ជាតិ
សង្គមជាតិ
៦០សហគមន៍ ផ្គត់ផ្គង់ជីវភាព ដោយសារទឹកឃ្មុំ ផ្តៅ ឫស្សី ជ័រទឹក និង ទ្រាំង រូបភាព សកម្មភាពរបស់ពលរដ្ឋនៅតាមសហគមន៍ដែលកំពុងតែដើររកទឹកឃ្មុំក្នុងព្រៃ និងការធ្វើសម្ភារពីផ្តៅ និងឫសី្ស
× ភ្នំពេញ៖ អ្នកជនបទដែលស្ថិតនៅក្នុងសហគមន៍ទាំង៦០ ក្នុងខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី កោះកុង និងសៀមរាប គឺពឹងផ្អែកលើអនុផលព្រៃឈើ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ៦៨ភាគរយ គឺសុទ្ធតែជាជនជាតិដើមភាគតិច ដែលប្រកបមុខរបររកទឹកឃ្មុំ កែច្នៃសម្ភារធ្វើពីផ្តៅ ឫស្សី និងទ្រាំង ក្រៅពីការប្រមូលផលដំណាំមើម ផ្លែឈើ និងបន្លែដែលជាមុខរបរគោលរបស់ពួកគេ។
ក្នុងវេទិកាថ្នាក់ជាតិលើកទី២ស្តីពីអនុផលព្រៃឈើ កាលពីថ្ងៃទី១០ ខែមិថុនា លោក ឯ វុឌ្ឍី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បាននិយាយថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទាំង៦០នោះ ពិតជារួមចំណែកការពារព្រៃឈើនៅកម្ពុជា និងបង្កើនការងារដូចជាការប្រមូល និងការកែច្នៃអនុផលព្រៃឈើដោយប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពដល់សហគ្រាសជនបទខ្នាតតូច និងខ្នាតមធ្យម ដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍជនបទ។ លោក ឯ វឌ្ឍី បញ្ជាក់ថា ឆ្នាំ២០១៧ ចំណូលរបស់សហគមន៍ដែលទទួលបានមកពីផលិតផលទាំងនោះមានប្រមាណជិត៨ម៉ឺនដុល្លារ និងឆ្នាំ២០១៨ ថយចុះមកត្រឹមជិត៧ម៉ឺនដុល្លារ។
រូបភាព ទឹកឃ្មុំព្រៃ ដែលសហគមន៍ប្រមូលបាន ដើម្បីមកតាំងលក់នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីអនុផលព្រៃឈើ
មន្ត្រីក្រសួងបរិស្ថានរូបនេះ និយាយដូច្នេះថា៖«ចង្វាក់ផលិតកម្មដែលពលរដ្ឋទទួលបានពីអនុផលព្រៃឈើទាំងនោះ មិនទាន់អាចពង្រីកទីផ្សារទៅកាន់ក្រៅប្រទេសបាននៅឡើយទេ គឺបានតែនៅក្នុងស្រុកតែប៉ុណ្ណោះ។ ហេតុដូចនេះ យើងត្រូវការដៃគូសហការបន្ថែមទៀត និងបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រលើការនាំចេញផលិតផលទាំងនោះទៅក្រៅប្រទេស ដើម្បីបង្កើនចំណូលដល់ពលរដ្ឋនៅជនបទ»។
លោកបន្ថែមថា វេទិកាថ្នាក់ជាតិលើកទី២ដែលអនុវត្តចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ ជាកិច្ចការងារមួយក្នុងការលើកស្ទួយវិស័យអនុផលព្រៃឈើនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ដែលសហគ្រាសសង្គមទាំងនោះ គ្របដណ្តប់ផ្ទៃដីសរុបជាង៣៧លានហិកតា សម្រាប់គ្រប់គ្រងដល់សហគមន៍ព្រៃឈើ និងសហគមន៍ជលផល។
រូបភាព ពលរដ្ឋនៅតាមសហគមន៍ដែលកំពុងផលិតសម្ភារធ្វើពី ផ្តៅ ឫស្សី ឬទ្រាំង
លោកស្រី Diane Caroen ប្រធានក្រុមការងារគម្រោង LISDI របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បាននិយាយថា ដើម្បីឲ្យការងារគ្រប់គ្រងព្រៃឈើតាមសហគមន៍ក្នុងប្រទេសកម្ពុជាទទួលបានជោគជ័យ គឺសហគមន៍ត្រូវតែមានសិទ្ធិគ្រប់គ្រងដីធ្លី និងដីព្រៃ និងទទួលបានការពារពីច្បាប់ ហើយត្រូវធានា និងពង្រឹងការអនុវត្តដោយអាជ្ញាធរ រដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ក្រោមការគាំទ្រពីអង្គការអន្តរជាតិ អង្គការក្នុងស្រុក និងទីភ្នាក់ងារជំនួយការអភិវឌ្ឍនានា។
រូបភាព សម្ភារដែលធ្វើពីផ្តៅ
បើតាមលោកស្រី Diane Caroen សហគមន៍ដែលពឹងផ្អែកលើផលិតផលអនុផលព្រៃឈើ គឺត្រូវតែធានាបានជាផ្លៃផ្កាជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលដែលមានជំនាញឯកទេស ហើយយើងព្យាយាមពង្រឹងសមាគមធុរកិច្ចរបស់សហគមន៍តំបន់ការពារព្រៃឈើ ក៏ដូចជាសមាគមស្វែងរកទីផ្សារជាអ្នកម៉ៅការបន្ត ក្នុងការកសាងទំនាក់ទំនងរវាងសហគមន៍ជាមួយសហគ្រាសខ្នាតតូច និងមធ្យម។ កិច្ចការទាំងអស់នេះជោគជ័យទៅបានក៏ត្រូវមានការសហការរវាងអង្គការ WWF អង្គការ WCS រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថាន ដើម្បីបន្តអនុវត្តពង្រឹងសកម្មភាពកិច្ចការពារព្រៃឈើតាមរយៈការប្រមូលផលព្រៃឈើរបស់សហគមន៍ទាំង៦០។
សូមបញ្ជាក់ថា វេទិកាថ្នាក់ជាតិលើកទី២ ស្តីពីអនុផលព្រៃឈើ គឺជាឱកាសជួបជុំមួយរវាងក្រុមហ៊ុន សហគ្រាស តំណាងដៃគូអភិវឌ្ឍ និងសហគមន៍អាជីវកម្ម លើកឡើងនូវកិច្ចការការពារ និងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដែនគោកជានិរន្តភាព គ្រប់គ្រងព្រៃឈើ ដើម្បីទប់ស្កាត់ការកែប្រែដីទៅជាទីវាលរហោឋាន បញ្ឈប់ និងប្រឆាំងការជួញដូរព្រៃឈើនៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com