អន្តរជាតិ
ស្កុ​តឡែ​ន​ដាំ​ដើមឈើ ២២​លាន​ដើម​កាលពី​ឆ្នាំមុន​ដើម្បី​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ​
22, Jun 2019 , 8:59 pm        
រូបភាព
រូបភាព៖ Unilad
រូបភាព៖ Unilad
​ដោយ​៖ យ៉​ន សុខន​

​រដ្ឋបាល​ព្រៃឈើ​របស់​ស្កុ​តឡែ​ន​បាន​បង្ហាញថា ខ្លួន​បានសម្រេច​ជោគជ័យ​លើសពី​ផែនការ​កំណត់ទុកក្នុង​ការដាំ​ដើមឈើ​នៅ​ឆ្នាំ​២០១៨ ហើយ​យុទ្ធនាការ​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​សកល​។​
 
​សារព័ត៌មាន The Scotsman បាន​ផ្សាយ​ថា ដើមឈើ​ជាង​២២​លាន​រាប់លាន​ដើម​ត្រូវបាន​ដាំ​នៅលើ​ផ្ទៃដី​១១,២០០ ហិច​តា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ដែល​តួលេខ​នេះ​លើសពី​ផែនការ​របស់​រដ្ឋាភិបាល​ដែល​កំណត់​ត្រឹមតែ​១០,០០០ ហិកតា​ប៉ុណ្ណោះ ។ 
 
​តាមរយៈ​សុន្ទរកថា​មួយ លោក Fergus Ewing ដែលជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ជនបទ​របស់​ស្កុ​តឡែ​ន បានចាត់ទុក​ព័ត៌មាន​នេះ​ជា​ដំណឹង​ដ៏​ល្អ​ប្រពៃ​។ លោក​បាន​បន្តថា សមិទ្ធផល​នេះ​គឺជា​ទឡ្ហីករណ៍​ដ៏​រឹងមាំ​ដែល​សបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​អាទិភាព​ដល់​វិស័យ​ព្រៃឈើ និង​ការវិនិយោគ​។​
 
​នៅក្នុង​សុន្ទរកថា​ដដែល មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​និយាយ​អំពី​ស្ថានភាព​ស្ថិតនៅក្នុង​ហានិភ័យ​នៃ​បរិស្ថាន​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​សកលលោក​។ 
 
​ក្នុងនោះ​លោក​បាន​លើកឡើងថា​គ្រាន់តែ​ព្រៃឈើ​នៅ​ស្កុ​តឡែ​ន​មួយ មាន​សមត្ថភាព​ក្នុងការ​ស្រូបយក​បរិមាណ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ដែល​បញ្ចេញ​ចោល​ទៅក្នុង​បរិយាកាស​ប្រមាណ​៩,៥​លាន​តោន​ជា​រៀងរាល់ឆ្នាំ ។ នេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ ដែល​ជំរុញ​ឱ្យ​មនុស្សជាតិ​បង្កើន​ការដាំ​ដើមឈើ​ឡើងវិញ ក្នុង​គោលបំណង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​សកល​។​
 
​គួរបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​ស្កុ​តឡែ​ន​មាន​គម្រោង​ពង្រីក​ទំហំ​នៃ​ការដាំ​ដើមឈើ​ឡើងវិញ ដោយ​បង្កើន​ផ្ទៃដី​កំណត់​រហូតដល់​ទៅ​១៥,000​ហិកតា​ក្នុង​មួយឆ្នាំ នៅក្នុង​ផែនការ​ជាតិ​ក្រោយ​ឆ្នាំ​២០២៤ ក្នុង​គោលបំណង​លើកស្ទួយ​ការការពារ​បរិស្ថាន​៕
 
​ប្រភព thehill.com
 

© រក្សាសិទ្ធិដោយ thmeythmey.com