អន្តរជាតិ
កូរ៉េខាងជើង ទាមទារអាមេរិកឲ្យប្រគល់កប៉ាល់ខ្លួនមកវិញ
× នៅថ្ងៃទី១៤ ខែឧសភា កូរ៉េខាងជើង បានទាមទារឲ្យអាមេរិកប្រគល់កប៉ាល់មកឲ្យខ្លួនវិញជាបន្ទាន់ បន្ទាប់ពីអាមេរិកបានប្រកាសរឹបអូសកាលសប្ដាហ៍មុន។ កូរ៉េខាងជើងចាត់ទុកសកម្មភាពរបស់អាមេរិក ជាការបំពានកិច្ចព្រមព្រៀងរបស់មេដឹកនាំទាំងពីរនាពេលកន្លងមក ហើយជាការព្យាយាមដាក់សម្ពាធឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ។
កាលពីថ្ងៃទី១០ ខែឧសភា ក្រសួងយុត្តិធម៌អាមេរិកបានប្រកាលពីការរឹបអូសកប៉ាល់កម្មសិទ្ធិកូរ៉េខាងជើងឈ្មោះ Wise Honest ហើយយកទៅទុកនៅកោះ Samoa ។ ដើមឡើយ កប៉ាល់នេះ ត្រូវបានឃាត់ទុកអាជ្ញាធរឥណ្ឌូណេស៊ីកាលពីខែមេសា ឆ្នាំ២០១៨ ក្រោមហេតុផលថា ដឹកជញ្ជូនធ្យូងថ្មបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បួនថ្ងៃក្រោយ កូរ៉េខាងជើងប្រាប់ឲ្យអាមេរិកដោះលែងកប៉ាល់ខ្លួនវិញ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសម្នាក់ថា ទង្វើអាមេរិកជារឿងខុសច្បាប់ ព្រោះបានប្លន់ទ្រព្យសម្បត្តិរបស់កូរ៉េខាងជើង។ ម្យ៉ាងទៀតនោះ កូរ៉េខាងជើង ក៏ទាត់ចោលអំណះអំណាងរបស់អាមេរិកដែលយកដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខធ្វើជាមូលដ្ឋានក្នុងរឹបអូសកប៉ាល់ដឹកទំនិញរបស់ខ្លួន។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងថា ទីក្រុងព្យុងយ៉ាងមិនដែលទទួលស្គាល់ដំណោះស្រាយនោះឡើយ។
អ្នកនាំពាក្យដដែលអះអាងថា ការរឹបអូសកប៉ាល់ពីសំណាក់អាមេរិក ជាផ្នែកមួយការដាក់សម្ពាធជាអតិបរិមាលើកូរ៉េខាងជើង តែវាបានបំពានយ៉ាងងងើលសេចក្ដីថែ្លងការណ៍មេដឹកនាំខែមិថុនា ឆ្នាំ២០១៨ ។ មន្ត្រីទីក្រុងព្យុងយ៉ាងដដែលក៏ប្រាប់ទៅទីក្រុងវ៉ាស៊ីនតោនវិញថា វាជាគិតគូរមិនត្រឹមត្រូវឡើយ បើអាមេរិកគិតថា អាចបង្ខំកូរ៉េខាងជើងដោយប្រើកម្លាំងបាយនោះ ហើយអាមេរិកត្រូវដឹងពីផលវិបាកនៃអាកប្បកិរិយាជនពាល ព្រមទាំងដោះលែងកប៉ាល់ជាបន្ទាន់។
តាមពិតទៅ សេចក្ដីរួមក្រោយជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មិនបានចែងអ្វីច្រើនឡើយលើទំនាក់ទំនងទ្វេភាគី។ ក្រៅតែពីការប្ដេជ្ញាចិត្តរំសាយនុយក្លេអ៊ែរ ភាគីទាំងពីរបានត្រឹមឯកភាពគ្នាបង្កើតទំនាក់ទំនងថ្មី និងបង្កើតសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េប៉ុណ្ណោះ។
ដូចដឹងស្រាប់ កូរ៉េខាងជើងស្ថិតក្រោមសម្ពាធខ្លាំងពីអាមេរិកផង និងអន្តរជាតិផង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញដំណោះស្រាយជាច្រើនដោយបានដាក់ទណ្ឌកម្មរាប់សិបជាន់លើរដ្ឋកុម្មុយនីស្តមួយនេះជុំវិញកម្មវិធីនុយក្លេអ៊ែរ។ ការដកទណ្ឌកម្ម ជាលក្ខខណ្ឌមួយដែលកូរ៉េខាងជើងធ្លាប់ទៅអាមេរិកក្នុងពេលចរចាដើម្បីឈានទៅលុបបំបាត់នុយក្លេអ៊ែរ ប៉ុន្តែការចរចាជាមួយអាមេរិកកំពុងជាប់គាំងទៅហើយសព្វថ្ងៃ៕
Tag:
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com