អន្តរជាតិ
ហ្វីលីពីន ហៅទូតប្រចាំកាណាដាចូលស្រុក ក្រោយកាណាដាមិនយកសំរាមទៅវិញ
× ហ្វីលីពីន បានកោះហៅអគ្គរដ្ឋទូត និងមន្ត្រីកុងស៊ុលនៅកាណាដាឲ្យត្រឡប់ចូលស្រុកវិញ បន្ទាប់ពីកាណាដាមិនបានប្រមូលយកសំរាមត្រឡប់ទៅវិញនោះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro L Locsin Jr និយាយថា ការហៅតំណាងខ្ពស់បំផុតរបស់ហ្វីលីពីនប្រចាំកាណាដាមកវិញ ជាវិធានការមួយដើម្បីឆ្លើយតបការខកខានរបស់កាណាដាក្នុងការយកសំរាមនេះ ទោះជាបានសន្យាថា នឹងដឹកទៅទឹកដីខ្លួនវិញយ៉ាងក្ដី។
នៅពាក់កណ្ដាអាធ្រាត្រយប់មិញ លិខិតកោះហៅអគ្គរដ្ឋទូត និងកុងស៊ុលនៅកាណាដា បានផ្ញើចេញទោហើយ។ ពួកគេនឹងមកដល់ហ្វីលីពីននៅថ្ងៃនេះ ឬថ្ងៃក្រោយ។ នេះជាសំណេរលើបណ្ដាញសង្គម Twitter នៅថ្ងៃទី១៦ ខែឧសភា របស់លោក Teodoro L Locsin Jr រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។ ការកោះហៅអគ្គរដ្ឋទូតចូលស្រុកវិញ ជាចំណាត់ការផ្នែការទូតសំខាន់មួយដែលបង្ហាញពីបញ្ហាល្អក់កករក្នុងទំនាក់ទំនងរវាងហ្វីលីពីន និងកាណាដាដែលទាស់គ្នាលើរឿងសំរាម។
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន Teodoro Locsin Jr
តាមសំណេរដដែល ប្រមុខការទូតហ្វីលីពីនអះអាងថា កាណាដា ខកខានយកសំរាមទៅវិញនៅត្រឹមថ្ងៃទី១៥ ខែឧសភា ដូចនេះហ្វីលីពីនគួររក្សាវត្តមានមន្ត្រីទូតតិចតួចបានហើយរហូតដល់សំរាមត្រូវបានជញ្ជូនត្រឡប់ទៅវិញ។ បើតាមទូរទស្សន៍សិង្ហបុរី Channel NewsAsia ទីក្រុងម៉ានីល ប្រកាសកាលពីសប្ដាហ៍មុនថា ទីក្រុងអូតាវ៉ា យល់ព្រមដឹកសំរាមទាំង៦៩កុងតឺណ័រដែលនាំចេញទៅដល់ហ្វីលីពីនដោយច្រឡំ។
សំរាមជាច្រើនសិបតោនដែលនាំចូលដោយខុសច្បាប់ពីកាណាដាចូលទៅហ្វីលីពីន ក្លាយជាបញ្ហាទើសទាល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ដែលមិនទាន់រកច្រកចេញបាននៅឡើយ។ បញ្ហាបានកើតឡើងតាំងពីសម័យប្រធានាធិបតី Benigno Aquino III មកម្ល៉េះ។ មកដល់អាណត្តិលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បញ្ហានេះនៅតែក្លាយជាឧបសគ្គក្នុងទំនាក់ទំនងទ្វេភាគី ខណៈនៅក្នុងខែមេសា លោក ឌូទើតេ បានព្រមានឲ្យកាណាដាប្រមូលសំរាមទៅវិញ។
តាមពិតទៅ បញ្ហាសំរាមនេះ កើតក្នុងឆ្នាំ២០១៣ ពេលដែលសំរាមចំនួន១៣០០តោន ត្រូវបានដឹកមកដល់ហ្វីលីពីនដោយក្រុមហ៊ុនឯកជនរបស់កាណាដាឈ្មោះ Chronic ។ នៅលើទូកុងតឺណ័រ មានបិទសញ្ញាថា សំរាមខាងក្នុងជាប្លាស្ទិកសម្រាប់កែច្នៃនៅទីក្រុងម៉ានីល ប៉ុន្តែខាងមុខពោរពេញដោយខោរបស់កូនក្មេង កាសែត និងដបទឹក។ ក្នុងឆ្នាំ២០១៦ តុលាការហ្វីលីពីនក៏ចេញសេចក្ដីសម្រេចមួយឲ្យបញ្ជូនសំរាមទាំងនោះទៅកន្លែងដើមវិញ។
ទោះមានការតវ៉ាទាំងពីសំណាក់រដ្ឋាភិបាលក្រុងម៉ានីល និងក្រុមការពារបរិស្ថានក្ដី ទីក្រុងអូតាវ៉ា មិនបានយកសំរាមទាំងនោះត្រឡប់ទៅវិញឡើយ។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ធ្លាប់និយាយថា កាណាដាមានច្បាប់ដែលហាមឃាត់ការយកសំរាមចូលក្នុងប្រទេសវិញ ហើយម្យ៉ាងជារឿងឯកជនផង មិនស្ថិតក្រោមកិច្ចព្រមព្រៀរងវាងរដ្ឋ និងរដ្ឋឡើយ៕
Tag:
ហ្វីលីពីន
កាណាដា
Teodoro L Locsin Jr
សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com