អន្តរជាតិ
កូរ៉េខាងជើងប្រាប់ប្រមុខ UN ថា អាមេរិកជាប្រទេសជើងកាង តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ Kim Song និងលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គុតេរ៉េស ។ រូបភាព Kyodo
× តំណាងកូរ៉េខាងជើង នៅថ្ងៃទី១៧ ខែឧសភា បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីតវ៉ាពីការរឹបអូសកប៉ាល់របស់ខ្លួនពីសំណាក់អាមេរិក។ បើតាមលិខិតដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង ចាត់ទុកសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ជាសកម្មភាពបំពានច្បាប់អន្តរជាតិ និងរំលោភអធិបតេយ្យកូរ៉េខាងជើង។ សម្រាប់កូរ៉េខាងជើង ទង្វើទាំងនេះបង្ហាញថា អាមេរិកជាប្រទេសជើងកាង។
កូរ៉េខាងជើង បានយកសំណុំរឿងអាមេរិកឃាត់ទុកកប៉ាល់ខ្លួនទៅទូលពិតប្រាប់លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ក្នុងលិខិតថ្ងៃទី១៧ ខែឧសភា លោក Kim Song តំណាងអចិន្ត្រៃយ៍កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានរិះគន់អាមេរិកដែលធ្វើអំពើខុសច្បាប់ និងគួរឲ្យហួសចិត្តតាមរយៈការចាប់យកកប៉ាល់ដឹកទំនិញកូរ៉េខាងជើងទៅទុកកោះ Samoa ដែលអាមេរិកគ្រប់គ្រង។
តាមរយៈលិខិតដែលផ្សាយដោយ KCNA នៅថ្ងៃទី១៨ ខែឧសភា កូរ៉េខាងជើងក៏រិះគន់អាមេរិកដែលភ្ជាប់រឿងកប៉ាល់នេះទៅភ្ជាប់ច្បាប់ក្នុងស្រុករបស់ខ្លួនទៅទៀត ហើយទង្វើបង្កឲ្យមានការខកចិត្តបែបនេះ បង្ហាញឲ្យឃើញច្បាស់ថា អាមេរិក គឺជាប្រទេសជើងកាងដែលមិនខ្វល់ពីការគោរពច្បាប់អន្តរជាតិអ្វីទាំងអស់។ តំណាងកូរ៉េខាងជើងបន្តថា ការរឹបអូសនេះ ជារំលោភបំពានអធិបតេយ្យប្រទេសមួយដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី១០ ខែឧសភា ក្រសួងយុត្តិធម៌អាមេរិកបានប្រកាលពីការរឹបអូសកប៉ាល់កម្មសិទ្ធិកូរ៉េខាងជើងឈ្មោះ Wise Honest ហើយយកទៅទុកនៅកោះ Samoa ។ ដើមឡើយ កប៉ាល់នេះ ត្រូវបានឃាត់ទុកអាជ្ញាធរឥណ្ឌូណេស៊ីកាលពីខែមេសា ឆ្នាំ២០១៨ ក្រោមហេតុផលថា ដឹកជញ្ជូនធ្យូងថ្មបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅថ្ងៃទី១៤ ខែដដែល កូរ៉េខាងជើងប្រាប់ឲ្យអាមេរិកដោះលែងកប៉ាល់ខ្លួនវិញ។
ពេលប្រាប់អាមេរិកឲ្យដោះលែងកប៉ាល់ខ្លួន កូរ៉េខាងជើងក៏ឆ្លៀតចោទអាមេរិកថា បន្តការដាក់សម្ពាធជាអតិបរិមាលើខ្លួន តែវាជាការបំពានយ៉ាងងងើលសេចក្ដីថែ្លងការណ៍មេដឹកនាំខែមិថុនា ឆ្នាំ២០១៨ ។ ទីក្រុងព្យុងយ៉ាងក៏ប្រាប់ទៅទីក្រុងវ៉ាស៊ីនតោនវិញថា វាជាគិតគូរមិនត្រឹមត្រូវឡើយ បើអាមេរិកគិតថា អាចបង្ខំកូរ៉េខាងជើងដោយប្រើកម្លាំងបាយនោះ ហើយអាមេរិកត្រូវដឹងពីផលវិបាកនៃអាកប្បកិរិយាជនពាល ព្រមទាំងដោះលែងកប៉ាល់ជាបន្ទាន់។
ការរឹបអូសកប៉ាល់នេះ ធ្វើឲ្យមានមិនច្បាស់លាស់កាន់តែកើនឡើងថែមទៀតលើការចរចារវាងអាមេរិក និងកូរ៉េខាងជើង ដែលសព្វថ្ងៃកំពុងយ៉ាប់យ៉ឺនផងនោះ។ កូរ៉េខាងជើង ដែលមិនពេញចិត្តនឹងលទ្ធផលចរចានៅវៀតណាមនោះ ត្រូវបានមើលឃើញថា ងាកទៅប្រើយុទ្ធសាស្ត្រចាស់របស់ខ្លួនតាមរយៈការបាញ់មីស៊ីលជាថ្មីទៀត៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
UN
© រក្សាសិទ្ធិដោយ thmeythmey.com