សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យជាលើកទី៣ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីប្រគល់សញ្ញាប័ត្រនេះឡើង គឺដើម្បីជាការអបអរសាទរ ដល់និស្សិតរបស់ខ្លួន ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ លោក សុខ ពុទ្ធិវុធ បន្ថែមថា៖« ការខិតខំប្រឹងប្រែងសិក្សា បូករួមទាំងការតាំងចិត្តដ៏មោះមុត ដែលនិស្សិតរបស់យើងបានចំណាយ ទាំងពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ គឺសុទ្ធតែជាសម្ធិផល ដែលគួរឲ្យកោតសរសើរសម្រាប់ពួកគេ ក្នុងនាមជានិស្សិតមួយរូប»។
ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្ត្រដដែល បានចាត់ទុកកម្មវិធីប្រគល់សញ្ញាបត្រនេះថា ជាការបោះជំហាននទៅមុខមួយជំហានទៀត ឆ្ពោះទៅកាន់ការចាប់ផ្តើម ប្រឡូកនៅក្នុងអាជីពការងារ ដែលសង្គមកំពុងត្រូវការនូវធនធានមនុស្ស ដើម្បីការអភិវឌ្ឍន៍នៅក្នុងប្រទេស។
លោក សុខ ពុទ្ធិវុធ បញ្ជាក់ថា និស្សិតបញ្ចប់ការសិក្សា ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ គឺជាសរសៃឈាមដ៏រឹងមាំ ក្នុងការពង្រឹងគុណភាព ទាំងផ្នែកសុខាភិបាល និងផ្នែកសេវាសាធារណៈផ្សេងៗ ជូនប្រជាជនកម្ពុជាទាំងមូល។
ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអញ្ជើញជាកិត្តិយស នៅក្នុងការចូលរួមកម្មវិធីដ៏មានអត្ថន័យនៅថ្ងៃនេះ។ «យើងទាំងអស់គ្នាសង្ឃឹមថា និស្សិតដែលបានបញ្ចប់ការសិក្សាទាំងមានវត្តមាននៅទីនេះក្តី និងមិនបានចូលរួមក្តី អាចនាំយកសមិទ្ធផលដ៏ជោគជ័យនៅពេលនេះ ជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់យើងទៅថ្ងៃមុខ»។ នេះជាការបន្ថែមរបស់លោក សុខ ពុទ្ធិវុធ។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បង្កើតឡើងតាំងពីឆ្នាំ ២០០៧មក។ រយៈពេល១២ឆ្នាំមកនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានវិវត្តន៍ខ្លួនកាន់តែរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងការពង្រឹងគុណភាពវិស័យអប់រំធនធានមនុស្ស។ ជាក់ស្តែង និស្សិតផ្នែកទន្តសាស្ត្រ ជំនាន់ទី១ ទាំងអស(១០០%) បានប្រឡងជាប់នៅក្នុងការប្រលងចេញថ្នាក់ជាតិ នាឆ្នាំ២០១៨ កន្លងទៅ ខណៈដែលមាននិស្សិតផ្នែកឱសថសាស្ត្រ ចំនួន ៩៩% បានប្រឡងជាប់នៅក្នុងការប្រឡងចេញថ្នាក់ជាតិនេះ។ ទាំងនេះ គឺជាការស្តែងចេញពីការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់និស្សិត បូករួមទាំងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗ ដែលជមរុញឲ្យនិស្សិតមានមោទកភាព នៅក្នុងការបញ្ចប់ការសិក្សាដ៏ជោគជ័យរបស់ពួកគេ ពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផ្ទាល់ផងដែរ។ មិនតែប៉ុណ្ណោះ ប្រធាននាយកនៅតាមស្ថាប័ននានា ក៏បានទទួលស្គាល់ពីគុណភាពអប់រំរបស់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងក្លាយជាធនធានមនុស្សល្អ បុគ្គលិកល្អ និងទទួលបានការងារល្អនៅថ្ងៃខាងមុខ ជាក់ជាមិនខាន។
លោក Ian Findlay សាកលវិទ្យាធិការបានមានប្រសាសន៍នៅក្នុងកម្មវិធីនោះថា៖«នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ យើងតែងតែយកចិត្តទុកដាក់ទៅលើការអប់រំ ការបង្ហាត់បង្រៀន និងលើកទឹកចិត្តឲ្យនិស្សិតរបស់យើង ក្លាយខ្លួនជាអ្នកដឹកនាំមួយរូប នាពេលអនាគត ជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយជាលក្ខណៈអន្តរជាតិ។ ទាំងនេះក៏ជាមូលហេតុ ដែលយើងបានអញ្ជើញបុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ជាជនជាតិបរទេស និងបង្កើតឲ្យមានកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតមកពីក្រៅប្រទេស ដើម្បីផ្លាស់ប្តូរចំណេះដឹង ជាមួយនិស្សិតរបស់យើង»។
សម្រាប់ លោក Ian Findlay នេះគឺជាមោទកភាពមួយ នៅពេលបានឃើញនិស្សិតរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ទទួលបានលទ្ធផលដ៏ប្រសើរ នៅក្នុងការប្រលងចេញថ្នាក់ជាតិ និងបានឈានទៅរកការប្រកបរបរនៅ ក្នុងអាជីពការងារផ្ទាល់។ លោក Ian Findlay បញ្ជាក់«យើងមានការជឿជាក់យ៉ាងមុតមាំ ទៅលើនិស្សិតដែលបានបញ្ចប់ការសិក្សា នៅក្នុងសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នឹងអាចពាំនាំយកនូវចំណេះដឹង និងបទពិសោធន៍ របស់ពួកគេ សម្រាប់ជាប្រយោជន៍នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលជាច្រើនឆ្នាំខាងមុខទៀត។ និស្សិតជាង ១០០០ នាក់ ដែលបានមានវត្តមាន នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រលើកទី ៣ នេះ នឹងទទួលបានការបញ្ចប់ដោយបរិបូរណ៍។ និស្សិតរបស់យើងជាច្រើន ដែលបានធ្វើទស្សនកិច្ចសិក្សា និងបានធ្វើការងារស្ម័គ្រចិត្ត នៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានសុខាភិបាលនៅក្រៅប្រទេស ដែលមានដូចជា ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក»។
កញ្ញា សៀង ធីតា និស្សិតដែលបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ ពុទ្ធិសាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលបានផ្តល់ឱកាសឲ្យរូបនាំង បានទៅធ្វើទស្សនកិច្ចសិក្សា និងបានធ្វើការងារស្ម័គ្រចិត្ត នៅក្រៅប្រទេស។ អតីតនិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្ររូបនេះចាត់ទុកទស្សនកិច្ចនៅក្រៅប្រទេសនោះ គឺជាបទពិសោធន៍ ដែលមិនអាចកាត់ថ្លៃបាន និងជាដើមទុនសម្រាប់នាង ឲ្យអភិវឌ្ឍន៍ សមត្ថភាព និងចំណេះដឹង នៅក្នុងជំនាញរបស់ខ្លួន៕
(អត្ថបទពាណិជ្ជកម្ម)