ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​ហូ​ឡង់ ជ្រើសរើស​ខេត្តមណ្ឌលគិរី ដើម្បី​ជួយ​កសិករ​ផលិត​ស្រូវ​សរីរាង្គ
06, Jun 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គម្រោង​ខ្សែសង្វាក់​ស្រូវ​សរីរាង្គ​ខេត្តមណ្ឌលគិរី នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ឆាប់ៗ​នេះ សម្រាប់​រយៈពេល​៥​ឆ្នាំ​។ គម្រោង​នេះ ត្រូវបាន​គាំទ្រ​ថវិកា​ដោយ​រដ្ឋាភិបាល​ហូ​ឡង់ ដោយ​សហការ​នឹង​ក្រុមហ៊ុន Amru Rice និង​អង្គការ​ដៃគូ​ផ្សេងទៀត​។​


 
​ប្រសាសន៍​លោក សុង សារ៉ន អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​ហូ​ឡង់​សម្រាប់​គម្រោង​ផលិត​ស្រូវ​សរីរាង្គ​នៅ​ខេត្តមណ្ឌលគិរី​៖



 
​បន្ទាប់ពី​មាន​សំណើរ​ពី​ក្រុមហ៊ុន Amru Rice និង​អង្គការ​ដៃគូ​មួយចំនួនទៀត រដ្ឋា​ភិ​បា​ហូ​ឡង់​បានសម្រេច​បញ្ចេញ​ថវិកា​គាំទ្រ​ដល់​គម្រោង​ខ្សែសង្វាក់​ស្រូវ​សរីរាង្គ​ខេត្តមណ្ឌលគិរី​។ លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​លើ​គម្រោង​នេះ​នឹងត្រូវ​ចុះហត្ថលេខា​នាពេល​ឆាប់ៗ​ខាងមុខនេះ ដែលមាន​ទឹកប្រាក់ ៥,៥​លាន​ដុល្លារ​។ លោក សារ៉ន បញ្ជាក់ថា ក្នុង​ទំហំ​ទឹកប្រាក់​នេះ ក្រុមហ៊ុន​លោក​ក៏​នឹងចូលរួម​ក្នុង​ចំណែក​ប្រហែល​ជាង​១​លាន​ដុល្លារ​ផងដែរ​។​


 
​បើតាម​លោក សុង សារ៉ន ថវិកា​នៃ​គម្រោង​នេះ​នឹងត្រូវ​យកទៅអនុវត្ត​សម្រាប់​ការផ្ដល់​បច្ចេក​ទេ កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​ទីផ្សារ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ថវិកា​ទាំងអស់នេះ ទី​១​គឺ​សម្រាប់​បង្កើន​សមត្ថភាព​បច្ចេកទេស​ដាំ​ដុះ​ដល់​កសិករ ទី​២ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឃ្លាំង​ឡស​ម្ងួ​ត​នៅក្នុង​ខេត្ត ដើម្បី​ស្តុក​ស្រូវ​កសិករ​ដែល​លក់​ស្រូវ​សរីរាង្គ​ដល់​ក្រុមហ៊ុន និង​ទី​៣​បង្កើន​ការនាំចេញ​ស្រូវ​សរីរាង្គ​ទៅកាន់​អឺរ៉ុប​»​។​
 
