អន្តរជាតិ
វិបត្តិជាមួយអ៊ីរ៉ង់៖ ប្រធានរដ្ឋសភាអាមេរិករំឭកថា លោក ត្រាំ គ្មានអំណាចប្រកាសសង្គ្រាមឡើយ ប្រធានរដ្ឋសភាអាមេរិក ណាន់ស៊ី ផេឡូស៊ី ។ រូបភាព AFP
× ប្រធានរដ្ឋសភាអាមេរិក ណាន់ស៊ី ផេឡូស៊ី បានព្រមានរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការប្រើប្រាស់កម្លាំងលើអ៊ីរ៉ង់ដោយគ្មានការផ្ដល់ភ្លើងខៀវពីសភាទាំងពីរ។ ការព្រមានរបស់ប្រធានរដ្ឋសភាអាមេរិក ធ្វើឡើងស្របពេលដែលរដ្ឋបាលលោក ត្រាំ កំពុងគិតគូរពីការឆ្លើយតបនឹងសភាពការណ៍តានតឹងនៅមជ្ឈិមបូព៌ា ក្រោយអាមេរិកចោទអ៊ីរ៉ង់ថា បង្កការគំរាមកំហែងដាក់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នេះ។
ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅមិនទាន់ស្រាកស្រាន្តនៅឡើយ។ អស់រយៈពេល១១ថ្ងៃហើយដែលអាមេរិកបង្កើនកម្លាំងរបស់ខ្លួននៅក្បែរអ៊ីរ៉ង់ដើម្បីឆ្លើយតបនូវអ្វីដែលក្រុមមន្ត្រីទីក្រុងវ៉ាស៊ីនតោនអះអាងថា ជាការគំរាមកំហែងដ៏ខ្លាំងពីសំណាក់អ៊ីរ៉ង់។ គេបារម្ភថា ជាមួយនឹងការបញ្ជូនសព្វាវុធជាបន្តបន្ទាប់ទៅកាន់មជ្ឈិមបូព៌ា សង្គ្រាមជាមួយអ៊ីរ៉ង់ ទំនងចៀសមិនផុត។ ប៉ុន្តែប្រធានរដ្ឋសភាអាមេរិកប្រកាសថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គ្មានសិទ្ធិប្រកាសសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ។
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងរាស្ត្រ នៅថ្ងៃទី១៦ ខែឧសភា និយាយថា តាមរដ្ឋធម្មនុញ្ញអាមេរិក ស្ថាប័ននីតិបញ្ញត្តិដែលមានសភាតំណាង និងព្រឹទ្ធសភា ទើបមានអំណាចប្រកាសសង្គ្រាម។ មេដឹកនាំបក្សប្រជាធិបតេយ្យរូបនេះ ក៏សង្ឃឹមថា ទីប្រឹក្សារបស់លោក ត្រាំ នឹងយល់ពីសិទ្ធិអំណាចមួយនេះរបស់សភាដែលស្ថាប័ននីតិប្រតិបត្តិគ្មានឡើយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg ។
ដ្បិតបញ្ជូននាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់មូលដ្ឋាននៅកាតាដើម្បីកំញើញអ៊ីរ៉ង់ សមាជិកនៃរដ្ឋបាលប្រធានាធិបតី ត្រាំ នៅមិនទាន់ឯកភាពថា ត្រូវតទល់អ៊ីរ៉ង់តាមផ្លូវណាដែលប្រសើរសដែរ។ ទីប្រឹក្សាសន្តិសុខជាតុ ចន ប៊ូលតុន នៅតែចង់ប្រើកម្លាំងដើម្បីដាក់សម្ពាធទីក្រុងតេហេរ៉ង់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ និងសូម្បីលោក ត្រាំ ផ្ទាល់ ចង់បន្តការចរចាជាមួយអ៊ីរ៉ង់ទៀត និងមិនចង់ធ្វើសង្គ្រាមឡើយ។
លោកស្រី ផេឡូស៊ី សាទរជំហររក្សាសន្តិភាពជាមួយអ៊ីរ៉ង់របស់ប្រធានាធិបតីអាមេរិក ហើយលោកស្រីពិតជាពេញចិត្តដែលឮបែបនេះ។ ប្រធានរដ្ឋសភាអាមេរិករូបនេះ ក៏រំឭកទុកដែរថា ច្បាប់ស្ដីពីការអនុញ្ញាតឲ្យប្រើប្រាស់យោធាដែលសភាអនុម័តក្រោយព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ២០០១ នោះ មិនអាចយកទៅប្រើលើករណីអ៊ីរ៉ង់ឡើយ។ លោក ត្រាំ ផ្ទាល់ ក៏ជាអ្នកប្រឆាំងការប្រើច្បាប់នេះក្នុងសង្គ្រាមអ៊ីរ៉ាក់ឆ្នាំ២០០៣ ដែរ។
នៅថ្ងៃទី១៦ ខែឧសភាដដែលនេះ មន្ត្រីជាន់ខ្ពស់នៃស្ថាប័នសភាអាមេរិក បានទទួលការរាយការណ៍ពិសេសស្ដីពីព័ត៌មានចារកម្មទាក់ទងវិបត្តិអ៊ីរ៉ង់ ព្រោះសភាជាអ្នកមានសិទ្ធិប្រកាសសង្គ្រាម។ ខណៈដែលកាលៈទេសៈប្រើកម្លាំងមិនទាន់ដល់នោះ ការចរចាក៏ទំនងជាមិនអាចចាប់ផ្ដើមដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចាវ៉ាដ ហ្សារីហ្វ និយាយថា បច្ចុប្បន្ន គ្មានលទ្ធភាពចរចាជាមួយអាមេរិកឡើយ ទោះលោក ត្រាំ អះអាងថា អ៊ីរ៉ង់ចង់ចរចាក្ដី៕
Tag:
អាមេរិក
អ៊ីរ៉ង់
ដូណាល់ ត្រាំ
Nancy Pelosi
© រក្សាសិទ្ធិដោយ thmeythmey.com