អន្តរជាតិ
ឥណ្ឌា​បញ្ចេញ​យានអវកាស «​ចន្ទ្រ​យាន​ទី​២»​សម្រាប់​បេសកកម្ម​ទៅកាន់​ភព​ព្រះ​ចន្ទ​
22, Jun 2019 , 4:59 pm        
រូបភាព
ដោយ​៖ យ៉​ន សុខន​

​ភ្នាក់ងារ​អវកាស​របស់​ឥណ្ឌា​បានបង្ហាញ​យានអវកាស​របស់ខ្លួន​ដែល​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ខែ​ក្រោយនេះ នៅក្នុង​ក្តី​រំពឹងថា វា​នឹង​ចុះចត​នៅលើ​ភព​ព្រះ​ចន្ទ​នៅ​ដើមខែ​កញ្ញា​ផងដែរ​។

 
​បើ​ទទួលបាន​ជោគជ័យ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី​បួន​នៅលើ​ពិភពលោក​ដែលមាន​យានអវកាស​ចុះចត  នៅលើ​ផ្ទៃ​ព្រះ​ចន្ទ បន្ទាប់ពី​សហរដ្ឋអាមេរិក អតីត​សហភាពសូវៀត និង​ចិន​។ 
 
​បើតាម​សារព័ត៌មាន BBC «​ចន្ទ្រ​យាន​ទី​២» នឹង​ក្លាយជា​យាន​បេសកកម្ម​ទី​ពីរ​របស់​ឥណ្ឌា ខណៈដែល​យាន​បេសកកម្ម​ទីមួយ​មាន​ឈ្មោះថា ចន្ទ្រ​យាន​ទី​១ បានដាក់​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ​២០០៨​ម្ល៉​៉េះ​។​
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា យានអវកាស​ទីមួយ​របស់​ឥណ្ឌា​គឺជា​ផ្កាយរណប​សម្រាប់​ហោះ​ក្រវែល ហើយ​មិនដែល​បានធ្វើការ​ចុះចត​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ម្តងណា​ឡើយ​។​
​ចំណែកឯ​យានអវកាស​ទី​ពីរ​នេះ​វិញ មាន​ផ្ទុក​ទាំង​យាន​សម្រាប់​រុករក​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ ផ្កាយរណប​សម្រាប់​ហោះ​ក្រវែល និង​យាន​ចំណត​សម្រាប់​ចុះចត​នៅលើ​ភព​ព្រះ​ចន្ទ​។ បេសកកម្ម​លើក​ទី​ពីរ​នេះ​នឹង​ផ្តោត​ជា​ចម្បង​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដើម្បី​វិភាគ​ទិន្នន័យ​ដែល​ទទួលបាន​ទាក់ទង​នឹង​រ៉ែ សិលា និង​ប្រភពទឹក​។ 
 
​ប្រសិនបើ​ទទួលបាន​ជោគជ័យ​ដូច​ការគ្រោងទុក យាន​ចំណត និង​យាន​រុករក នឹង​ចុះចត​ហើយ​ធ្វើ​ប្រតិបត្តិការ​នៅលើ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​នៅ​ខែកញ្ញា​។ បន្ថែម​ពីនេះ វា​នឹង​ក្លាយជា​យានអវកាស​ទីមួយ​ដែល​បាន​ចុះចត​ដំបូង​នៅ​តំបន់​ប៉ូល​ខាងត្បូង​នោះ​។ ​យាន​រុករក ត្រូវបាន​គេ​សង្ឃឹមថានឹង​ដំណើរការ​រយៈពេល​១៤​ថ្ងៃ​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​។​
 
​ប្រធាន​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា លោក​ស៊ី​វ៉ាន បាន​ថ្លែងប្រាប់​កាសែត Times of India ថា យាន​រុករក​នឹង​វិភាគ​ពី​ផ្ទៃ​នៃ​ព្រះ​ចន្ទ​ហើយ​ផ្ញើ​ទិន្នន័យ​ក៏ដូចជា​រូបភាព​ត្រឡប់មក​ភពផែនដី​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com