អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ ឡើងជា​អធិរាជ​ជប៉ុន​ទី​១២៦ ក្រោយ​ការដាក់រាជ្យ​របស់​បិតា​
01, May 2019 , 9:21 am        
រូបភាព
 ​រជ្ជទាយាទ​ជប៉ុន ព្រះអង្គម្ចាស់ ណា​រ៉ូ​ហ៊ី​តុ នៅ​ថ្ងៃទី​១ ខែឧសភា​នេះ បាន​ឡើង​គ្រងរាជ្យ​ជា​អធិរាជ​ជប៉ុន​ហើយ​បន្ត​ពី​បិតា​អធិរាជ អាគី​ហ៊ី​តុ ដែល​បានដាក់​រាជ្យ​។ ការដាក់រាជ្យ​ដែល​ធ្វើ​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមេសា ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​ក្នុងពេល​ជាង​ពីរ​រយ​ឆ្នាំ​សម្រាប់​ជប៉ុន​ដែល​អធិរាជ​ចុះចេញ​ពី​រាជបល្ល័ង្ក​។ ពិធី​ដាក់រាជ្យ​នេះ ធ្វើឡើង​ក្នុង​ពិធី​សាមញ្ញ​មួយ​ក្នុង​រាជវាំង​ទីក្រុង​តូ​ក្យូ​។ តាមពិតទៅ រជ្ជទាយាទ ក្លាយជា​អធិរាជ​តាំងពី​ពាក់​កណ្ដាលយប់​ឆ្លង​ចូល​ថ្ងៃទី​១ មកម្ល៉េះ​។​

 
​ថ្ងៃទី​១ ខែឧសភា ជាការ​ចាប់ផ្ដើម​រជ្ជកាល​ថ្មី​សម្រាប់​ជប៉ុន​។ ព្រះអង្គម្ចាស់ ណា​រ៉ូ​ហ៊ី​តុ បាន​ក្លាយជា​អធិរាជ​ទី​១២៦ របស់​ជប៉ុន​ដោយ​ស្នង​តំណែង​ពី​បិតា​របស់​ទ្រង់ គឺ​អធិរាជ អាគី​ហ៊ី​តុ ដែល​ដាក់រាជ្យ​។ រជ្ជកាល​ថ្មី ត្រូវបាន​កំណត់​ឈ្មោះ​រួចហើយ​គឺ Reiwa ដែល​មានន័យថា សុខដុមរមនា​។ រជ្ជកាល​នេះ នឹងមាន​អាយុកាល​ពេញ​មួយ​រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ ណា​រ៉ូ​ហ៊ី​តុ ។​
 
​ទោះ​ក្លាយជា​អធិរាជ​តាំងពី​ពាក់​កណ្ដាលយប់​ថ្ងៃទី​៣០ ខែមេសា​ឆ្លង​ចូល​ថ្ងៃទី​១ ខែឧសភា​ក្ដី កម្មវិធី​គ្រងរាជ្យ​បែប​សាសនា និង​ជា​ផ្លូវការ ត្រូវធ្វើឡើង​ក្នុង​រាជវាំង​រយៈពេល​១០​នាទី​។ ក្នុង​កម្មវិធី​នេះ សមាជិក​រាជវង្ស​ជា​ស្ត្រី​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ឡើយ ហើយ​សូម្បី​មហេសី​របស់​អធិរាជ​ថ្មី ក៏​គ្មាន​សិទ្ធិ​ចូលរួម​ដែរ​។ គ្រឿង​កេតនភណ្ឌ​សំខាន់ៗ​មាន​ព្រះខ័នរាជ្យ និង​ត្បូង​រាជវង្ស ត្រូវបាន​ថ្វាយ​ចំពោះ​អធិរាជ ណា​រ៉ូ​ហ៊ី​តុ ដើម្បី​តំណាង​ឲ្យ​អំណាច​នៃ​អធិរាជ​ពេញ​ច្បាប់​។​
 
​យ៉ាងណាមិញ កម្មវិធី​គ្រងរាជ្យ​ដ៏​អធិកអធម​ជា​សាធារណៈ​ដែល​ចូលរួម​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​ពិភពលោក​ជាច្រើន នឹងធ្វើ​នៅ​ថ្ងៃទី​២២ ខែតុលា​ឯណោះ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ក្លាយជា​ភ្ញៀវ​បរទេស​ទីមួយ​ដែល​ចូលគាល់​អធិរាជ​ជប៉ុន​ថ្មី ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​អំឡុង​ខែឧសភា​នេះ​។ 
 
​ដូច​បិតា​របស់​ទ្រង់​ដែរ អធិរាជ ណា​រ៉ូ​ហ៊ី​តុ ជា​ក្សត្រ​មានតម្រិះ​បែប​ទំនើប ព្រោះ​ទ្រង់​ធ្លាប់​សិក្សា​នៅ​បរទេស​។ រឿង​ដូចគ្នា​មួយទៀត គឺ​ទាំង​បិតា ទាំង​បុត្រា សុទ្ធតែ​មិន​អនុវត្តតាម​ប្រពៃណី ដោយ​រៀប​អភិសេក​ជាមួយ​ស្ត្រី​សាមញ្ញ​។ អធិរាជ​ថ្មី បាន​រៀប​អភិសេក​ជាមួយ​អ្នកនាង ម៉ាសា​កូ ដែលជា​អ្នកការទូត​ឆ្នើម​ម្នាក់ ហើយ​មាន​បុត្រី​មួយអង្គ​៕
 
  

Tag:
 ជប៉ុន​
  អាគី​ហ៊ី​តុ​
  ណា​រ៉ូ​ហ៊ី​តុ​
© រក្សាសិទ្ធិដោយ thmeythmey.com