ជាតិ
សង្គមជាតិ
លោក ខៀវ កាញារីទ្ធ ៖ ប្រភពព័ត៌មាននៅកម្ពុជាកាន់តែច្រើន ប៉ុន្តែមនុស្សមិនទាន់ចេះថ្លឹងថ្លែង
× ភ្នំពេញ៖ ខណៈដែលប្រភពព័ត៌មាននៅកម្ពុជាកាន់តែច្រើន និងសម្បូរបែបនោះ បែរជាប្រជាពលរដ្ឋនៅមិនទាន់ចេះតាមដានព័ត៌មាន ដើម្បីយកទៅពិចារណាថ្លឹងថ្លែង ឲ្យទាន់សភាពការណ៍នៅឡើយ។ នេះជាការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ ដែលបានកត់សម្គាល់ពីការយល់ដឹងផ្នែកព័ត៌មានរបស់ប្រជាពលរដ្ឋនោះ បាននិយាយថា កាលណាប្រភពព័ត៌មានសម្បូរបែបនោះ វាសមតែជាជម្រើសដ៏ល្អរបស់ប្រជាពលរដ្ឋ ក្នុងការតាមដាន និងយល់ដឹងពីបញ្ហាសង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែជាក់ស្ដែងវាមិនដូច្នោះទេ។
ត្រង់ចំណុចនេះលោក ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជា មិនទាន់ចេះពិចារណា និងថ្លឹងថ្លែងបញ្ហាសង្គមតាមរយៈព័ត៌មានឡើយ ពោលគឺពួកគេចូលចិត្តស្ដាប់ និងតាមដានប្រភពព័ត៌មានណា ដែលរិះគន់ និងបន្ដុះបង្អាប់រដ្ឋាភិបាលប៉ុណ្ណោះ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី តួនាទីរបស់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១ មិថុនា ក្នុងខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បាននិយាយដូច្នេះថា៖«ពីដើមយើងគិតថា កាលណាប្រភពព័ត៌មានច្រើនមនុស្សអាចធ្វើការជ្រើសរើសបាន មនុស្សអាចបែងចែកខុសនិងត្រូវវាបាន។ ពីដើមយើងដើររកព័ត៌មាន ប៉ុន្តែឥឡូវនេះព័ត៌មានដើរមករកយើងដល់ក្នុងមុង បើកមុងចូលមករកយើងហ្មង។ ប៉ុន្តែយើងគិតថា បើសិនជាព័ត៌មានច្រើន មនុស្សអាចដឹងថា អាមួយនេះ មួយនោះខុស។ តាមពិតមិនមែនទេ។ ព័ត៌មានកាន់តែច្រើនកាលណា មនុស្សរើសតែអាមួយណា ដែលគាត់ពេញចិត្ត បានន័យថា បើគាត់ចូលចិត្តជូរ គាត់រើសតែម្ហូបជូរមក ចូលចិត្តហិរ គាត់រើសតែអាហិរមក។ អ៊ីចឹងព័ត៌មានច្រើនកាលណា គាត់រើស បើសិនជាគាត់ស្អប់រដ្ឋាភិបាល ស្អប់ចៅហ្វាយស្រុកហ្នឹង គាត់រើសតែព័ត៌មានណាដែលនិយាយអាក្រក់ពីចៅហ្វាយស្រុកហ្នឹង អា(ចំណុច)ល្អ គាត់បោះចោលហ្មង»។
លោក ខៀវ កាញារីទ្ធ ស្នើឲ្យពលរដ្ឋ ដែលចេះប្រើប្រាស់ស្មាតហ្វូន និងបច្ចេកវិទ្យា តាមទាន់សភាពការណ៍បច្ចុប្បន្ន នាំគ្នាគិត និងវិភាគពីបញ្ហាសង្គម តាមរយៈការតាមដានប្រភពព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុនវាយតម្លៃលើស្ថានការណ៍ជាក់ស្ដែង។
ជាមួយគ្នានេះលោក ខៀវ កាញារីទ្ធ ក៏ស្នើឲ្យអង្គភាព និងរដ្ឋបាលខេត្តនីមួយៗ មានមន្ត្រីអ្នកនាំពាក្យ ដែលមានទំនាក់ទំនងជាមួយអ្នកកាសែត ក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ តាមរយៈការបង្ហាញភស្តុតាង និងតួលេខពិតប្រាកដ ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ទទួលបានព័ត៌មានពិត សម្រាប់ចុះផ្សាយដល់សាធារណជន។ ជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការចុះផ្សាយខុសការពិត ដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់រដ្ឋាភិបាល៕
Tag:
ខៀវ កាញារីទ្ធ
ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com