អន្តរជាតិ
វត្តមាន​នាវា​ដឹក​យន្តហោះ​អាមេរិក​នៅក្បែរ​ផ្ទះ មេទ័ព​អ៊ីរ៉ង់​ចាត់ទុកជា​ឱកាស មិនមែន​ការ​គំរាម​ឡើយ​
13, May 2019 , 11:39 pm        
រូបភាព
នាវាដឹកយន្តហោះ USS Abraham Lincoln ។ រូបភាព AFP
នាវាដឹកយន្តហោះ USS Abraham Lincoln ។ រូបភាព AFP
​អ៊ីរ៉ង់ ហាក់​មិន​ព្រួយបារម្ភ​ជុំវិញ​ការពង្រាយ​អាវុធយុទ្ធភណ្ឌ​របស់​អា​មេ​រិ​ក​នៅក្បែរ​ផ្ទះ​របស់ខ្លួន​។ មន្ទីរ​បញ្ច​កោណ កាលពី​សប្ដាហ៍​មុន បានប្រកាស​បញ្ជូន​នាវាចរណ៍​មួយ​កង​ដឹកនាំ​ដោយ​នាវា​ដឹកនាំ​យន្តហោះ USS Abraham Lincoln និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​សមុទ្រ​កៀក​អ៊ីរ៉ង់ ដោយ​ឆ្លើយតប​នូវ​ដែល​ខ្លួន​ចាត់ទុក ជាការ​គំរាមកំហែងរ​បស់​ទីក្រុង​តេ​ហេ​រ៉ង់​។ ក្រោយមក អាមេរិក​ក៏​សម្រេចចិត្ត​ពង្រាយ​ខែល​ប្រព័ន្ធ​ការពារ Patriot ទៅកាន់​មជ្ឈិមបូព៌ា​ទៀត​។

 
​វត្តមាន​យោធា​អាមេរិក​នៅ​ឈូង​សមុទ្រ​ពែ​រ្ស ជាការ​គំរាមកំហែង​អ៊ីរ៉ង់​ក្នុង​អតីតកាល តែ​បច្ចុប្បន្ន​វិញ​ជា​ឱកាស​សម្រាប់​អ៊ីរ៉ង់​។ នេះ​ជាការ​លើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍ Amirali Hajiadeh មេបញ្ជាការ​កម្លាំង​អាកាស​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ ការលើកឡើង​ដោយ​មោទន​ក​ភាព​របស់​មេទ័ព​អ៊ីរ៉ង់​រូបនេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ចាប់ផ្ដើម​បញ្ចេញ​ធ្មុង​របស់ខ្លួន​កាន់តែខ្លាំង​នៅ​តំបន់​មជ្ឈិមបូព៌ា​តាមរយៈ​ការបញ្ជូន​សព្វាវុធ​ទំនើប​ទៅកាន់​ទឹកដី​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែល​នៅ​មិន​ឆ្ងាយ​ពី​អ៊ីរ៉ង់​។​
 
​ដោយ​ចង់​សំដៅ​នាវា​ដឹក​យន្តហោះ USS Abraham Lincoln ដែល​ទើប​ទទួលបញ្ជា​ឲ្យ​ធ្វើដំណើរ​ទៅកាន់​មជ្ឈិមបូព៌ា​នោះ លោក Hajiadeh និយាយថា នាវា​ដឹក​យន្តហោះ​ដែល​ផ្ទុក​យន្តហោះ​ពី​៣០​ទៅ​៤០​គ្រឿង និង​មាន​ទាហាន​៦​ពាន់​នាក់​នោះ ធ្លាប់ជា​ការគំរាមកំហែង​ដ៏​ខ្លាំង​សម្រាប់​អ៊ីរ៉ង់ ប៉ុន្តែ​ការគំរាមកំហែង​នេះ​ក្លាយជា​ឱកាស​វិញ​។ បើតាម​សារព័ត៌មាន​អ៊ីរ៉ង់ ISNA មេទ័ព​រូបនេះ​បញ្ជាក់ថា អ៊ីរ៉ង់​មាន​មី​ស៊ី​ល​ដែល​អាច​បាញ់​ចំ​គោលដៅ​នៅ​ចម្ងាយ​ពី​៣០០​ទៅ​៧០០​គីឡូម៉ែត្រ​ដោយ​ស្រួល​។​
 
«​បើ​អាមេរិក​ហ៊ាន​ដើរ​មួយ​ជំហាន​ទៀត អ៊ីរ៉ង់​នឹង​បាញ់​កម្ទេច​ក្បាល​ពួកគេ​តែម្ដង​។​» នេះ​ជាការ​ព្រមាន​របស់​មេបញ្ជាកា​រ​យោធា​ខាងលើ​។ 
 
​ការបញ្ជូន​សព្វាវុធ​ជាច្រើន​ទៅកាន់​មូលដ្ឋាន​នៅ​មជ្ឈិមបូព៌ា ត្រូវបាន​មន្ត្រី​អាមេរិក​អះអាងថា ជាការ​ឆ្លើយតប​នឹង​សកម្មភាព​គំរាមកំហែង​របស់​អ៊ីរ៉ង់​។ ដោយ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​ពី​គម្រោង​របស់​អ៊ីរ៉ង់​នោះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន ចាត់ទុក​ការបញ្ជូន​នាវា​ដឹក​យន្តហោះ​លើក​នេះ ជា​សារ​មួយ​ទៅកាន់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។ 
 
​ការ​ចល័ត​សម្ភារៈ​យោធា​អាមេរិក ក៏​រង​ប្រតិកម្ម​ច្រើន​ពី​អ៊ីរ៉ង់​វិញ​ដែរ​។ នៅ​ថ្ងៃទី​១២ ខែឧសភា ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ឧ​ត្ត​ម​សេនីយ៍​ទោ Hossein Salami បាន​ប្រាប់​សមាជិកសភា​អ៊ីរ៉ង់​ថា អាមេរិក​កំពុង​ធ្វើសង្គ្រាម​យុទ្ធសាស្ត្រ​ដាក់​អ៊ីរ៉ង់​។ ចំណែក​កាលពី​ចុង​សប្ដាហ៍​ដដែល មន្ត្រីជាន់ខ្ពស់​សាសនា​ម្នាក់​នៅ​អ៊ីរ៉ង់​ថែមទាំង​ប្រកាស​ដោយ​ចំហ​ថា មី​ស៊ី​ល​មួយ​គ្រាប់​ប៉ុណ្ណោះ អាច​ពន្លិច​នាវា​ដឹក​យន្តហោះ​អាមេរិក​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​យ៉ាង​ងាយ​៕
 

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com