អន្តរជាតិ
អាមេរិកនិងអារ៉ាប៊ីសាអូឌីត ព្រមានពីការផ្ទុះសង្គ្រាម តែអ៊ីរ៉ង់នៅតែមិនអើពើ
× សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជាសម្ព័ន្ធមិត្តប្រចាំតំបន់ឈូងសមុទ្រ បានបណ្ដាក់គ្នាព្រមានធ្ងន់ៗទៅលើអ៊ីរ៉ង់ ស្របពេលដែលស្ថានការណ៍ក្នុងតំបន់កាន់តែក្ដៅឡើង។ អាមេរិកបានប្រាប់ឲ្យអ៊ីរ៉ង់ មិនត្រូវធ្វើសកម្មភាពអ្វីដែលប៉ះពាល់ប្រយោជន៍អាមេរិកក្នុងតំបន់ឲ្យសោះ បើពុំដូច្នោះអ៊ីរ៉ង់នឹងត្រូវរលាយមិនខាន ឯអារ៉ាប៊ីសាអូឌីតវិញ ដែលអះអាងថា ខ្លួនមិនចងធ្វើសង្គ្រាមនោះ ក៏ត្រៀមខ្លួនប្រយុទ្ធជាស្រេច បើអ៊ីរ៉ង់ចង់បានដូចនោះ។ ប៉ុន្តែអ៊ីរ៉ង់វិញ ហាក់មិនរវីរវល់សម្ដីគំរាមអ្វីសោះ។
បើអ៊ីរ៉ង់ចង់ធ្វើសង្គ្រាមជាមួយអាមេរិក វានឹងក្លាយជាទីបញ្ចប់ផ្លូវការរបស់អ៊ីរ៉ង់។ នេះជាសារព្រមានដោយផ្ទាល់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែឧសភាទៅកាន់អ៊ីរ៉ង់ បន្ថែមពីលើការព្រមានជាច្រើនដងរួចមកហើយ។ លោក ត្រាំ ក៏ឆ្លៀតទីក្រុងតេហេរ៉ង់ មិនត្រូវគំរាមកំហែងអាមេរិកម្ដងទៀតឡើយ។
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ កើនឡើងកាន់តែខ្លាំងបន្ទាប់ពីអាមេរិកបញ្ជូននាវាដឹកយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់តំបន់ឈូងសមុទ្រពែរ្ស ដើម្បីទប់ទល់នូវដែលក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ត្រាំ ថា ជាការគំរាមកំហែងដ៏ខ្លាំងក្លា។ ខណៈសភាពការណ៍មិនសូវស្រួលនោះ អាមេរិកបានបញ្ជាឲ្យមន្ត្រីមិនចាំបាច់ស្ថានទូតនៅអ៊ីរ៉ាក់ដែលនៅជាប់អ៊ីរ៉ង់ឲ្យចាកចេញជាបន្ទាន់ផង។
ការប្រឈមមុខរវាងសត្រូវទាំងពីរនេះ ក៏រាលដាលដល់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីការវាយប្រហារលើស្ថានីយ៍បូមប្រេងពីរកន្លែង និងការធ្វើវាយប្រហារដោយចេតនាលើកប៉ាល់បួនគ្រឿងនៅដែនទឹកអេមីរ៉ាតអារ៉ាប់រួមដែលក្នុងនោះមានពីរគ្រឿងជាកម្មសិទ្ធិរបស់ទីក្រុងរីយ៉ាដផង។ ទីក្រុងរីយ៉ាដ បានចោទទីក្រុងតេហេរ៉ង់ថា បើកដៃឲ្យមានការវាយប្រហារលើស្ថានីយ៍របស់ខ្លួន។ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធទទួលខុសត្រូវលើករណីទាំងនេះ។
នៅថ្ងៃទី១៩ ខែឧសភាដដែល អារ៉ាប៊ីសាអូឌីត ក៏ចេញមកប្រកាសជំហរជាថ្មីដែលចង់មិនឃើញសង្គ្រាមនៅឈូងសមុទ្រពែរ្សផ្ទុះឡើងទេ តែក៏ត្រៀមប្រយុទ្ធដូចគ្នាដែរ។ រដ្ឋលេខាធិការក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត Adel al-Jubeir ប្រកាសថា ប្រទេសរបស់លោក មិនត្រូវសង្គ្រាម មិនចង់ធ្វើសង្គ្រាមអ្វីទេ ប៉ុន្តែបើភាគីម្ខាងទៀតចង់បានសង្គ្រាម រាជាណាចក្រមួយនេះ នឹងតបតវិញដោយការតាំងចិត្តដើម្បីការពារប្រយោជន៍ខ្លួន។
យ៉ាងណាមិញ អ៊ីរ៉ង់ឯណោះវិញ ហាក់មិនជឿថា សង្គ្រាមនឹងផ្ទុះឡើងឡើយ ហើយម្យ៉ាងអ៊ីរ៉ង់ខ្លួនឯងក៏ប្រឆាំងការធ្វើសង្គ្រាមដែរ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅចុងសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif និយាយដោយច្បាស់ៗថា នឹងមិនមានសង្គ្រាមឡើយ ព្រោះគ្មាននរណាម្នាក់ហ៊ានស្រមៃពីការប្រឈមមុខជាមួយអ៊ីរ៉ង់នោះទេ៕
Tag:
អាមេរិក
អារ៉ាប៊ីសាអូឌីត
អ៊ីរ៉ង់
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com