អន្តរជាតិ
យោធាស៊ូដង់និងក្រុមបាតុករ យល់ព្រមដឹកនាំប្រទសរួមគ្នាបីឆ្នាំ មុនរៀបចំការបោះឆ្នោត រូបភាព AFP
× យោធាស៊ូដង់ និងក្រុមបាតុករ បានឯកភាពគ្នាលើរយៈពេលអន្តរកាលដើម្បីដឹកនាំប្រទេសរួមគ្នា។ ក្រោយការចរចាយ៉ាងតឹងតែង យោធាស៊ូដង់ និងមេដឹកនាំបាតុករ បានកំណត់រយៈពេលអន្តរកាលចំនួនបីឆ្នាំ មុននឹងរៀបចំការបោះឆ្នោតដើម្បីផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។ បច្ចុប្បន្ន ស៊ូដង់ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាក្រោយផ្ដួលរំលំមេដឹកនាំផ្ដាច់ការ អូម៉ា អាល់-បាសៀ ដែលកាន់អំណាច៣០ឆ្នាំមកហើយនោះ។
ក្រុមយោធាស៊ូដង់កំពុងក្ដាប់អំណាច និងមេដឹកនាំក្រុមបាតុករ នៅថ្ងៃទី១៥ ខែឧសភា បានយល់ព្រមដឹកនាំប្រទេសរួមគ្នារយៈពេលបីឆ្នាំ មុននឹងរៀបការបោះឆ្នោតមួយថ្មី។ ការយល់ព្រមគ្នា ធ្វើឡើងក្រោយការចរចាជាច្រើនសប្ដាហ៍ចាប់តាំងពីប្រធានាធិបតី អូម៉ា អាល់-បាសៀ ត្រូវបានយោធាទម្លាក់ពីតំណែងកាលពីខែមេសាកន្លងទៅ។ យ៉ាងណាមិញ ភាគីទាំងពីរកំពុងចរចាលើស្ថាប័នគ្រប់គ្រងថ្មីដែលត្រូវដឹកនាំប្រទេសទៅមុខ។
តាមពិតទៅ ក្រោយការផ្ដួលរំលំលោក អាល់-បាសៀ ពីសំណាក់យោធា ក្រុមបាតុករបានទាមទារឲ្យកងទ័ពផ្ទេរអំណាចទៅឲ្យក្រុមប្រឹក្សាស៊ីវិលជាបន្ទាន់ ប៉ុន្តែយោធាបែរជាបង្កើតក្រុមប្រឹក្សាមួយដឹកនាំប្រទេសតែឯង។ ក្រុមប្រឹក្សាយោធាដែលមានសមាជិកជាឧត្តមសេនីយ៍ជាន់ខ្ពស់នោះ ប្រកាសដឹកនាំប្រទេសក្នុងរយៈពេលអន្តរកាលពីរឆ្នាំ មុនប្រគល់អំណាចឲ្យស៊ីវិលវិញ។ ក្រុមបាតុករដែលជាកម្លាំងនាំទៅរកការដួលរលំរបបលោក អាល់-បាសៀ នោះ ក៏បន្តធ្វើបាតុកម្មប្រឆាំងយោធាទៀត។
ការជួបចរចារវាងយោធាកាន់អំណាច និងមេដឹកនាំបាតុករដើម្បីដោះស្រាយបញ្ហា បានធ្វើឡើងជាច្រើន តែមិនទាន់មានលទ្ធផល ខណៈការប៉ះទង្គិចរវាងបាតុករនិងយោធាក្នុងសប្ដាហ៍នេះ បានស្លាប់មនុស្សចំនួន៦នាក់ទៀតនៅខាងមុខទីស្នាក់ការកងទ័ពក្នុងរដ្ឋធានីខាទុំ។ ទោះជាបានព្រមព្រៀងលើរយៈពេលអន្តរកាលក្ដី ភាគីទាំងពីរនៅមិនទាន់ឯកភាពគ្នាលើសមាសភាពក្រុមប្រឹក្សាដឹកនាំប្រទេសថ្មីនៅឡើយទេ។
យ៉ាងណាក្ដី ឧត្តមសេនីយ៍ Yasser al-Atta និយាយថា កិច្ចព្រមព្រៀងស្ដីពីសមាសភាពក្រុមប្រឹក្សា នឹងត្រូវចុះហត្ថលេខាឆាប់ៗនេះជាមួយសម្ព័ន្ធភាពដើម្បីសេរីភាព និងការផ្លាស់ប្ដូរដែលតំណាងឲ្យក្រុមបាតុករ។ សមាភាពក្រុមប្រឹក្សាដែលនឹងចាត់ចែងកិច្ចការប្រទេសក្នុងរយៈពេលអន្តរកាលនេះ ក្លាយជាប្រធានជជែកយ៉ាងតឹងសរសៃករវាងយោធា និងក្រុមបាតុករ ព្រោះភាគីទាំងសងខាងសុទ្ធតែចង់មានសំឡេងភាគច្រើនដូចគ្នា។
បើតាមលោក al-Atta ក្នុងរយៈពេលអន្តរកាលនេះ រដ្ឋសភានឹងត្រូវបង្កើតឡើងដោយមានសមាជិក៣០០នាក់ ដោយក្នុងនោះ៦៧ភាគរយជាសមាជិករបស់សម្ព័ន្ធភាពដើម្បីសេរីភាព និងការផ្លាស់ប្ដូរ ហើយសេសសល់ទៀត ទុកឲ្យក្រុមប្រឆាំងផ្សេងទៀត។ ការងារផ្សេងទៀតរបស់ក្រុមប្រឹក្សាចម្រុះស៊ីវិល-យោធា គឺរៀបចំការបោះឆ្នោតថ្មីដើម្បីបង្កើតរដ្ឋាភិបាលសុទ្ធសាធដឹកនាំប្រទេសនៅសករាជក្រោយលោក អាល់-បាសៀ ៕
Tag:
ស៊ូដង់
អូម៉ា អាល់-បាសៀ
© រក្សាសិទ្ធិដោយ thmeythmey.com