អន្តរជាតិ
ប្រមុខការទូតសិង្ហបុរី៖ អាមេរិកគួរបើកចិត្តទទួលយកចិនជាមហាអំណាច
× ប្រមុខការទូតសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ នៅថ្ងៃទី១៥ ខែឧសភា បានទទូចឲ្យសហរដ្ឋអាមេរិកទទួលយកការងើបឡើងរបស់ចិន ដើម្បីបញ្ចៀសជម្លោះរយៈពេលវែង។ សម្រាប់លោក វីវៀន ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ ធ្វើឲ្យប្រទេសតូចៗជួបបញ្ហា ព្រោះត្រូវជ្រើសរើសមហាអំណាចមួយក្នុងចំណោមចិន និងអាមេរិក។ លោកបានស្នើឲ្យមហាអំណាចទាំងពីរជជែកគ្នាដើម្បីដោះស្រាយបញ្ហា ជាជាងពាក់មុខយក្សដាក់គ្នា។
ការប្រកួតរវាងមហាអំណាចធំទាំងពីរ គឺអាមេរិក និងចិន ពិតជារឿងគួរឲ្យបារម្ភ។ ការងើបឡើងយ៉ាងរហ័ស និងពោរពេញដោយឥទ្ធិពលរបស់ចិន ពិតជាធ្វើអាមេរិកដែលឈរតំណែងមហាអំណាចពិភពលោករាប់សិបឆ្នាំមកហើយ មិនស្រួលខ្លួនឡើយ និងបារម្ភថា កៅអីរបស់ខ្លួននឹងត្រូវចិនដណ្ដើមយកមិនខាន។ អាមេរិក បានដាក់ចេញយុទ្ធសាស្ត្រជាច្រើនដើម្បីទប់ទល់ចិន។ ជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន ជាផ្នែកមួយនៃការប្រឹងប្រែងរបស់អាមេរិកដើម្បីសង្កត់ចិនឲ្យចុះវិញ។
សម្រាប់សិង្ហបុរីដែលជាសម្ព័ន្ធមិត្តមួយរបស់អាមេរិក ហើយមានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយចិនទៀតនោះ ការប្រកួតប្រជែងរវាងមហាអំណាចជាច្រើនលំបាកសម្រាប់ប្រទេសតូច។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ បានស្នើចំៗទៅកាន់អាមេរិកឲ្យទទួលយកការងើបឡើងរបស់ចិន ហើយមិនត្រូវមើលចិនក្រោមក្រសែភ្នែកជាសត្រូវដែលត្រូវទប់ទល់ឲ្យបានដាច់ខាតឡើយ តែត្រូវប្រកួតគ្នាដែលអាចផ្ដល់ជាប្រយោជន៍វិញ។
ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី១៥ ខែឧសភា ប្រមុខការទូតសិង្ហបុរីរូបនេះបញ្ជាក់ថា បើពិភពលោកសព្វថ្ងៃបែកជាប្លុកពីរ វានឹងប៉ះពាល់ដល់ការទាញយកប្រយោជន៍ពីប្រព័ន្ធដែលអាមេរិកដឹកនាំជាង៧០ឆ្នាំមកនេះ។ ចំពោះមុខអ្នកចូលរួមជាច្រើន លោកក៏ស្នើដោយផ្ទាល់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា៖ «អាមេរិកត្រូវបន្ធូរដៃ ហើយរីករាយនឹងការប្រមូលប្រយោជន៍វិញ។ សិង្ហបុរីចង់បានវត្តមានប្រកបដោយចីរភាពរបស់អាមេរិក ហើយចង់ឲ្យចិនទទួលបានឋានៈដែលសមនឹងទទួលបានក្នុងនាមជាមហាអំណាច។
បើតាមទូរទស្សន៍អាមេរិក Bloomberg លោក វីវៀន យល់ថា ចិនមិនអាចគំរាមកំហែងប្រព័ន្ធពិភពលោកដែលអាមេរិកដឹកនាំបានឡើយ ដ្បិតចិនជាអ្នកទទួលផលដ៏ធំពីប្រព័ន្ធសណ្ដាប់ធ្នាប់សព្វថ្ងៃ។ ចំពោះការងើបឡើងរបស់ចិនដែលមិនអាចទប់ជាប់វិញ លោកចាត់ទុកជាការរំពឹងស្របច្បាប់មួយដែលចិនមានសិទ្ធិគូសវាសប្រព័ន្ធទំនាក់ទំនងអន្តរជាតិបែបសព្វថ្ងៃ ព្រោះកាលពីការបង្កើតដំបូងចិនមិនបានបញ្ចេញយោបល់អ្វីសោះឡើយ។
ងាកទៅជម្លោះពាណិជ្ជកម្មវិញ មន្ត្រីការទូតសិង្ហបុរីរូបនេះ អះអាងថា បរាជ័យមិនអាចសម្រេចកិច្ចព្រមព្រៀងបាន ប៉ះពាល់ដល់ប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មដូចជាសិង្ហបុរីជាដើម ខណៈការអូសបន្លាយការចរចាវិញ ធ្វើឲ្យមានភាពមិនច្បាស់លាស់ក្នុងទីផ្សារទៅទៀត។ ជុំវិញរឿងនេះ លោក វីវៀន ព្រមានថា ប្រទេសតូចៗដែលនៅចំកណ្ដាលល្បែងរបស់មហាអំណាច មិនចង់បង្ខំចិត្តជ្រើសរើសមហាអំណាចមួយរួចបោះបង់មួយទៀតឡើយ៕
Tag:
សិង្ហបុរី
អាមេរិក
ចិន
Vivian Balakrishnan
© រក្សាសិទ្ធិដោយ thmeythmey.com