អន្តរជាតិ
ចិន ប្រកាសដំឡើងពន្ធលើទំនិញអាមេរិកតម្លៃ៦០ពាន់លានដុល្លារ
× ប្រទេសចិន នៅថ្ងៃទី១៣ ខែឧសភា បានប្រកាសដំឡើងពន្ធនាំចូលលើទំនិញរបស់អាមេរិកដែលមានតម្លៃចំនួន៦០ពាន់លានដុល្លារ។ ការប្រកាសដំឡើងពន្ធ ត្រូវបានទីក្រុងប៉េកាំងពន្យល់ថា ជាការឆ្លើយតបនឹងការដំឡើងពន្ធចុងក្រោយលើទំនិញរបស់ខ្លួនពីសំណាក់ទីក្រុងវ៉ាស៊ីនតោនដែលមានតម្លៃដល់ទី២០០ពាន់លានដុល្លារឯណោះ។ យ៉ាងណាមិញ ចិន នឹងមិនទាន់អនុវត្តការដំឡើងពន្ធនេះភ្លាមឡើយ ដោយទុកពេលឲ្យការចរចាជាមួយអាមរិកសិន។
ភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន បានកើនឡើងខ្លាំង ខណៈការចរចាដែលអូសបន្លាយជាច្រើនខែនៅមិនទាន់មានលទ្ធផលហើយ ហើយភាគីទាំងសងខាង ក៏ចាប់ផ្ដើមដំឡើងពន្ធនាំចូលលើទំនិញគូប្រកួតរបស់ខ្លួនជាថ្មីទៀត។ កាលពីថ្ងៃទី១០ ខែឧសភា អាមេរិកបានដំឡើងពន្ធដល់ទៅ២៥ភាគរយលើទំនិញចិនដែលមានទំហំ២០០ពាន់លានដុល្លារ ហើយប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងព្រមានចិន កុំឲ្យតដៃទៀតផង។
ទំនងមិនអាចទ្រាំនឹងសកម្មភាពឯកតោភាគីរបស់អាមេរិក ចិន នៅថ្ងៃទី១៣ ខែឧសភា ក៏សងសឹកវិញដោយបានប្រកាសដំឡើងពន្ធនាំចូលលើទំនិញអាមេរិកដែលទំហំ៦០ពាន់លានដុល្លារវិញ។ បើតាមការប្រកាសរបស់គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន ការដំឡើងពន្ធនាំចូលមាននេះ មានអត្រាផ្សេងគ្នាចាប់ពី៥ភាគរយទៅដល់២៥ភាគរយ។ ទំនិញអាមេរិកដែលត្រូវបង់ពន្ធខ្ពស់បំផុតមានដូចជា ប្រេងចម្អិនអាហារ ស្រាបៀរ គ្រឿងអលង្ការ និងស្រោមអនាម័យជាដើម។
យ៉ាងណាមិញ ការដំឡើងពន្ធរបស់ក្រុងប៉េកាំង នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនាឯណោះ ព្រោះចិនទំនងចង់ទុកពេលដើម្បីជជែកគ្នាជាមួយអាមេរិកសិន។ សេចក្ដីប្រកាសខាងលើលើកឡើងថា វិធានការដំឡើងពន្ធនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពឯកតោភាគី និងគោលការណ៍គាំពារនិយមរបស់អាមេរិក។
ការប្រកាសដំឡើងពន្ធរបស់ចិន ធ្វើឡើងក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានថា ចិននឹងរងផលប៉ះពាល់ខ្លាំង បើគ្មានកិច្ចព្រមព្រៀងទេនោះ។ បើតាមលោក ត្រាំ ក្រុមហ៊ុនបរទេសជាច្រើន នឹងរត់ចេញពីចិន ព្រោះត្រូវបង់ពន្ធថ្លៃពេលនាំចូលទៅទីផ្សារអាមេរិក។ ប្រធានាធិបតីអាមេរិក ក៏ឆ្លៀតរិះគន់ចិនដែលបានបញ្ចេញឥរិយាបថមិនចង់ចរចា ខណៈការចរចារវាងមន្ត្រីទាំងពីរឈានដល់ដំណាក់កាលចុងក្រោយទៅហើយនោះ។
អ្វីកាន់តែព្រួយបារម្ភនោះ លោក ត្រាំ ក៏បានបញ្ជាឲ្យក្រសួងរតនាគារអាមេរិក ចាប់ផ្ដើមនីតិវិធីដើម្បីដាក់ពន្ធថ្មីទៀតលើទំនិញចិនដែលនៅសេសសល់ប្រមាណ៣២៥ពាន់លានដុល្លារទៀត។ ប៉ុន្តែលោកមិនទាន់សម្រេចចិត្តថា នឹងអនុវត្តការដំឡើងពន្ធនេះឬយ៉ាងណានៅឡើយទេ។ នៅថ្ងៃទី១៣ ខែឧសភា លោក ត្រាំ ក៏ផងដែរពីគម្រោងជួបគ្នាជាមួយសមភាគីចិន ស៊ី ជិនភីង អំឡុងជំនួបប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅទឹកដីជប៉ុននៅខែក្រោយនេះ៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com