​គម្រោង​ដែល​គាំទ្រ​ដោយ​ប្រទេស​ហូ​ឡង់​នេះ នឹងត្រូវ​អនុវត្ត​នៅ​ស្រុក​កោះ​ញែក​នៃ​ខេត្តមណ្ឌលគិរី ដែល​ត្រូវបាន​ជ្រើសរើស​ជា​ស្រុក​គោលដៅ​។ បើតាម​លោក សុង សារ៉ន ស្រុក​កោះ​ញែក ជា​ស្រុក​មាន​សក្ដានុពល​ជាងគេ​ក្នុង​ខេត្តមណ្ឌលគិរី​សម្រាប់​ផលិត​ស្រូវ​សរីរាង្គ​។  ហេតុអ្វី​បានជា​ភាគី​គម្រោង​សម្រេចចិត្ត​ជ្រើសរើស​ខេត្តមណ្ឌលគិរី​? លោក សុង សារ៉ន ពន្យល់​ដូច្នេះ​ថា​«​ពេល​យើង​ចុះទៅ​ទីនោះ យើង​ឃើញ​ទីនោះ​ដាច់ស្រយាល មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ឃ្លាំង​ស្តុក​ស្រូវ ម៉ាស៊ីនកិនស្រូវ មិនទាន់មាន​ទីផ្សារ និង​តម្លៃ​មួយ​ដែល​ឲ្យ​ពួកគាត់​ប្រកបមុខរបរ​ហើយ​សល់​ប្រាក់ចំណេញ​។ យើង​ឃើញ​ផល​លំបាក​ទាំងអស់នេះ បើ​ធៀប​ទៅ​ខេត្ត​ផ្សេង​គឺ​គេ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ធំៗ មាន​ឃ្លាំង​ច្រើន ទីផ្សារ​ល្អៗ ដូចនេះ​គម្រោង​នេះ​ចង់​ជួយ​ពលរដ្ឋ​ទី​ដាច់ស្រយាល​បែបនេះ​»​។​


 
​លោក សុង សារ៉ន អះអាងថា កសិករ​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​គម្រោង​ខាងលើនេះ​។ «​មិន​ត្រឹមតែ​រឿង​ថវិកា​នោះទេ ប្រទេស​ហូ​ឡង់​ចូលរួម​សំខាន់​ណាស់ គឺ​គេ​គាំទ្រ​ទាំង​បច្ចេកទេស​តាមរយៈ​អង្គការ​ដៃគូ រួមទាំង​ស្វែងរក​ទីផ្សារ​ជូន​កសិករ​។ នេះ​ជា​អ្វីដែល​យើង​ចង់ឃើញ ហើយ​អ្វីដែល​ហុច​ផល​ត្រឡប់មកវិញ​គឺ​បាន​ច្រើនជាង​កញ្ចប់​ថវិកា​នោះ​ទៅទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុង សារ៉ន​។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​យើង​នឹង​អាចបង្កើត​តម្លៃបន្ថែម ក្នុង​មួយឆ្នាំ​៣​ទៅ​៤​លាន​ដុល្លារ​ចេញពី​គម្រោង​នេះ ចាប់ពី​ឆ្នាំ​ទី​ពីរ​ទី​បី​ទៅ បើ​យើង​អាច​ផលិត​តាម​ស្ដង់ដារ​នោះបាន​»​។​

គម្រោងនេះ មានវិសាលភាពអនវត្តជាមួយកសិករចន្លោះពី២ពាន់ ទៅ៣ពាន់គ្រួសារ ដែលនឹងផលិតស្រូវសរីរាង្គប្រមាណ១ម៉ឺនតោនក្នុងមួយឆ្នាំ ពីផ្ទៃដីរង្វង់៣ពាន់ហិកតា។ នេះបើតាមការលោក សុង សារ៉ន ។
 
​ភាគី​គម្រោង​ក៏​នឹងសិក្សា​ដំណាំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​ផងដែរ​ដើម្បី​បញ្ចូល​ក្នុង​គម្រោង​។ លោក សុង សារ៉ន គូសបញ្ជាក់​ដូចនេះ​៖«​ការពិត​យើង​ក៏​ពិចារណា​បញ្ចូល​ប្រភេទ​កសិកម្ម​ផ្សេងទៀត​ដែរ ដូចជា​ផ្លែឈើ ដំណាំ​ម្រេច​ជាដើម​ក្នុង​គម្រោង​របស់​យើង បើ​មានលទ្ធភាព​ស្វែងរក​កសិករ​ដែលមាន​សមត្ថភាព​ផលិត​ឲ្យ​បាន​»៕

Tag:
 ស្រូវ អង្ករ​
  សរីរាង្គ​
  សុង សារ៉ន​
© រក្សាសិទ្ធិដោយ thmeythmey.com