថា ស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មានការរីកចម្រើន និងមានភាពល្អប្រសើរច្រើនណាស់ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីការរីកចម្រើនទាំងនេះ នៅចំពោះមុខអ្នកស្រី។ លោក បញ្ជាក់បែបនេះថា «អ្នកស្រី បានវាយតម្លៃខ្ពស់នូវកិច្ចប្រឹងប្រែង និងការរីកចម្រើន ដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុវត្តនាពេលកន្លមក។ [....] អនុសាសន៍ ដែលអ្នកស្រី បានផ្តល់ជូនកាលពីជំនួបលើកទី៦ គឺយើងបានអនុវត្ត ហើយមានការរីកចម្រើនទៅមុខ។ អ៊ីចឹង គាត់លើកទឹកចិត្តឲ្យយើងបន្តទៅទៀត»។

មន្ត្រីសិទ្ធិមនុស្សកម្ពុជារូបនេះ អះអាងថា អ្នកស្រី ពុំបានសួរនាំឬក៏និយាយពីបញ្ហានយោបាយជាមួយលោក កែវ រ៉េមី នោះទេ។ លោក បន្ថែមថា ករណីរបស់លោក កឹម សុខា ក៏អ្នកស្រី ពុំបានលើកឡើងក្នុងជំនួបនោះដែរ។

ក្នុងដំណើរទស្សនកិច្ចលើកទី៧នេះ អ្នកស្រី នៅតែបន្តសុំជួបលោក កឹម សុខា តែនៅតែត្រូវបានបដិសេធដូចលើកមុនៗ។ ជាលើកទី៣ហើយ ដែលអ្នកស្រី ត្រូវបានបដិសេធមិនឲ្យជួបលោក កឹម សុខា។

អត្ថបទទាក់ទង


អ្នករាយការណ៍របស់អង្គការសហប្រជាជាតិរូបនេះ នឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ មុនចាកចេញពីកម្ពុជា អ្នកស្រី នឹងធ្វើសន្និសីទកាសែតជុំវិញដំណើរទស្សនកិច្ចរបស់អ្នកស្រី៕

Tag:
 រ៉ូណា ស្មីត
  កែវ រ៉េមី
  ជិន ម៉ាលីន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com