ជាតិ
សម្ដេច ស ខេង ៖ បើ​ហូប​នំ​បញ្ចុក​និយាយ​ពី​រឿង​បោះឆ្នោត គឺ​«​ត្រឹមត្រូវ​» ប៉ុន្តែ​បើ​ប្រជុំគ្នា​ធ្វើ​ប​ដិ​វត្ត​ពណ៌ គឺ​«​ខុស​»
11, Jun 2019 , 11:28 am        
រូបភាព
​ភ្នំពេញ​៖ ការរៀបចំ​កម្មវិធី​ប​រិ​ភោគ​នំ​បញ្ចុក ដើម្បី​សាមគ្គី និង​ឯកភាព​ជាតិ គឺជា​រឿង​ត្រឹមត្រូវ​។ ប៉ុន្តែ​ការបរិភោគ​នំ​បញ្ចុក ដើម្បី​ប្រជុំ​ប្រមូល​កម្លាំង​ធ្វើ​ប​ដិ​វត្ត ផ្ដួលរំលំ​រដ្ឋាភិបាល​នោះ វា​ជា​រឿង​ខុសច្បាប់​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា ការជួបជុំ​បរិភោគ​នំ​បញ្ចុក ហើយ​និយាយ​ពី​រឿង​នយោបាយ​នោះ គឺ​វា​មិន​ខុសច្បាប់​ទេ ប្រសិនជា​រឿង​នយោបាយ​នោះ ពាក់ព័ន្ធ​ទៅនឹង​ការត្រៀមខ្លួន​ទៅ​បោះឆ្នោត​។ ប៉ុន្តែ​បើសិន​ពលរដ្ឋ​យក​ទីតាំង​ហូប​នំ​បញ្ចុក​ធ្វើជា​កន្លែង​ប្រជុំគ្នា ប្រមូល​កម្លាំង​ធ្វើ​ប​ដិ​វត្ត​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​វិញ នោះ​គឺជា​រឿង​ខុសច្បាប់ ដែល​អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​នៅក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា នៅ​ខេត្ត​ត្បូងឃ្មុំ យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​យើង​(​គណបក្ស​ប្រជាជន​) ហូប​នំ​បញ្ចុក​សាមគ្គី​គ្នា និង​សប្បាយ​ជាមួយគ្នា​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ហូប​នំ​បញ្ចុក​គ្រាន់តែ​យកឈ្មោះ​ថា​ហូប​នំ​បញ្ចុក​ទេ​។ ប៉ុន្តែ​ធាតុពិត​(​ហូប​នំ​បញ្ចុក​)​យកជាការ​ប្រជុំ​។ ប្រជុំ​យើង​ត្រូវ​ចែក​ឲ្យ​ដាច់​ជា​ពីរ​ទៀត បើសិន​ប្រជុំគ្នា​និយាយ​រឿង​នយោបាយ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ក៏​អត់​អី​ដែរ​។ ចង់​និយាយថា បើ​ប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​បោះឆ្នោត​ឆ្នាំ​២០២២ ឆ្នាំ​២០២៣ ក៏​អត់​អី គឺ​វា​ល្អ ព្រោះ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។ ក៏ប៉ុន្តែ​បើ​ការហូប​នំ​បញ្ចុក ប្រជុំ​ដើម្បី​ប្រមូលគ្នា ចាត់តាំង​គ្នា​មក​ធ្វើ​ប​ដិ​វត្ត​ពណ៌​ផ្ដួលរំលំ​រដ្ឋាភិបាល គឺ​ខុស​។ សូម​ចែក​ឲ្យ​ដាច់​ពី​បញ្ហា​ហ្នឹង​»​។​
 
​ប្រមុខ​ក្រសួងមហាផ្ទៃ ដែល​បានទទួល​ព័ត៌មាន​ជុំវិញ​ភាពចម្រូងចម្រាស​នៃ​ការបរិភោគ​នំ​បញ្ចុក បាន​និយាយ​ដោយ​ប្រយោល ក្នុងន័យ​បែបនេះ​ថា ពលរដ្ឋ​មួយចំនួន ដែលមាន​និន្នាការ​ប្រឆាំង​យក​ការ​«​បរិភោគ​នំ​បញ្ចុក​» ធ្វើជា​លេស​ដើម្បី​ប្រមូល​ផ្ដុំគ្នា រៀបចំ​ផែនការ​ធ្វើ​ចលនា​បំបះបំបោរ​ផ្ទៃក្នុង​ជាតិ​។  
 
