អន្តរជាតិ
ឥណ្ឌូណេស៊ី ប្រមូលកម្លាំងសន្តិសុខត្រៀមការប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតី រួបភាព The Jakarta Post
× ឥណ្ឌូណេស៊ី បានប្រមូលកម្លាំងប៉ូលិសជាច្រើនមកកាន់រដ្ឋធានីហ្សាការតា ដើម្បីត្រៀមរក្សាសន្តិសុខអំឡុងពេលប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២២ ខែឧសភាខាងមុខ។ សន្តិសុខត្រូវបានពង្រឹងយ៉ាងខ្លាំង ដើម្បីបង្ការការវាយប្រហារភេរវកម្មណាមួយ ខណៈអ្នកគាំទ្ររបស់លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ដែលបានចាញ់លោក ចូកូ វីដូដូ ក្នុងការរាប់សន្លឹកឆ្នោតមិនផ្លូវការ គំរាមធ្វើបាតុកម្ម។
នៅថ្ងៃទី២២ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី នឹងប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលគេរំពឹងថា ជ័យជម្នះនឹងបានទៅលើប្រធានាធិបតីបច្ចុប្បន្ន ចូកូ វីដូដូ ដើម្បីបន្តដឹកនាំឥណ្ឌូណេស៊ី៥ឆ្នាំទៀត។ លទ្ធផលមិនផ្លូវការបង្ហាញថា លោក វីដូដូ បានផ្ដួលគូប្រជែងលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ រួចជាស្រេច។ ប៉ុន្តែអ្នកគាំទ្រលោក សូប៊ីយ៉ាន់តូ ប្រកាសធ្វើបាតុកម្ម បើលទ្ធផលផ្លូវការដូចលទ្ធផលមិនផ្លូវការមែននោះ។
បើតាមកាសែតឥណ្ឌូណេស៊ី The Jakarta Post កម្លាំងសន្តិសុខប្រមាណ៣២០០០នាក់ នឹងត្រូវពង្រាយនៅទូទាំងរដ្ឋធានីហ្សាការតាដើម្បីទប់ស្កាត់ចលាចលដែលអាចកើតឡើងអំឡុងថ្ងៃប្រកាសលទ្ធផលផ្លូវការ ពិសេសការត្រៀមបង្ការអំពើភេរវកម្ម។ ប៉ូលិសឥណ្ឌូណេស៊ី ក៏បានអំពាវនាវឲ្យប្រជាជនកុំចូលរួមក្នុងការធ្វើបាតុកម្មរបស់អ្នកគាំទ្រលោក សូប៊ីយ៉ាន់តូ ។ ក្រុមអ្នកគាំទ្រអតីតឧត្តមសេនីយ៍រូបនេះជឿថា លោក សូប៊ីយ៉ាន់តូ ជាអ្នកឈ្នះមិនមែនលោក វីដូដូ ឡើយ។
ប៉ូលិសជាតិឥណ្ឌូណេស៊ី បានប្រមូលកម្លាំងបន្ថែមពីតំបន់ដែលនៅជិតទីក្រុងហ្សាការតាដើម្បីរក្សាសន្តិសុខ និងការពារការប៉ុនប៉ងបង្កអំពើហិង្សាណាមួយ។ កម្លាំងប៉ូលិស៣០០នាក់ ត្រូវបានប្រមូលពីកោះ Riau កាលពីចុងសប្ដាហ៍មុន ដើម្បីទៅជួយប៉ូលិសនៅរដ្ឋធានី ហើយពួកគេងនឹងបន្តពង្រាយរហូតដល់ទៅថ្ងៃទី២៣ ខែឧសភា។ នេះបើតាមការបញ្ជាក់របស់មេប៉ូលិសរបស់កោះនេះ ឧត្តមសេនីយ៍ Andap Budhi Revianto ។
ចំណែកប៉ូលិសចំនួន៧០០នាក់ទៀត ត្រូវបានដឹកជញ្ជូនពីខេត្ត East Nusa Tenggara ដែលនៅចុងបំផុតរបស់ឥណ្ឌូណេស៊ី។ ស្នងការប៉ូលិសប្រចាំខេត្តនេះ បានដាក់បញ្ជាឲ្យប៉ូលិសទាំងអស់ ចៀសវាងការប្រើកម្លាំងលើបាតុករ និងមិនត្រូវធ្វើសកម្មភាពអ្វីដែលបង្កគ្រោះថ្នាក់ដល់ខ្លួន និងកម្លាំងផ្សេងទៀតឡើយ។ កម្លាំងដែលត្រូវពង្រាយដើម្បីរក្សាសន្តិសុខនោះ នឹងមិនត្រូវបានបំពាក់អាវុធពិតឡើយ ក្រៅពីខែលការពារ ដំបង ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកប៉ុណ្ណោះ។
ងាកមករឿងលទ្ធផលវិញ គេជឿថា លោក វីដូដូ នឹងនៅតែឈ្នះលោក សូប៊ីយ៉ាន់តូ ដដែល។ ភ្លាមៗក្រោយការបោះឆ្នោតរួចរាល់ និងការរាប់សន្លឹកឆ្នោតភ្លាមៗ លោក វីដូដូ បានប្រកាសពីជ័យជម្នះរួចស្រេចទៅហើយ ស្របពេលដែលលោក សូប៊ីយ៉ាន់តូ ប្រកាសឈ្នះដូចគ្នា។ ប៉ុន្តែសារអបអរសាទរពីមេដឹកនាំបរទេសជាច្រើន បានទៅដល់ដៃលោក វីដូដូ ជាស្រេចដែរ។
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
© រក្សាសិទ្ធិដោយ thmeythmey.com