អន្តរជាតិ
វៀតណាម ព្រម​ទទួលយក​អនុសាសន៍​២៤១​ចំណុច​របស់​ក្រុម​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
08, Jul 2019 , 9:59 pm        
រូបភាព
រូបភាព VNA
រូបភាព VNA
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ទទួលយក​អនុសាសន៍ ២៤១​ចំណុច​ផ្តល់​ដោយ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ធានា​ពី​ភាពល្អប្រសើរ​នៃ​សិទ្ធិមនុស្ស​របស់​ប្រទេស ខណៈ​បដិសេធ​អនុសាសន៍​មួយចំនួន ដែលជា​បញ្ហារ​ស៊ើប ដោយ​អះអាងថា បញ្ហា​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​គ្រឹះ​ដើម្បី​ធានា​ពី​សុវត្ថិភាព​ប្រទេស​។


 
​នាឱកាស​នៃ​ការពិនិត្យ​ឡើងវិញ​លើ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រទេស​ក្នុងដំណាក់កាល​ទី​៣​នៅ​ក្រុង​ហ្សឺ​ណែវ ថ្ងៃទី​៤ ខែកក្កដា អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Lê Hoài Trung បាន​ឲ្យ​ដឹងថា វៀតណាម​ព្រម​ទទួលយក​អនុសាសន៍ ២៤១ ចំណុច នៃ​អនុសាសន៍​សរុប​២៩១ ដែល​ស្មើនឹង​៨៣​ភាគរយ របស់​សមាជិក​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News​។​
 
​លោក​អនុរដ្ឋមន្ត្រី បាន​អះអាងថា អនុសាសន៍​ដែល​វៀតណាម​ព្រម​ទទួល​នោះ គ្របដណ្តប់​លើ​បញ្ហា​ពាក់ព័ន្ធ​ការការពារ​សិទ្ធិមនុស្ស ដូចជា​តាម​ប្រព័ន្ធ​ច្បាប់​, ការការពារ​សិទ្ធិ​ស៊ីវិល​, សិទ្ធិ​នយោបាយ​, សិទ្ធិ​សង្គម​-​សេដ្ឋកិច្ច និង​សិទ្ធិ​វប្បធម៌​, សិទ្ធិ​អន្តោប្រវេសន៍​, បម្រែបម្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាពជា​ដើម​។  នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។​
​ជាមួយនឹង​ការលើកឡើង​ខាងលើ មន្ត្រីការទូត​ជាន់ខ្ពស់​វៀតណាម​រូបនេះ  ក៏បាន​បញ្ជាក់​ពី​មូល​ហេតុដែល​វៀតណាម មិន​ព្រម​ទទួលយក​អនុសាសន៍​ទាំងអស់​របស់​អង្គការសហប្រជាជាតិ ដោយ​លោក គូសបញ្ជាក់ថា អនុសាសន៍​ទាំងនោះ មិន​ស័ក្តិសម​នឹង​គោលនយោបាយ ច្បាប់ និង​លក្ខខណ្ឌ​របស់​វៀតណាម​។​
 
​បើតាម​គេហទំព័រ​របស់​សហព័ទ្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស អនុសាសន៍​ដែល​វៀតណាម​មិន​ព្រម​ទទួល​នោះ រាប់បញ្ចូល​ទាំង​ការធានា​ឲ្យ​បាន​សិទ្ធិ​បញ្ចេញមតិ​, សិទ្ធិ​ជំនឿ និង​សាសនា និង​ជាពិសេស​នោះ​លុបចោល​ការកាត់ទោស​ប្រហារ​ជាតិ និង​ការ​បង្ខាំង និង​ការធ្វើ​ទារុណកម្ម​ជាដើម​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការព្រម​ទទួលយក​អនុសាសន៍​ស្តីពី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀតណាម ធ្វើឡើង​ស្របពេល រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ កំពុងតែ​ធ្វើ​សមាហរណកម្ម​ខ្លួន​ទៅកាន់​អន្តរជាតិ ជាពិសេស​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ដើម្បី​ជា​ផ្នែក​មួយ​បង្ហាញ​ពី​ភាពល្អប្រសើរ​របស់​វៀត​ណា​ម​ទៅកាន់​ដៃគូ​ផ្សេងៗ​៕ 
 

Tag:
 វៀតណាម​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com