កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola ក្លាយជា​អ្នកចាត់ការ​ដំបូង​គេ​ដែល​ជួយ​ក្រុម​ការពារ​ជើងឯក​លី​គ​៣​ផ្សេងគ្នា​
13, May 2019 , 10:59 pm        
រូបភាព
​លោក Pep Guardiola បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ទីមួយ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​អាចដឹកនាំ​ក្រុម​ការពារ​តំណែង​ជើងឯក​នៃ​លី​គ​កំពូល​ធំៗ​ចំនួន​៣​ផ្សេងគ្នា​នៅ​អឺរ៉ុប រួមមាន អង់គ្លេស អេ​ស្ប៉ា​ញ និង​អាល្លឺម៉ង់​។​


 
 
Manchester City អាច​រក្សា​តំណែង​ជើងឯក Premier League របស់ខ្លួន​បានសម្រេច ដោយ​យកឈ្នះ​គូប្រជែង Liverpool តែមួយ​ពិន្ទុ​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​បញ្ចប់​ការប្រកួត​ទាំ​៣៨​លើក​រដូវ​កាល​នេះ​។ ក្រោម​ការដឹកនាំ​របស់​លោក Pep ចំនួន​៣​រដូវ​កាល ក្រុម​មេឃ​ខៀវ​អាច​ឈ្នះ​ពាន​កំពូល​អង់គ្លេស​នេះ​នៅ​ពីរ​រដូវ​កាល​បន្ទាប់​ជាប់ៗ​គ្នា​គឺ​ឆ្នាំ ២០១៧-១៨ និង ២០១៨-១៩ នេះ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៨​ឆ្នាំ​រូបនេះ ធ្លាប់​ដឹកនាំ Barcelona ឈ្នះ​ពាន La Liga ចំនួន​៣​លើក​ជាប់ៗ​គ្នា​ផងដែរ (២០០៨-០៩, ២០០៩-១០, ២០១០-១១) ពោលគឺ​ក្រោម​ការដឹកនាំ​របស់លោក​៣​រដូវ​កាល​ដំបូង​នៅ​ទឹកដី Nou Camp​។ 


 
​អ្វីដែល​អស្ចារ្យ​ទៅទៀត​នោះ ក្រោយ​ចាក​ចេញពី​ទឹកដី​អេ​ស្ប៉ា​ញ​ទៅកាន់​ទឹកដី​អាល្លឺម៉ង់ អតីត​កីឡាករ​ក្រុម​អ្នកមាន​បុណ្យ​រូបនេះ​បាន​ជួយ Bayern Munich លើក​ពាន Bundesliga ចំនួន​៣​លើក​ជាប់ៗ​គ្នា​ទៀត (២០១៣-១៤, ២០១៤-១៥, ២០១៥-១៦) មុនពេល​ទៅ​ចូលរួម​ជាមួយ Man City នៅ​ចុងឆ្នាំ​២០១៦​។​
 
​នេះ​ជាការ​ឈ្នះ​ពាន​សរុប​ចំនួន ៨ សម្រាប់​លី​គ​កំពូល​៣​ផ្សេងគ្នា​ក្នុង​រយៈពេល ១០ ឆ្នាំ​របស់លោក Guardiola ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ម្នាក់​គត់​ដែល​មិនទាន់មាន​អ្នកណា​អាចធ្វើ​បាន​។ បុរស​ដែលមាន​កំណើត​ក្នុង​ទឹកដី​ស្វយ័ត Catalonia រូបនេះ​រំពឹងថា​នឹង​ជួយ Man City ឈ្នះ Premier League ឲ្យ​បាន​៣​រដូវ​កាល​ជាប់​គ្នា​ផងដែរ​។​
 
​ក្រុម​បិសាច​ក្រហម Manchester United ជា​ក្លិប​តែមួយគត់​នៅ​អង់គ្លេស​ដែល​ឈ្នះ​ពាន Premier League ៣​រដូវ​កាល​ជាប់​គ្នា​ដល់​ទៅ​២​លើក​កាល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Sir Alex Ferguson ពោលគឺ​ឆ្នាំ ១៩៩៨-៩៩, ១៩៩៩-២០, ២០០០-០១ និង ២០០៦-០៧, ២០០៧-០៨, ២០០៨-០៩៕

Tag:
 Pep Guardiola
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com