អន្តរជាតិ
លោក ត្រាំ ៖ ក្នុងការ​ឃ្លាំមើល​របស់​ខ្ញុំ សេដ្ឋកិច្ច​ចិន​គ្មាន​ថ្ងៃ​វ៉ា​អាមេរិក​ឡើយ​
20, May 2019 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ថា នឹង​អាច​ទប់ស្កាត់​ការ​ងើបឡើង​ផ្នែក​សេដ្ឋកិច្ច​របស់​ចិន​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News លោក ត្រាំ អះអាងថា ក្រោម​ការឃ្លាំមើល​របស់​លោក ចិន​នឹង​មិនអាច​ទៅ​ហួស​អាមេរិក​បានឡើយ ហើយ​ថា លោក​ពេញចិត្ត​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុងពុះ​កញ្ជ្រោល​រវាង​អាមេរិក និង​ចិន ព្រោះ​អាមេរិក​អាច​បូម​បាន​លុយ​ពាន់​លាន​ដុល្លារ​ពី​ចិន​វិញ​តាមរយៈ​ការដំឡើង​ពន្ធ​។​

 
​ចិន វ៉ា​ដាច់​អាម​រិ​ក​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​លើ​ពិភពលោក​? ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាសថា រឿងនេះ​មិនអាច​កើតឡើង​ក្នុង​អាណត្តិ​របស់លោក​ឡើយ​។ លោក ត្រាំ និយាយ​ដោយ​ទំនុកចិត្ត​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News ដែល​ផ្សាយ​នៅ​រាត្រី​ថ្ងៃទី​១៩ ខែឧសភា​។ 
 
​ក្នុង​កិច្ច​សម្ភាស​នោះ លោក ត្រាំ អះអាងថា សេដ្ឋកិច្ច​ចិន​មិនសូវ​ល្អ​ឡើយ​នៅពេល​បច្ចុប្បន្ននេះ ខុសពី​សេដ្ឋកិច្ច​របស់​អាមេរិក​ដែលមាន​ដំណើរការ​យ៉ាង​ល្អ​។ លោក​បន្តថា បើ​លោក​មិនអាច​ក្លាយជា​ប្រធានាធិបតី​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៦ ហើយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះឆ្នោត​ដឹកនាំ​អាមេរិក​វិញ​នោះ ម្ល៉េះ​សម​នឹង​ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​ចុងបញ្ចប់​នៃ​អាណត្តិ​ទៅហើយ (​ឆ្នាំ​២០២០) ។ ប៉ុន្តែ​សព្វថ្ងៃ អាមេរិក​នៅតែ​ឈរ​លេខ​មួយ​ដដែល​។​
 
​តាមពិតទៅ តាម​ការវាយតម្លៃ​ជាច្រើន ចិន នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​លើ​ពិភពលោក​នៅត្រឹម​ឆ្នាំ​២០៣០ ខាងមុខ​។ សេដ្ឋវិទូ​នៅឯ​ធនាគារ HSBC Holdings ទស្ស​ទាយ​ថា នៅ​ឆ្នាំ​២០៣០ ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​មាន​ចំនួន​២៦​ទ្រី​លាន​ដុល្លារ ឯ​ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​មេ​រិ​ក​វិញ​មាន​ចំនួន​២៥,២​ទ្រី​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​២០១៨ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) វិញ ក៏​ប្រមើលមើល​ដែរ​ថា ចិន​នឹង​ឈរ​លេខ​មួយ​នៅ​ឆ្នាំ​ាំ​២០៣០ ដែរ​។​
 
​ប្រធានាធិបតី​អាមេរិក​រូបនេះ ប្រាប់​ពិធីករ​ទូរទស្សន៍​ដដែល​ថា ចិន ចង់​ជំនួស​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក តែ​វា​នឹង​មិនអាច​កើតឡើង​ក្នុងពេល​លោក​កាន់តំណែង​ឡើយ​។ លោក​បន្ថែមទៀតថា ចិន​ជា​ប្រទេស​មាន​មហិច្ឆតា និង​ឆ្លាត​វៃ​។​
 
​បើ​គិតគូរ​តាម​ការទស្សទាយ​ខាងលើ នៅពេលដែល​ចិន​ក្លាយជា​មហាអំណាច​ទីមួយ​នោះ លោក ត្រាំ ក៏​មិនមែនជា​ប្រធានាធិបតី​អាមេរិក​ទៀត​ដែរ​។ អាណត្តិ​ដំបូង​របស់លោក ត្រាំ នឹង​ចប់​នៅ​ឆ្នាំ​២០២០ ខាងមុខ ហើយ​បើ​អាច​ជាប់​មួយ​អាណត្តិ​ទៀត​នោះ លោក​អាចដឹកនាំ​អាមេរិក​ដល់​ឆ្នាំ​២០២៤ ហើយ​មិនអាច​បន្ត​ឈរឈ្មោះ​ទៀតឡើយ​។ ដូចនេះ លោក ត្រាំ អាច​ទប់ស្កាត់​ចិន​នៅបាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ 
 
​ចំណែក​រឿង​ជម្លោះ​ពាណិជ្ជកម្ម​វិញ លោក ត្រាំ រីករាយ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន ព្រោះ​អាមេរិក​រកលុយ​បាន​រាប់ពាន់​ដុល្លារ​ពី​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន​។ សម្ដី​លោក ត្រាំ បែបនេះ ទំនងជា​សញ្ញា​បង្ហាញ​ពី​ជំហរ​របស់លោក ត្រាំ ដែល​មិន​ប្រញាប់​ចរចា​ជាមួយ​ទីក្រុង​ប៉េកាំង​ឡើយ ខណៈ​ការចរចា​លើកចុងក្រោយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បរាជ័យ​។ ចាប់ពីពេលនោះ លោក ត្រាំ ក៏​ចាត់វិធានការ​ហាមឃាត់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​កាន់តែខ្លាំង​៕  
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com