World Cup នារី​៖ ស៊ុយអែត​ទម្លាក់​អាល្លឺម៉ង់ ដើម្បី​ទៅ​ជួប​ហូ​ឡង់​ដែល​ឈ្នះ​អ៊ីតាលី​នៅ​វគ្គ​១/២
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ ស៊ុយអែត​ទម្លាក់​អាល្លឺម៉ង់ ដើម្បី​ទៅ​ជួប​ហូ​ឡង់​ដែល​ឈ្នះ​អ៊ីតាលី​នៅ​វគ្គ​១/២
30, Jun 2019 , 2:20 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស៊ុយអែត​នារី​បាន​វាយបក​យកឈ្នះ​អាល្លឺម៉ង់​ក្នុង​លទ្ធផល ២-១ ដើម្បី​ឈានទៅ​កាន់​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ ដោយ​ត្រូ​ជួប​ហូ​ឡង់​ដែល​ទម្លាក់​អ៊ីតាលី​ដោយ​លទ្ធផល ២-០​។​


អត្ថបទទាក់ទង
 
​នា​ការប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃទី​២៩ ខែមិថុនា អាល្លឺម៉ង់​បាន​បើក​ការ​នាំមុខ​មួយ​គ្រាប់​មុន​ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ Lina Magull នៅ​នាទី​១៦ មុនពេល​ខ្សែប្រយុទ្ធ Sofia Jakobsson ស៊ុត​គ្រាប់​តាម​ស្មើ​ឲ្យ​ស៊ុត​អែ​ត​វិញ​នៅ​៦​នាទី​បន្ទាប់​។ លទ្ធផល ១-១ បាន​បន្ត​រហូតដល់​ចប់​តង់​ទី​១​តែម្តង​។​
 
​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​៣​នាទី ខ្សែប្រយុទ្ធ Stina Blackstenius បាន​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ស៊ុយអែត​យកឈ្នះ​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​ដើម្បី​បន្តទៅ​កាន់​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ដែល​បារាំង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៩​នេះ​។​
 
​ចំណែក​មួយគូ​ទៀត​ដែល​លេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះដែរ ក្រុម​នារី​ហូ​ឡង់​បាន​យកឈ្នះ​អ៊ីតា​លី​ដោយ​លទ្ធផល ២-០ តែម្តង ដែល​២​គ្រាប់​នេះ​ធ្វើបាន​ដោយ​កីឡាការិនី Vivianne Miedema និង Stefanie Van der Gragt​។​
 
​ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​ក្រុម​រហស្សនាម​ទឹកក្រូច​បន្ត​ជួបគ្នា​ជាមួយ​ស៊ុយអែត​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​។ អង់គ្លេស និង​អាមេរិក​ក៏ត្រូវ​ជួបគ្នា​នៅ​វគ្គ​នេះ​ដូចគ្នា ដើម្បី​រក​ពីរ​ក្រុម​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​លើសពីនេះ​ទៀត ក្រុម​ទាំង​៤​ខាងលើ​រួមមាន​អាមេរិក ហូ​ឡង់ ស៊ុយអែត និង​អង់គ្លេស ដែល​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ក៏​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ទៅលេង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្នាំ​២០២០​ផងដែរ​។ អង់គ្លេស នឹងត្រូវ​តំណាង​ឲ្យ​ចក្រភព​អង់គ្លេស​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com