«​នំ​បញ្ចុក​ចាំបាច់​អី​ទៅ​ហូប​រួមគ្នា យើង​អាច​ហូប​តែ​ម្នាក់​យើង​ក៏បាន​ដែរ​តើ​? ប៉ុន្តែ​រឿង​អ្វី យក​រូបភាព​នំ​បញ្ចុក មក​ធ្វើ​គ្រាន់តែ​ជា​រូបភាព​ក្រោម​ផ្លាក​នំ​បញ្ចុក ឬក៏​ជួន​អី​គ្មាន​ហូប​នំ​បញ្ចុក​ផង វា​គ្រាន់តែ​ថា​បែបនេះ​ទៅ ប៉ុន្តែ​មិន​ហូប​នំ​បញ្ចុក​ផង (​អ្នកខ្លះ​)​ទៅ​ហូបបាយ ហូប​បបរ ហូប​គុយទាវ ក៏​ថា​ហូប​នំ​បញ្ចុក​ដែរ​។ ប៉ុន្តែ​ធាតុពិត​កន្លែង​មួយចំនួន​នោះ រៀបចំ​ផែនការ​ប្រមូល​កម្លាំង ទៅ​ទទួល​មេដឹកនាំ​គេ មក​បំបះបំបោរ​ធ្វើ​ចលនា​ប​ដិ​វត្ត​ពណ៌​។ ត្រង់នោះ គឺជា​បញ្ហា​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​។ មិនមែន​មានន័យថា យើង​មិន​ឲ្យ​គាត់​ធ្វើ​នយោបាយ​ទេ​…»​។នេះ​ជាការ​អះអាង​របស់​សម្ដេច ស ខេង ដែល​បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ​ដែលមាន​និន្នាការ​នយោបាយ មិនអាច​យក​ការជួប​ជុំគ្នា​ក្រោមរូបភាព​បរិភោគ​នំ​បញ្ចុក ដើម្បី​រៀបចំ​ផែនការ​ប្រឆាំង​រដ្ឋាភិបាល និង​បំផ្លាញ​សន្តិសុខ​ជាតិ​បានឡើយ​។​
 
 
​កាលពី​ថ្ងៃទី​៩ មិថុនា ពលរដ្ឋ​កម្ពុជា​មួយចំនួន បានរៀបចំ​កម្មវិធី​ប​រិ​ភោគ​នំ​បញ្ចុក​ជា​លក្ខណៈ​គ្រួសារ និង​ក្រុម​កា​ងារ​ជាដើម នៅតាម​មូលដ្ឋាន ភូមិ​ស្រុក​នានា ស្របតាម​ការអំពាវនាវ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការរៀបចំ​កម្មវិធី​ជួបជុំ​បរិភោគ​នំ​បញ្ចុក​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល អះអាងថា ជាការ​បង្ហាញ​ពី​សាមគ្គីភាព និង​ឯកភាព​ជាតិ​។ ក្រៅ​សមាជិក​គណបក្សកាន់អំណាច ក៏មាន​ខាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​កម្មវិធី​ប​រិ​ភោគ​នំ​បញ្ចុក​នេះ ទាំង​ក្នុង និង​ក្រៅប្រទេស​ដែរ​។ ក្រុមគាំទ្រ​គណបក្សប្រឆាំង ក៏​ហៅ​ការហូប​នំ​បញ្ចុក​របស់​ពួកគេ​នេះ គឺជា​ការ​សាមគ្គី​ជាតិ​។​
 
​ដ្បិត​គណបក្សកាន់អំណាច និង​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា សុទ្ធតែ​អះអាងថា ការបរិភោគ​នំ​បញ្ចុក​នេះ ជាការ​សាមគ្គី​ជាតិ​ក្តី ប៉ុន្តែ​វា​ក៏​មិនមែនជា​សញ្ញា​នៃ​ការផ្សះផ្សារ​នយោបាយ​ឡើយ​។ ត្រង់ចំណុច​នេះ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា ការហូប​នំ​បញ្ចុក​នេះ មិនមែន​ដើម្បី​ឈានទៅដល់​ការចរចា​រវាង​គណបក្ស​កាន់អំណាច​និង​អតីត​គណបក្សប្រឆាំង​ឡើយ​៕
 
 

Tag:
 ស ខេង​
  នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com