អន្តរជាតិ
សល់ដំរីច្រើនពេក ស៊ីមបាវ៉េលក់១០០ក្បាលឲ្យចិននិងឌូបៃតម្លៃ២,៧លានដុល្លារ
× រដ្ឋអាហ្វ្រិកស៊ីមបាវ៉េ បានលក់ដំរីរបស់ខ្លួន១០០ក្បាលទៅឲ្យចិន និងឌូបៃក្នុងតម្លៃ២,៧លានដុល្លារសម្រាប់រយៈពេល៦ឆ្នាំ។ ទីភ្នាក់ងារសត្វព្រៃស៊ីមបាវ៉េ អះអាងថា ការលក់ដំរីច្រើនបែបនេះ ក៏ព្រោះតែបរិមាណដំរីក្នុងប្រទេស មានចំនួនច្រើនពេកលើសពីសមត្ថភាពគ្រប់គ្រង ហើយសត្វដំរីបានបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅរបស់មនុស្ស។
លោក Tinashe Farawo អ្នកនាំពាក្យទីភ្នាក់ងារសត្វព្រៃ និងឧទ្យានរបស់ស៊ីមបាវ៉េ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ចំនួនដំរីបានកើនឡើងណែនណាន់តាន់តាប់ ក្នុងឧទ្យានជាតិ ហើយបានកំពុងគំរាមកំហែង ដល់ការរស់នៅរបស់ប្រជាជន ដោយបានលុកលុយលំនៅដ្ឋាន បំផ្លាញដំណាំ ហើយបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀត។
មន្ត្រីនាំពាក្យរូបនេះ បានថ្លែងការពារ ការលក់ដំរីដល់ទៅ១០០រយក្បាលក្នុងតម្លៃ២,៧លានដុល្លារបន្តថា សព្វថ្ងៃ ស៊ីមបាវ៉េ មានដំរីដល់ទៅ ៨៤,០០០ក្បាលឯណោះ ខណៈសមត្ថភាពរបស់ឧទ្យានអាចរ៉ាប់រង បានតែ៥ម៉ឺនក្បាល។ ដូចនេះការលក់ដំរីខ្លះ ជាផ្នែកមួយនៃការប្រើប្រាស់ធនធានប្រកបដោយចីរភាព និងដើម្បីងាយស្រួលថែរក្សាដំរីផ្សេងទៀត។ លុយដែលបានពីការលក់នេះ នឹងត្រូវបានចាត់ចែងលើគម្រោងប្រឆាំងការប្រមាញ់យកភ្លុក កិច្ចការអភិរក្ស និងស្រាវជ្រាវជាដើម។
លោក Farawo បានលើកឡើងពីទិន្នន័យនៃការប្រឈមមុខ រវាងមនុស្ សនិងសត្វនាពេលកន្លងមក ដែលក្នុងនោះមានមនុស្សចំនួន២០០នាក់បានស្លាប់ ក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយដំណាំផ្លែផ្កា យ៉ាងហោចណាស់ ៧ពាន់ហិកតា ត្រូវបានបំផ្លាញដោយដំរី។ បើតាមមន្ត្រីដដែលនេះ ទីស្នាក់អាស្រ័យធម្មជាតិរបស់សត្វព្រៃ រួមកាន់តែតូច ដោយសារបម្រែបម្រួលអាកាស ខណៈដែលគ្រោះរាំងស្ងួត ធ្វើឲ្យឧទ្យានជាតិខ្វះអាហារ ហើយវាក៏បង្ខំឲ្យដំរី ដើររកអាហារដល់ភូមិប្រជាជនតែម្ដង។
បើតាមកាសែត Zimbabwe Chronicle ដំរីចំនួន៩៣ក្បាល ត្រូវបានដឹកតាមអាកាស ទៅកាន់ចិន និងឌូបៃ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ ដោយមួយក្បាល លក់ក្នុងតម្លៃពី១៣,៥០០ដុល្លារ ទៅដល់ ៤១,៥០០ដុល្លារ។
ខណៈចំនួនដំរីនៅតំបន់ជាច្រើនធ្លាក់ចុះដោយសារតម្រូវការភ្លុកនោះ តំបន់ខ្លះ បែរជារងកំណើនសត្វដ៏ធំមួយនេះទៅវិញ។ រដ្ឋអាហ្វ្រិកខ្លះ ដូចជាបុតស្វាណា ណាមីប៊ី សំប៊ី និងស៊ីមបាវ៉េនេះផង ធ្លាប់បានអំពាវនាវ ឲ្យមានការបន្ធូរបន្ថយបម្រាម លើពាណិជ្ជកម្មភ្លុកដំរីអន្តរជាតិ ព្រោះប្រទេសទាំងនោះ មានចំនួនដំរីច្រើនពេក។ ប៉ុន្តែទិន្នន័យរបស់សហភាពអន្តរជាតិដើម្បីការអភិរក្សាធម្មជាតិ បរិមាណដំរីនៅអាហ្វ្រិក បានធ្លាក់ចុះខ្លាំង ក្នុងប៉ុន្មានទសវត្សរ៍មកនេះ ដោយនៅសល់ប្រមាណ១១ម៉ឺនក្បាល៕
Tag:
ស៊ីមបាវ៉េ
ចិន
ឌូបៃ
ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com